អភិបាលខេត្តកំពង់ចាម៖ ការធ្វើតេស្តរកសារធាតុញៀនលើមន្ត្រីរាជការ ជាការបញ្ជាក់ភាពស្អាតស្អំ របស់មន្ត្រី ជាគំរូល្អដល់ពលរដ្ឋ និងជាការចូលរួមជាមួយរាជរដ្ឋាភិបាល

0

កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានចាត់ទុកថា ការធ្វើតេស្តរកសារធាតុញៀនលើមន្ត្រីរាជការ ជាការសបញ្ជាក់ពីភាពស្អាតស្អំរបស់មន្ត្រី ហើយក៏ ជាការធ្វើគំរូល្អដល់ប្រជាពលរដ្ឋ និងជាការចូលរួមជាមួយរាជរដ្ឋាភិបាល ក៏ដូចជាការគាំទ្រក្នុង ការអនុវត្តយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ ឱ្យមានប្រសិទ្ធភាព និងទទួលបានជោគជ័យ ផងដែរ។ ថ្លែងបែបនេះក្នុងឱកាសបើកយុទ្ធនាការលកទី២ ក្នុងការធ្វើតេស្តរកសារធាតុញៀនលើ មន្ត្រីរាជការ នៃសាលាខេត្តកំពង់ចាម និងមន្ទីរអង្គភាពពាក់ព័ន្ធ នាព្រឹក ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ ។

ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម មានប្រសាសន៍ថា ថ្ងៃនេះ រដ្ឋបាលខេត្ត បានបេីកយុទ្ធនាការធ្វើតេស្តរកសារធាតុញៀនដល់ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ដើម្បីចូលរួមចំណែកធានាប្រសិទ្ធភាព នៃការអនុវត្តយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ ដែលជាអាទិភាពនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាការលើកកម្ពស់ជំនឿទុកចិត្ត ប្រសិទ្ធភាព ការងារ និងអភិបាលកិច្ចល្អ នៅក្នុងស្ថាប័ន មន្ទីរ អង្គភាពជុំវិញខេត្ត ។

ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បានបញ្ជាក់ថា យុទ្ធនាការធ្វើតេស្តរកសារធាតុញៀន ក្នុង ក្របខណ្ឌមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា ប្រចាំឆ្នាំ២០២៦នេះ ក៏មិនខុសពីការធ្វើតេស្តរកសារធាតុ ញៀនឆ្នាំមុនៗដែរ ពោលគឺនៅឆ្នាំ២០២៤ រដ្ឋបាលខេត្តកំពង់ចាមបានធ្វើតេស្តរកសារធាតុញៀន ទៅលើមន្ត្រីរាជការនៃសាលាខេត្ត និងមន្ទីរអង្គភាពជុំវិញខេត្តប្រមាណជិត ២,០០០នាក់ ជំហាន បន្ទាប់ឈានទៅដល់ការធ្វើតេស្តលើ ថ្នាក់ដឹកនាំ និងមន្ត្រីនៃរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងសមាជិកភូមិផងដែរ ៕