(កំពង់ធំ)÷ អភិបាលស្រុកស្ទោងអំពាវនាវពលរដ្ឋក្នុងមូលដ្ឋានត្រូវចេះរស់ក្នុងស្ថានភាពសង្គ្រាមឈ្លានពាន លោកសាយ គឹមឡម បានអំពាវនាវដូច្នេះក្នុងឱកាសដែលលោក និងសហការីអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ ចែកអំណោយជូនដល់គ្រួសារពិការ និងងាយរងហានិភ័យចំនួន២០គ្រួសារ នៅក្នុងឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦។
លោកបានបញ្ជាក់បន្ថែមថា ថ្វីដ្បិតស្ថានភាពប្រទេសយើងស្ថិតនៅក្នុងភាព ស្ងប់ស្ងាត់បន្តិចមែន ប៉ុន្តែស្ថានភាពនៃការបង្កអរិភាពឈ្លានពានពីប្រទេសសៀមនៅតែផុយស្រួយ បង្កការគំរាមកំហែង និងធ្វើទុកបុកម្នេញដល់ប្រជាពលរដ្ឋជាពិសេសអ្នកនៅតាមបន្ទាត់ព្រំដែនខ្មែរថៃនៅឡើយហេតុនេះ ក្នុងនាមយើងជាសមរភូមិក្រោយត្រូវចេះរួមរស់សហការ សាមគ្គីគ្នាជាធ្លុងមួយ បន្តការប្រើប្រាស់គាំទ្រផលិតផលក្នុងស្រុកជាស្នាដៃរបស់កូនខ្មែរ ត្រូវពហិកាដាច់ខាតរាល់ទំនិញនិងផលិតផលរបស់ប្រទេសសៀមឱ្យខានតែបាន ហើយលើកកម្ពស់និងប្រកៀកស្មាលើកទឹកចិត្តវីរៈកងទ័ពជួរមុខគ្រប់កាលៈទេសៈ។
ជាមួយនេះ លោកអភិបាលស្រុកស្ទោងបានណែនាំដល់អាជ្ញាធរឃុំរុងរឿង ត្រូវបន្តយកចិត្តទុកដាក់ថែមទៀតដល់សុខទុក្ខសុខុមាលភាពបងប្អូនដែលមានពិការភាព និងងាយរងហានិភ័យឱ្យបានដូចភ្លៀងរលឹមហើយត្រូវធ្វើការរាយការណ៍មកអាជ្ញាធរស្រុកប្រប្រសិនបើមានស្ថានភាព ឬកិច្ចការមិនប្រក្រតីណាមួយដើម្បីមានលទ្ធភាព ជួយគាំទ្រនិងជ្រោមជ្រែង ឱ្យទាន់ពេលវេលា។
ជាចុងបញ្ចប់លោក សាយ គឹមឡម បានណែនាំដល់អាជ្ញាធរនិងប្រជាពលរដ្ឋក្នុងឃុំរុងរឿងត្រូវអប់រំនិងជំរុញការសិក្សាកូនចៅខ្លួនឱ្យបានខ្ពង់ខ្ពស់ ជាពិសេសត្រូវចេះរស់ក្នុងបរិបទបច្ចេកវិទ្យាទំនើបហើយជាសរសរទ្រូងប្រទេសជាតិទៅថ្ងៃក្រោយ ហើយត្រូវចៀសឱ្យផុតពីអំពើអបាយមុខទាំងឡាយ ត្រូវឱ្យឆ្ងាយពីគ្រឿងញៀន សកម្មភាពក្មេងទំនើងដែលសង្គមកំពុងស្អប់ខ្ពើម និងមិនត្រូវការនោះឡើយ។
សូមបញ្ជាក់ថា ពុកម៉ែបងប្អូនទាំង ២០គ្រួសារ ក្នុង១គ្រូសារទទួលបាននូវគ្រឿងឧបភោគបរិភោគព្រមទាំងសម្លៀកបំពាក់មួយចំនួនថែមទៀត៕ អ៊ុមញឹប






































