ឯកឧត្តម ឆាយ ឬទ្ធិសពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង

0

ខេត្តស្វាយរៀង៖ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះនិងឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង និងឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ចើញជាគណៈអធិបតីភាពក្នុងពីធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំនៃក្រសួងអភិវឌ្ឍន៍ជនបទ លោកអភិបាលរងខេត្ត តំណាងកងកម្លាំងទាំង៣ លោកនាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធានមន្ទីរ/អង្គភាពនានាក្នុងខេត្ត លោកអភិបាលក្រុងស្រុកទាំង៨ លោក លោកស្រីនាយកទីចាត់ការ/អង្គភាពចំណុះសាលាខេត្តសរុបវត្តមានប្រមាណ១៥០នាក់។
ឯកឧត្តមអភិបាលមានប្រសាសន៍ថ្លែងនូវការចូលរួមអបអរសាទរចំពោះលោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង ដែលត្រូវប្រកាសចូលកាន់មុខតំណែងនៅថ្ងៃនេះ ក្នុងនាមរដ្ឋបាលខេត្តសូមថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកគ្រប់ លំដាប់ថ្នាក់ នៃមន្ទីរអភិវឌ្ឍន៍ជនបទទាំងក្នុងរយៈកាលនៃការដឹកនាំរបស់លោក សំ នីតូ អតីតប្រធានមន្ទីចាស់ដែលកន្លងមកបានយកអស់កម្លាំងកាយចិត្ត ដឹកនាំអនុវត្តការងារតាមតួនាទី ភារកិច្ច ប្រកបដោយការទទួលខុសត្រូវ សហការ និងសាមគ្គីភាព ឯកភាពផ្ទៃក្នុង ធានាបាននូវនិរន្តភាព នៃការដឹកនាំការអនុវត្តការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសា្វយរៀងស្របតាមយុទ្ធសាស្ត្រ និងកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល និងគោលការណ៍ ផែនការយុទ្ធសាស្ត្ររបស់ក្រសួង ទិសដៅការងាររបស់រដ្ឋបាលខេត្ត និងផែនការការងាររបស់មន្ទីរ ដោយទទួលបានលទ្ធផលល្អប្រសើរជាបន្តបន្ទាប់ ក្នុងការជំរុញការអភិវឌ្ឍ និងលើកកម្ពស់វិស័យអភិវឌ្ឍន៍ជនបទខេត្តឲ្យមានការរីកចម្រើនផងដែរ។
ឯកឧត្តម ឆាយ ឫទ្ធិសែន បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធនានាដែលរដ្ឋបាលរដ្ឋបាលខេត្តសម្រេចបាននាពេលកន្លងមក និងពេលបច្ចុប្បន្ននេះ។ទន្ទឹមនេះឯកឧត្តមរដ្ឋមន្រ្ដី ក៏បានធ្វើការផ្ដាំផ្ញើដល់ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទថ្មី ដើម្បីជាត្រីវិស័យច្បាស់លាស់ក្នុងការបំពេញតួនាទី និងភារកិច្ចឱ្យសម្រេចបានជោគជ័យ និងមានប្រសិទ្ធភាពដូចខាងក្រោម៖
១. ត្រូវពង្រឹងភាពជាអ្នកដឹកនាំ និងគ្រប់គ្រងអង្គភាព ដោយមានចក្ខុវិស័យ គោលដៅយុទ្ធសាស្ត្រ ត្រួតពិនិត្យ វាយតម្លៃ និងធ្វើការកែលម្អជាប្រចាំ ឈរលើតួនាទី និងភារកិច្ចរបស់អង្គភាពប្រកបដោយការទទួលខុសត្រូវខ្ពស់។
២.ត្រូវស្វែងយល់បានច្បាស់លាស់នូវតួនាទី និងភារកិច្ចរបស់អង្គភាព ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាព តម្លាភាព និងស័ក្តសិទ្ធភាព ប្រកដោយឆន្ទៈមុះមុតស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតីនាយករដ្ឋមន្ដ្រី គឺ “ធ្វើឱ្យលឿន ធ្វើឱ្យលះ បើស្ទះសុំគោលការណ៍”។
៣.ត្រូវចេះលើកចិត្តដល់មន្ត្រីក្រោមឱវាទនៅក្នុងមន្ទីរ ឱ្យចូលរួមនូវរាល់សកម្មភាពការងារ ដោយឈរលើគុណវុឌ្ឍិ និងបទពិសោធន៍ របស់បុគ្គជាចម្បង។
៤. ត្រូវក្តាប់ឱ្យបាននូវទិន្នន័យប្រជាសាស្ត្រ ភូមិសាស្ត្រ សមិទ្ធផល និងតម្រូវការអភិវឌ្ឍន៍ជនបទរបស់ខេត្ត ដើម្បីរៀបចំផែនការអភិវឌ្ឍន៍ឱ្យចំគោលដៅ។
៥. ខិតខំកៀរគរដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល និងសប្បុរសជននានា ដើម្បីចូលរួមគាំទ្រ និងអនុវត្តសកម្មភាពអភិវឌ្ឍន៍ជនបទនៅទូទាំងខេត្តឱ្យសម្រេចបានជោគជ័យ។
៦. ត្រូវធ្វើជាសេនាធិការបច្ចេកទេសដ៏ល្អ ជាមួយរដ្ឋបាលខេត្ត និងលើកម្ពស់កិច្ចសហការល្អជាមួយអង្គភាព/មន្ទីរជំនាញនានាជុំវិញខេត្ត ដើម្បីប្រសិទ្ធភាពការងារខ្ពស់ និងទទួលបានការគាំទ្រពីប្រជាជន ដោយអនុវត្តជាអ្នកបម្រើដ៏ល្អរបស់ប្រជាជន មិនមែនជាចៅហ្វាយនាយប្រជាជនទេ ។
៧. ត្រូវថែរក្សា និងពង្រឹងសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អដើម្បីបង្កើនភាពរឹងមាំ និងប្រសិទ្ធភាពរបស់អង្គភាពសំដៅឆ្លើយតបនឹងភារកិច្ចដែលគណៈបញ្ជាការខេត្ត ក៏ដូចជាក្រសួងប្រគល់ជូន។
យោងអនុក្រឹត្យលេខ៩៦៦ អនក្រ.តត ចុះថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ ត្រូវបានតែងតាំងលោក ឈឹម បុរស អត្តលេខ ១៧៥១៤០០១០៧ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ ៤ នៃក្របខណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល ជាប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង នៃក្រសួងអភិវឌ្ឍន៍ជនបទ ជំនួសលោក សំ នីតូ ដែលត្រូវបានបញ្ចប់មុខតំណែង៕គឹមសេង