តំណាងលោកឧត្តមសេនីយ៍ទោ ហេង សុផល បានដឹកនាំកងកម្លាំង នាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ឧបត្ថម្ភដល់មន្ត្រីនគរបាល ដែលសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន

0

(កំពង់ធំ)÷ ដោយមានការយកចិត្តទុកពីឯកឧត្ដមនាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ បានចាត់លោកវរសេនីយ៍ឯក ព្រំ ចាន់ថុល នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដឹកនាំកងកម្លាំងចុះសាកសួរសុខទុក្ខមន្ត្រីនគរបាល ដែលសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ស្ថិតក្នុងភូមិ បល្ល័ង្គ សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នាថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ ២០២៦។

លោកអនុសេនីយ៍ឯក អ៉ី សុធារ៉ា មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដែលជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ ក្នុងអំឡុងពេលបំពេញ បេសកកម្ម ។

ថ្លែងក្នុងពិធីនោះ លោកវរសេនីយ៍ឯក ព្រំ ចាន់ថុល បានពាំនាំនូវប្រសាសន៍ ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត ជូនចំពោះលោក អ៉ី សុធារ៉ា និងក្រុមគ្រួសារ ជារៀងដ៏រាប ថ្នាក់ដឹកនាំតែងតែគិតគូរអំពីសុខទុក្ខ សុខុមាលភាព ការអនុវត្តតួនាទី/ភារកិច្ច របស់បងប្អូនកងកម្លាំងយើងទូទាំងខេត្ត ។

លោកវរសេនីយ៍ឯកនាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានថ្លែងចូលរួមរំលែកនូវការលំបាក និងចូលរួមសោកស្ដាយចំពោះហេតុការណ៍ដែលកើតមានឡើង លើរូបលោក អ៉ី សុធារ៉ា នាពេលកន្លងមក និងជូនពរសូមឱ្យលោកឆាប់ជាសះស្បើយ ពីជំងឺ ដើម្បីបន្តចូលរួមបំពេញបេសកកម្ម តួនាទី/ភារកិច្ច ដែលថ្នាក់ដឹកនាំប្រគល់ជូន សំដៅថែរក្សាបាន អាយុជីវិត មនុស្ស សត្វ ទ្រព្យសម្បត្តិ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ឱ្យមានកម្រិតទាប ។

លោកវរសេនីយ៍ឯកបានផ្ដាំផ្ញើ ដល់អ្នកជំងឺ សូមថែទាំសុខភាពតាមរយៈការរស់នៅស្អាត បរិភោគស្អាត មានអនាម័យ ពិសារឱសថតាមការណែនាំរបស់លោកគ្រូ សម្រាកគ្រប់គ្រាន់តាមដានត្រួតពិនិត្យសុខភាពជាប្រចាំ ព្រមទាំងហាត់ប្រាណពង្រឹងកាយសម្បទា ផងដែរ ។

លោកវរសេនីយ៍ឯក ព្រំ ចាន់ថុល នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានប្រគល់ទឹកបរិសុទ្ធ ភេសជ្ជៈប៉ូវកំម្លាំង និងថវិកាចំនួន១,២០០,០០០រៀល ដែលជាការឧបត្ថម្ភរបស់លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត ជូនលោក អ៉ី សុធារ៉ា ដើម្បីចូលរួមសម្រាលការចំណាយដោះស្រាយជីវភាពជាប្រចាំថ្ងៃ។

លោក អ៉ី សុធារ៉ា បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ ដែលបានចាត់តំណាង ចុះសាកសួរសុខទុក្ខ ព្រមទាំងឧបត្ថម្ភ ថវិកាមួយចំនួន ដល់ក្រុមគ្រួសារលោកនាឱកាសនេះ និងគោរពជូនពរ ជូនចំពោះថ្នាក់ដឹកនាំ អស់លោក លោកស្រី សូមជួបប្រទះតែពុទ្ធពរ ទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕ ដោយលោក ធូ កែវមុន្នី