(កំពង់ធំ)៖ នាវេលាព្រឹក ថ្ងៃអាទិត្យទី០៨ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានសង្កាត់ដំរីជាន់ខ្លា បានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាសង្កាត់ដំរីជាន់ខ្លា» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អេង ទូច សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុម
ការងារគណបក្សចុះមូលដ្ឋានក្រុងស្ទឹងសែន ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ បប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ដំរីជាន់ខ្លា និងមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិកាក្រុមការងារចុះមូលដ្ឋានក្រុងស្ទឹងសែននិងសង្កាត់ដំរីជាន់ខ្លា សរុបប្រមាណ ៦០០នាក់។
ថ្លែងក្នុងពិធីនោះ លោក ហេង សុចិន្ដា ប្រធានគណៈកម្មាធិការគណបក្សសង្កាត់ដំរីជាន់ខ្លា បានរាយការណ៍ជូនដល់អង្គពិធី អំពីភូមិសាស្ដ្រ ប្រជាសាស្ដ្រ សមាជិកគណបក្ស និងសមិទ្ធផលនានាដែលក្រុមការងារចុះមូលដ្ឋានសង្កាត់ដំរីជាន់ខ្លា សម្រេចបាននាពេលកន្លងមក និងបានប្ដេជ្ញាចិត្តជាមួយក្រុមការងារថ្នាក់កណ្ដាល ក្នុងបុព្វហេតុគណបក្សដើម្បីសម្រេចជោគជ័យក្នុងការបោះឆ្នោតនាពេលអនាគត។
ឆ្លៀតនៅក្នុងឱកាសនេះឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ដំរីជាន់ខ្លា បានរាយការណ៍អំពីដំណើរការសាងសង់ទីស្នាក់ការគណបក្សសង្កាត់ ការងារចូលរួមអភិវឌ្ឍ និងពង្រឹងចលនាគណបក្សនៅមូលដ្ឋាន។ សមិទ្ធផលដ៏ថ្លៃថ្លានេះ កើតចេញពីកម្លាំងសាមគ្គីរួបរួមគ្នា ទាំងកម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី និងការចូលរួមចំណែកជាថវិកា របស់ឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក សមាជិកានៃក្រុមការងារចុះមូលដ្ឋានសង្កាត់របស់យើងទាំងអស់គ្នា ទាំងអ្នកចុះមកជួយពីថ្នាក់កណ្តាល និងមូលដ្ឋានខេត្ត ក្រុង សង្កាត់និងភូមិ ដែលទីបំផុតគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាសង្កាត់ដំរីជាន់ខ្លា មានផ្ទះនិងអាសយដ្ឋានពិតប្រាកដ ក្នុងការបំពេញការងាររបស់ខ្លួន។ 
ក្នុងនោះឯកឧត្តមក៏បានថ្លែងអំណរគុណដ៏ស្មោះអស់ពីដួងចិត្តចំពោះ ឯកឧត្តម វង្សី វិស្សុត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ ឯកឧត្តម អេង ទូច ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងស្ទឹងសែន និងឯកឧត្តម នួន ផារ័ត្ន ប្រធានគណបក្សខេត្តនិងជាអភិបាលខេត្ត ដែលបានផ្តល់ការគាំទ្រយ៉ាងមោះមុតសម្រាប់ដំណើរការសាងសង់ទីស្នាក់ការបក្សសង្កាត់នេះ។
បន្ទាប់មកក្នុងនាមឯកឧត្តមប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ ឯកឧត្តម អេង ទូច បានផ្ដាំផ្ញើការសាកសួរសុខទុក្ខនិងការគោរពស្រឡាញ់រាប់អានជូនចំពោះសមាជិក សមាជិកាគណបក្សសង្កាត់ដំរីជាន់ខ្លា និងបានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារគណបក្សចុះជួយសង្កាត់ដំរីជាន់ខ្លា ដែលបានបំពេញការងារក្នុងការកសាង និងពង្រឹងកម្លាំងគណបក្សប្រជាជនកម្ពុជានៅក្នុងមូលដ្ឋាន ព្រមទាំងសម្ដែងការអបអរសាទរចំពោះសមិទ្ធផលសាងសង់ទីស្នាក់ការគណបក្សសង្កាត់ដែលសម្រេចបាននាថ្ងៃនេះ។ ជាងនេះទៀត ឯកឧត្តម អេង ទូច ក៏បានចូលរួមប្ដេជ្ញាចិត្តគាំទ្រក្នុងការយកជ័យជំនះទាំងស្រុងក្នុងការបោះឆ្នោតឃុំ-សង្កាត់ នៅឆ្នាំ២០២៧ ដើម្បីឈានទៅរកការអភិវឌ្ឍនិងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅមូលដ្ឋាន៕






































