អ្នកផ្ទុកមេរោគអេដស៍ងាយរងគ្រោះបំផុតចំនួន១០នាក់បានទទួលអំណោយមនុស្សធម៌ ពីរសាខាកាកបាទក្រហមកម្ពុជាសាខាខេត្តសៀមរាប

0

សៀមរាប៖ ឯកឧត្តម ក្រុស សារ៉ាត់ សមាជិកគណៈកម្មាធិការសាខា និងជាអនុប្រធានក្រុមការងារឥស្សរជនឆ្លើមថ្នាក់ជាតិសាខា កក្រក ខេត្តសៀមរាប តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខា កក្រក ខេត្តសៀមរាប និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិសាខា ខេត្តសៀមរាប បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនដល់អ្នកផ្ទុកមេរោគអេដស៍ងាយរងគ្រោះបំផុតចំនួន ១០នាក់ មកពី៣ឃុំក្នុងស្រុកអង្គរជុំ នៅទីស្នាក់ការអនុសាខា កក្រក ស្រុកអង្គរជុំនាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ។
ឯកឧត្តម បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ ក៏ដូចជាឯកឧត្តម ប្រាក់ សោភ័ណ ប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ សាខាខេត្តសៀមរាប ដែលតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ និងសុខភាព បង-ប្អូនប្រជាពលរដ្ឋក្រីក្រ ពិសេសបង-ប្អូនអ្នកផ្ទុកមេរោគអេដស៍ និងអ្នកជំងឺអេដស៍។ បន្ថែមលើសនេះ ឯកឧត្តមលើកទឹកចិត្ត និងកោតសរសើរចំពោះការអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមក្បួនវេជ្ជសាស្ត្រដែលមានភាពទំនើប និងជឿនលឿន តាមរយៈការលេបថ្នាំ (ផ្ដល់ជូនឥតគិតថ្លៃ) តាមកំណត់របស់គ្រូពេទ្យ ហេតុនេះនាំឱ្យឆាប់ជាសះស្បើយ។ ឯកឧត្ដមសំណូមពរដល់បងប្អូនដែលផ្ទុកមេរោគអេដស៍ឱ្យលេបថ្នាំឱ្យបានទៀតទាត់ ទាន់ពេលវេលា និងការកំណត់ ជាពិសេសទៅជួបក្រុមគ្រូពេទ្យជំនាញ តាមការណាត់របស់គ្រូពេទ្យ ហើយប្រសិនបើមិនស្រួលខ្លួនសូមប្រញាប់ទៅជួបគ្រូពេទ្យដែលនៅជិតផ្ទះជាបន្ទាន់។ ជាចុងក្រោយ ឯកឧត្តម ជូនពរអ្នកចូលរួមទាំងអស់សូមជួបប្រទះនូវពុទ្ធពរទាំងបួនប្រការ និងសូមប្រកបដោយសុខសុវត្ថិភាពគ្រប់ៗគ្នា។

សូមបញ្ជាក់ថាអំណោយមនុស្សធម៌ផ្តល់ជូនក្នុងមួយនាក់ទទួលបាន៖ អង្ករ ២៥គ.ក្រ, ភួយ១, មុង១, សារុង១, ក្រមា១, មី ១កេស, ទឹកត្រី ១យួរ, អំបិល ១គ.ក្រ, និងថវិកាមួយចំនួន៕