ប្រកាសសមាសភាពថ្នាក់ដឹកនាំ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្រោមអធិបតីភាព ទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម 

0

កំពង់ធំ÷ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅខេត្តកំពង់ធំ បានដំណើរការប្រកាសសមាសភាពថ្នាក់ដឹកនាំ នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលពិធីនេះប្រព្រឹត្តទៅនៅសាលាខេត្តកំពង់ធំ ស្ថិតក្រោមអធិបតីភាព ឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា  ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបី មន្ត្រីរាជការបណ្ដាមន្ទីរជុំវិញខេត្ត អភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ និងប៉ុស្តិ៍រដ្ឋបាលឃុំសង្កាត់ ព្រមទាំងតំណាងបងប្អូនអតីតយុទ្ធជន និងនិវត្តជន បានអញ្ជើញចូលរួមយ៉ាងច្រើនកុះករផងដែរ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានឡើងធ្វើរបាយការណ៍ស្វាគមន៍ ដោយបានគូសបញ្ជាក់អំពីលទ្ធផលការងារសំខាន់ៗ ដែលគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ សម្រេចបានក្នុងរយៈពេល១០ឆ្នាំកន្លងទៅ ដោយគិតពីឆ្នាំ២០១៥ ដល់ឆ្នាំ២០២៥ ក្នុងពេលដែលលោកឧត្តមសេនីយ៍ ទទួលភារកិច្ចជាប្រធានសមាគមអតីតយុទ្ធជន នៅខេត្តកំពង់ធំ។ ក្នុងនោះបានដំណើរការស្វែងយល់ពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជននៅតាមមូលដ្ឋាននានានៅក្នុងខេត្ត ដោយបានដំណើរការសាងសង់ផ្ទះចំនួន ២៨៦ខ្នងផ្ទះជូនគាត់ ដែលពួកគាត់មានដី តែមានជម្រកស្នាក់នៅមិនសមរម្យ នឹងបានធ្វើជាសេនាធិការក្នុងការរៀបចំដីសម្បទានសង្គមកិច្ច ចំនួន ២៧៦ហិកតា និងសាងសង់ផ្ទះថ្មីប្រគល់ជូនអតីតយុទ្ធជនដែលគ្មានដី និងគ្មានជម្រកស្នាក់នៅ ឬរស់នៅលើដីសាធារណៈ បានចំនួន ២០៦ខ្នងផ្ទះទៀត សរុបចំនួន ៤៩២ខ្នងផ្ទះ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈការដឹកនាំនិងណែនាំដោយផ្ទាល់ពីឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម និងឯកឧត្តមអភិបាលខេត្តកំពង់ធំ ។

ជាមួយនោះដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានបញ្ជាក់អំពីការបើកប្រាក់បេឡាមរណៈសង្គ្រោះ ជូនគ្រួសារសព សម្រាប់ធ្វើបុណ្យសពជូនអតីតយុទ្ធជន ក្នុងរយៈពេល ១០ឆ្នាំកន្លងទៅនេះ បានចំនួន ៨៥៣សព ស្មើនឹងទឹកប្រាក់ ៣,៤១២,០០០,០០០រៀល (បីពាន់បួនរយដប់ពីរលានរៀល) និងបានប្រគល់ប្រាក់ធានារ៉ាប់រងសង្គមជូនគ្រួសារសពបានចំនួន ៦០៩សព ស្មើនឹងទឹកប្រាក់ចំនួន ៥,២៨២,២៨៦,០០០ រៀល (ប្រាំពាន់ពីររយប៉ែតសិបពីរលាន ពីររយប៉ែតសិបប្រាំមួយពាន់រៀល) និងបានបង្កលក្ខណៈងាយស្រួលដល់ក្រុមគ្រួសារសាច់ញាតិបង្កើតរបស់បងប្អូនអតីតយុទ្ធជនបានចូលបម្រើក្នុងជួរកងទ័ព ដើម្បីបានបន្តវេនពីឪពុកម្ដាយក្នុងភារកិច្ចការពារជាតិ ការពារបូរណភាពទឹកដីផងដែរ។

ឯកឧត្តម នួន ផារ័ត្ន ក្នុងនាមអភិបាលខេត្ត ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ ដែលទទួលការតែងតាំងថ្មី បានឡើងប្ដេជ្ញាចិត្ត ក្នុងការបន្តនិរន្តរភាពការងារសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា  ដើម្បីបម្រើលោកពូ អ្នកមីង ដែលជាអតីតយុទ្ធជន និងនិវត្តជន នៅក្នុងខេត្តកំពង់ធំ ដែលធ្លាប់មានគុណបំណាច់ចំពោះជាតិ និងមាតុភូមិ ឱ្យបានសាក់សមនិងគុណបំណាច់របស់ពួកគាត់ ដែលបានលះបង់គ្រប់បែបយ៉ាងដើម្បីបុព្វហេតុជាតិ និងមាតុភូមិកម្ពុជានាពេលកន្លងទៅ ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម បានថ្លែងនូវការកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ដែលបានយកអស់កម្លាំងកាយចិត្តក្នុងការដឹកនាំ និងបម្រើបងប្អូនអតីតយុទ្ធជននាពេលកន្លងទៅ ។ នៅក្នុងឱកាសនេះដែរ ឯកឧត្តម ទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម ក៏បានផ្ដាំផ្ញើដល់ឯកឧត្តម នួន ផារ័ត្ន ដែលជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ និងឧត្តមសេនីយ៍ទោ សោម ស៊ុន ដែលជាអនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការ អ.ន.ក ខេត្តកំពង់ធំ ត្រូវបន្តរួមគ្នាក្នុងការដឹកនាំ និងបម្រើបងប្អូនអតីតយុទ្ធជន និងវត្តជន នៅខេត្តកំពង់ធំ ឱ្យបានល្អប្រសើរបន្ថែមទៀត ស្របតាមអនុសាសន៍ណែនាំ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ឲ្យទទួលបានជោគជ័យ៕  អត្ថបទលោក ធូ កែវមុន្នី