អភិបាលខេត្តកំពង់ចាម បានណែនាំឱ្យចុះត្រួតពិនិត្យស្ថានីយប្រេងឥន្ធនៈណាដែលមានប្រេងនៅក្នុងស្តុក ប៉ុន្តែបិទទីតាំងមិនព្រមលក់នោះ គឺត្រូវស្នើសុំឱ្យក្រសួងចាត់វិធានការតាមផ្លូវច្បាប់

0

កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានណែនាំឱ្យមន្ត្រី ជំនាញពាក់ព័ន្ធ ត្រូវចុះត្រួតពិនិត្យស្ថានីយប្រេងឥន្ធនៈណាដែលមានប្រេងនៅក្នុងស្តុក ប៉ុន្តែបិទទីតាំងមិនព្រមលក់នោះ គឺត្រូវស្នើសុំឱ្យក្រសួងរ៉ែ និងថាមពល រួមជាមួយក្រសួងពាណិជ្ជកម្ម ចាត់វិធានការតាមផ្លូវច្បាប់ជាដាច់ខាត។ ថ្លែងបែបនេះក្នុងកិច្ចប្រជុំសាមញ្ញលើកទី២២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១១ ខែមិនា ឆ្នាំ២០២៦ ។

ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា មានប្រសាសន៍ថា ដើម្បីធានាការផ្គត់ផ្គង់​ប្រេងឥន្ធនៈ​ ស្របតាមការណែនាំរបស់រាជរដ្ឋាភិបាល មន្ត្រីជំនាញ ត្រូវចុះត្រួតពិនិត្យគ្រប់ស្ថានីយប្រេងឥន្ធនៈ ទាំងគុណភាព បរិមាណ និងតម្លៃ ហាមដាច់ខាតការស្តុកទុកមិនលក់ ដើម្បីរង់ចាំប្រេងដំឡើងថ្លៃ ចំពោះស្ថានីយដែលល្មើសនោះ គឺត្រូវស្នើសុំចាត់វិធានការច្បាប់ឱ្យបានតឹងរ៉ឹងបំផុត រហូតដល់បិទ អាជីវកម្មតែម្តង ទន្ទឹមគ្នានោះស្ថានីយដែលប្រេងជិតអស់ ឬចង់ផ្អាកការលក់បណ្តោះអាសន្ន ត្រូវតែ ជូនដំណឹងដល់មន្ទីរជំនាញផងដែរ ។

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម បានលើកយកសេចក្តី ព្រាងរបៀបវារៈសំខាន់ៗ មកពិភាក្សា រួមមាន៖​ ១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២១ អាណត្តិ ទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម។
២-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍ស្តីពី ការអនុវត្តការងារប្រចាំខែ កុម្ភៈ និងលើកទិសដៅប្រចាំខែមីនា ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកំពង់ចាម។
៣-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងស្តីពីការរៀបចំបែងចែកប្រាក់រង្វាន់ប្រចាំខែ ដល់មន្ត្រីសាលាខេត្តកំពង់ចាម ដែលទទួលបានពីការផ្តល់សេវារដ្ឋបាលសម្រាប់ខែ កុម្ភៈ។
៤-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងសេចក្តីសម្រេចស្តីពី ការបិទបញ្ជីចំណូល ចំណាយថវិកា និងការធ្វើរបាយការណ៍សរុបការអនុវត្តចំណូល ចំណាយថវិកា របស់ រដ្ឋបាលខេត្ត​។
៥-បញ្ហាផ្សេងៗ​ ៕