ឯកឧត្តម ជា សុមេធី សំណេះសំណាល និងសួរសុខទុក្ខរបស់ បងប្អូនគ្រួសារភៀសសឹក១២៨៤គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ

0

បន្ទាយមានជ័យ ៖ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោកជំទាវ ជា ផល្គុន អញ្ជើញ ជួបសំណេះសំណាល និងសួរសុខទុក្ខរបស់ បងប្អូនគ្រួសារភៀសសឹក១២៨៤គ្រួសារ ដែលរងផលប៉ះក្នុងភូមិសាស្ត្រជម្លោះព្រំដែន នៅខេត្តបន្ទាយមានជ័យ។ ពិធីសំណេះសំណាលក៏បានការចូលរួមប្រតិភូអមដំណើរក្រសួង ឯកឧត្ដម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត អាជ្ញាធរស្រុកបានចូលរួម ប្រារព្ធ ធ្វើឡើង នៅវត្ត ចាន់ ស៊ី ឃុំកូប ស្រុកអូរជ្រៅ នាព្រឹកថ្ងៃអង្គារ ទី១០ ខែមីនា ឆ្នាំ ២០២៦។
ឯកឧត្ដម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត ក៏បានលេីកឡេីង ពីសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនរវាងប្រទេសកម្ពុជា-ថៃ ដែលខេត្តបន្ទាយមានជ័យ មានព្រំប្រទល់ជាប់ជាមួយប្រទេសថៃ ប្រវែង១៥៣គីឡូម៉ែត្រ ដោយសារមហិច្ឆតាលោភលន់ឥតអៀនខ្មាស់របស់រដ្ឋាភិបាល កងទ័ព និងប្រជាជនជ្រុលនិយមមួយចំនួនរបស់ប្រទេសថៃនោះ បានបង្កឱ្យមានអរិភាព បង្កើតព្រឹត្តិការណ៍ និងឈានដល់ការធ្វើសង្គ្រាមឈ្លានពានទាំងកម្រោលពីសំណាក់ភាគីថៃ មកលើដែនដីអធិបតេយ្យភាពស្របច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា តាមរយៈការបញ្ឆេះភ្លើងសង្គ្រាម និងប្រព្រឹត្តអំពើឈ្លានពានរំលោភទឹកដី នៃដែនអធិបតេយ្យភាពកម្ពុជាយ៉ាងគឃ្លើនពីសំណាក់ភាគីថៃ បានបង្ករមហន្តរាយលើគ្រប់ទិដ្ឋភាពជាច្រើននៅខេត្តបន្ទាយមានជ័យ បណ្តាល ឱ្យបាត់បង់ជីវិត និងរងរបួសជនស៊ីវិលស្លូតត្រង់ បំផ្លាញលំនៅដ្ឋានប្រជាពលរដ្ឋ ខូចខាតនូវហេដ្ឋារចនាសម្ព័នសាធារណៈរួមមាន ផ្លូវធ្វើដំណើរ ប្រពន្ធអគ្គិសនី ប្រព័ន្ធទឹក សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព ទីតាំងអាជីវកម្ម ទីអារាមសាសនា និងផ្ទៃដីលំនៅដ្ឋាន-ដីកសិកម្មជាដើម។ល។
នាឱកាសនោះឯកឧត្តម ជា សុមេធី ក៏បានអរគុណទៅដល់ អាជ្ញាធរខេត្តបន្ទាយមានជ័យ ដែលតែងតែនៅជាមួយប្រជាពលរដ្ឋ គ្រប់កាលៈទេសៈ ព្រមទាំងបានរៀបចំនៅទីតាំងសម្រាប់បងប្អូនជនភៀសសឹកស្នាក់នៅបណ្តោះអាសន្ន ដោយមានក្រុមគ្រូពេទ្យប្រចាំការ នៅតាមមណ្ឌលជនភៀសសឹក ការពារសន្តិសុខសុវត្ថិភាពជូនពួកគាត់យ៉ាងល្អប្រសេីរ។
ឯកឧត្តម ក៏បានបញ្ជាក់ថា ទោះជាស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅតែងនៅជាមួយបងប្អូនជានិច្ច។ ហើយឯកឧត្តម ក៏អរគុណទៅដល់បងប្អូនប្រជាពលរដ្ឋដែលមានការតស៊ូអត់ធ្មត់ និងជឿជាក់លើប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយលើបញ្ហាព្រំដែន។

សូមបញ្ជាក់ថា ក្រោយមានបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃបានរំលោភបំពានឈ្លានពានរំលោភទឹកដី នៃដែនអធិបតេយ្យភាពកម្ពុជា មានផ្ទះប្រជាពលរដ្ឋចំនួនជាង២ពាន់ខ្នងត្រូវបានបំផ្លាញ និងភូមិចំនួន៦ ត្រូវបានកងទ័ពថៃ ដាក់កុងតឺន័រ និងរាយបន្លាលួសហ៊ុព័ទ្ធបន្តគ្រប់គ្រងទាំងកម្រោល ទន្ទឹមនេះ ក៏មានប្រជាពលរដ្ឋប្រមាណជាង៣០០០គ្រួសារ ស្មើនឹងមនុស្សរាជាង១១ម៉ឺនអង្គ/នាក់ កំពុងបន្តស្នាក់ក្នុងមណ្ឌលសុវត្ថិភាព៕ដោយ៖ឃិន គន្ធា