(កំពង់ធំ)÷ ព្រះទេពសត្ថា សៀង សុខ ព្រះរាជាគណៈថ្នាក់ចត្វា និងជាព្រះសត្ថាបារមី ព្រះមេគណខេត្តកំពង់ធំ ព្រះប្រធានមណ្ឌលប្រឡងខេត្តកំពង់ធំ ឯកឧត្តម ហាន កុសល អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ធំ លោក តាន់ តៃជ្រាន់ ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពង់ធំ និងជាអនុប្រធានមណ្ឌលប្រឡងខេត្ត
និមន្តអញ្ជើញជាគណៈអធិបតី កាត់នូវស្រោមវិញ្ញាសា ប្រឡងចូលរៀនពុទ្ធិកមធ្យមសិក្សាបឋមភូមិ ក្នុងឆ្នាំសិក្សា២០២៦-២០២៧ មណ្ឌលប្រឡងខេត្តកំពង់ធំ ស្ថិតក្នុងវត្តឥន្រ្ទីយ៍សំវរៈ(ហៅវត្តកំពង់ធំ) ក្នុងភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦។
មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តម ហាន កុសលអភិបាលរងខេត្ត បានលើកទឹកចិត្តដល់បេក្ខសមណសិស្សទាំងអស់ត្រូវខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ធ្វើឱ្យបានរួចរាល់លើគ្រប់វិញ្ញាសារដែលបានដាក់ក្នុងការប្រឡង គោរពឱ្យបានខ្ជាប់ខ្ជួននូវបទប្បញ្ញត្តិ និងបទបញ្ជាផ្ទៃក្នុងនៃការប្រឡង ដោយមិនត្រូវលួចចម្លងគ្នា មើលគ្នា ពិភាក្សាគ្នា មិនត្រូវគូសសញ្ញាសម្គាល់លើក្រដាស វិញ្ញាសារ និងលួចលាក់ប្រើប្រាស់ឧបករណ៍អេឡិចត្រូនិចនោះឡើយ។
ជាក់ស្ដែងសាមណេរសិស្ស ត្រូវតែតាំងស្មារតីឱ្យរឹងមាំ ហើយព្យាយាមសរសេរឱ្យបានគ្រប់មុខវិជ្ជា ទោះបីជាងាយស្រួលឬលំបាកក៏ដោយ ប្រសិនបើមានបញ្ហាសុខភាពសូមរាយការណ៍មកលោកគ្រូអ្នកគ្រូដែលជាអនុរក្សនៅតាមមណ្ឌលនីមួយៗ ដើម្បីជួយសង្គ្រោះឱ្យបានទាន់ពេលវេលា។
ព្រះទេពសត្ថា សៀង សុខ ព្រះរាជាគណៈថ្នាក់ចត្វា និងជាព្រះសត្ថាបារមី ព្រះមេគណខេត្តកំពង់ធំ ព្រះប្រធានមណ្ឌលប្រឡងខេត្តកំពង់ធំ មានសង្ឃដីកាថា ការប្រឡងចូលរៀនពុទ្ធិកមធ្យមសិក្សា ជាការប្រឡងសម្រាប់សិស្សដែលចង់ចូលសិក្សានៅសាលាពុទ្ធិកមធ្យមសិក្សា (សិក្សាព្រះពុទ្ធសាសនា និងមុខវិជ្ជាទូទៅ) ដែលភាគច្រើនសម្រាប់ សាមណេរ ឬព្រះសង្ឃ។ ការសិក្សានៅពុទ្ធិកៈមធ្យមសិក្សា ដើម្បីឱ្យសាមណេរ និងព្រះសង្ឃមានចំណេះដឹងព្រះពុទ្ធសាសនា រៀនមុខវិជ្ជាទូទៅ ដូចសាលារដ្ឋ អាចបន្តទៅពុទ្ធិកវិទ្យាល័យ និងសាកលវិទ្យាល័យបាន។
លោក តាន់ តៃជ្រាន់ ប្រធានមន្ទីរធម្មការ និងសាសនា បានបញ្ជាក់ថា សម្រាប់បេក្ខសមណសិស្សមានចំនួន១៨១អង្គ/នាក់ ចែកជាបន្ទប់មានចំនួន៨បន្ទប់ គណៈកម្មការមាន៤ផ្នែកស្មើ២៦អង្គ ដោយសមណសិស្សនិមន្តមកពីបណ្តាក្រុង/ស្រុក ក្នុងខេត្តកំពង់ធំ និងក្រៅខេត្តមួយចំនួនទៀតផងដែរ។ អត្ថបទលោក ធូ កែវមុន្នី






































