សត្វទន្សោង៣៤ក្បាល កំពុងរស់នៅដោយសុវត្ថិភាព នៅក្នុងដែនជម្រកសត្វព្រៃសៀមប៉ាង ខេត្តស្ទឹងត្រែង

0

ខេត្តស្ទឹងត្រែង៖ នៅក្នុងប្រតិបត្តិការគៀងចាប់សត្វទន្សោងជាប្រវត្តិសាស្រ្តរួមគ្នា រវាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មន្ទីរបរិស្ថានខេត្ត កងរាជអាវុធហត្ថខេត្ត និងរដ្ឋបាលស្រុ​កបូរីអូរស្វាយសែនជ័យ ក្រោមកិច្ចគាំទ្របច្ចេកទេស និងថវិកាពីអង្គការអភិរក្សសៀមប៉ាង និងក្រុមហ៊ុនរ៉ាយហ្សីងហ្វូនិក ក្រុមការងារគៀងចាប់បានសត្វទន្សោយ ញី-ឈ្មោល ៣២ក្បាល ដែលធ្វើឡើងចំនួន២លើក និងកូនទន្សោងកើតថ្មីពីរក្បាល បានដោយជោគជ័យ និងតាមការរំពឹងទុកជាមុន។

ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង លោក ទុំ នីរ៉ូ បានឲ្យដឹងថា ក្រុមការងារបានបើកប្រតិបត្តិការគៀងចាប់សត្វទន្សោងនៅក្នុងដែនព្រៃ ដោយបញ្ចៀសពីការតាមប្រមាញ់របស់ព្រានព្រៃ ដែលបានធ្វើឡើងចំនួនពីរលើក ដោយចាប់បានសត្វទន្សោងញី-ឈ្មោលចំនួន ៣២ក្បាល និងបាននាំយកទៅលែងក្នុងដែនជម្រកសត្វព្រៃសៀមប៉ាង រស់នៅដោយសុវត្ថិភាព គេចផុតពីការបរបាញ់របស់ព្រានព្រៃ។

លោក ទុំ នីរ៉ូ បានបន្តថា ប្រតិបត្តិការគៀងចាប់សត្វទន្សោងទាំងពីរលើកនោះ គឺ នៅលើកទី១ បានធ្វើឡើងរយៈពេល ៤ថ្ងៃ គឺចាប់ពីថ្ងៃទី១២ឧសភា ដល់ថ្ងៃទី១៥ឧសភា២០២៥ ដោយចាប់បានសត្វទន្សោង ១៦ក្បាល ក្នុងនោះឈ្មោល ៥ក្បាល និង ញី ១១ក្បាល ក្នុងចំណោមសត្វទន្សោងទាំង ១៦ក្បាលនេះ គឺកើតបានកូន ២ក្បាលបន្ថែមទៀត ដែលធ្វើឲ្យសត្វទន្សោងកើនឡើងដល់ ១៨ក្បាល។ គៀងចាប់លើកទី២ បានធ្វើឡើងរយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី២កុម្ភៈ ដល់ថ្ងៃទី៧កុម្ភៈ២០២៦ ដោយចាប់បានសត្វទន្សោង ១៦ក្បាលបន្ថែមទៀត ក្នុងនោះឈ្មោល ៩ក្បាល និងញី ៧ក្បាល ។ ដូច្នេះ ប្រតិបត្តិការគៀងចាប់សត្វទន្សោងទាំងពីរលើក ធ្វើឲ្យចំនួនសត្វទន្សោងមានការកើនឡើងសរុប ៣២ក្បាល បន្ថែមកូនទន្សោងកើតថ្មី ២ក្បាលទៀត មានចំនួនសរុប ៣៤ក្បាល ដោយបានយកចេញពីតំបន់មានហនិភ័យខ្ពស់ ទៅកាន់តំបន់សុវត្ថិភាពក្នុងដែនជម្រកសត្វព្រៃសៀមប៉ាង ស្ថិតក្នុងឃុំព្រែកមាស ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

លោក ទុំ នីរ៉ូ បានឲ្យដឹងទៀតថា ហ្វូងសត្វទន្សោងទាំងនេះ បានបម្លាស់ទីចេញមកពីដែនជម្រកសត្វព្រៃសៀមប៉ាង កាលពីកំឡុងដើមឆ្នាំ២០២៤ ដោយធ្វើដំណើរជាលក្ខណៈធម្មជាតិរបស់សត្វ រហូតមកដល់តំបន់ដែលមានប្រជាជនរស់នៅ ជាពិសេសគឺជាតំបន់ក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ច ដែលបាន និងកំពុងធ្វើការវិនិយោគលើវិស័យកសិកម្ម។

លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានបញ្ជាក់ថា ដើមហេតុនៃការគៀងចាប់សត្វទន្សោងនេះ គឺដោយសារមានការបរបាញ់សត្វទន្សោងស្លាប់ចំនួន ២ក្បាល ព្រលះយកសាច់ទៅអស់ ដោយជនខិលខូចកាលពីកំឡុងខែមេសា ឆ្នាំ២០២៤ ទើបក្រុមល្បាតចល័តមួយ ដែលមានសមាសភាពខាងលើ ត្រូវបានបង្កើតឡើងក្នុងគោលបំណង ដើម្បីការពារហ្វូងសត្វទន្សោងទាំងនេះពីការបរបាញ់ ឬដាក់អន្ទាក់ ដោយក្រុមជនខិលខូច ហើយស្វែងរកវិធីសាស្រ្ត ដើម្បីគៀងចាប់យកទៅដាក់នៅតំបន់ដែលមានសុវត្ថិភាពវិញ។ លោកថា លទ្ធផលក្រោយការចុះល្បាតចល័តដោយក្រុមការងារ គឺមិនឃើញមានសត្វទន្សោងណាមួយត្រូវបានសម្លាប់ទៀតនោះទេ។

លោក ទុំ នីរ៉ូ បានបញ្ជាក់ទៀតថា សត្វទន្សោង គឺជាពូជគោព្រៃដ៏ស្រស់ស្អាតមួយ ហើយត្រូវបានគេចាត់ទុកជាបុព្វបុរសរបស់ពូជគោស្រុក ប្រចាំតំបន់អាស៊ីអាគ្នេយ៍។  លោកថា ដើម្បីធានានូវនិរន្តភាព សូមបងប្អូនប្រជាពលរដ្ឋទាំងអស់កុំបរបាញ់ ឬដាក់អន្ទាក់យកទន្សោង ឬសត្វព្រៃដទៃៗទៀត ហើយត្រូវងាកមកចូលរួមទាំងអស់គ្នា ដើម្បីថែរក្សា និងការពារសត្វព្រៃគ្រប់ប្រភេទ ទុកសម្រាប់កូនចៅជំនាន់ក្រោយៗទៀត។

ស្របពេលជាមួយគ្នានឹងលទ្ធផលគៀងចាប់សត្វទន្សោងគោព្រៃ ជាប្រវត្តិសាស្ត្រនាពេលនេះ លោក សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានសម្តែងការអបអរ ចំពោះប្រតិត្តិការសង្គ្រោះសត្វទន្សោង ចេញពីតំបន់ងាយរងនិងហនិភ័យ មកកាន់តំបន់ដែលមានសុវត្ថិភាពខ្ពស់នាពេលនេះ៕ដោយ៖ឡុង សំបូរ