អភិបាលស្រុកប្រាសាទសំបូរជំរុញលើកកម្ពស់ «សន្តិសុខគ្រួសារ និងការផ្ដល់តម្លៃដល់ស្ត្រី»

0

កំពង់ធំ÷ រដ្ឋបាលស្រុកប្រាសាទសំបូរ បានរៀបចំពិធីអបអរសាទរខួបលើកទី១១៥ ទិវានារីអន្តរជាតិ៨ មីនា ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ» ក្រោមអធិបតីភាពរបស់ លោក ឃីម សុខឃាង អភិបាល នៃគណៈអភិបាលស្រុកប្រាសាទសំបូរ ដោយមានការអញ្ជើញចូលរួមពីមន្ត្រីរាជការ កងកម្លាំងទាំងបី និងបងប្អូនជាស្រ្តីយ៉ាងច្រើនកុះករ នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ នៅសាលាស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

ក្នុងសុន្ទរកថាសំណេះសំណាលដ៏មានអត្ថន័យលោក ឃីម សុខឃាង អភិបាល នៃគណៈអភិបាលស្រុក បានលើកឡើងថា ការងារសន្តិសុខ និងសណ្ដាប់ធ្នាប់សង្គម មិនមែនជារឿងដាច់ដោយឡែកពីគ្រួសារនោះទេ។ លោកបានបញ្ជាក់ថា៖ «សន្តិសុខសង្គម ត្រូវផ្ដើមចេញពីសន្តិសុខគ្រួសារជាមុនសិន»។ កាលណាគ្រួសារមានភាពកក់ក្ដៅ គ្មានអំពើហិង្សា និងមានការយោគយល់គ្នា នោះស្ត្រីនឹងមានឱកាសពេញលេញក្នុងការចូលរួមអភិវឌ្ឍសហគមន៍ឱ្យមានសុវត្ថិភាព និងការរីកចម្រើន។

លោកអភិបាលបានសង្កត់ធ្ងន់លើការកសាងទំនុកចិត្តរវាងគ្នា និងគ្នាក្នុងសមាជិកគ្រួសារ។ លោកបានមានប្រសាសន៍យ៉ាងម៉ឺងម៉ាត់ថា៖ «ក្នុងជីវិតគ្រួសារ ការបាត់បង់ទ្រព្យសម្បត្តិយើងអាចរកមកវិញបាន ប៉ុន្តែបើសិនជាបាត់បង់ទំនុកចិត្តលើគ្នាហើយ នោះសុភមង្គលក៏មិនអាចស្ថិតស្ថេរបានដែរ»។ លោកបានដាស់តឿនឱ្យសមាជិកគ្រួសារទាំងអស់ ត្រូវចេះផ្ដល់ភាពកក់ក្ដៅឱ្យគ្នាទៅវិញទៅមក និងរក្សាភាពស្មោះត្រង់ជាមូលដ្ឋានគ្រឹះ។

លោកអភិបាលស្រុក ក៏បានផ្ញើសារអប់រំយ៉ាងសំខាន់ដល់បុរសៗដែលជាមេគ្រួសារ ត្រូវចេះរៀបចំរចនាសម្ព័ន្ធគ្រួសារឱ្យមានសណ្ដាប់ធ្នាប់ និងត្រូវផ្ដល់តម្លៃខ្ពស់ដល់ស្ត្រីជាភរិយា។ លោកបានបន្ថែមថា៖ ការសម្រេចចិត្តរួមគ្នា បុរសត្រូវបើកចិត្តឱ្យទូលាយ និងផ្ដល់ឱកាសឱ្យស្ត្រីមានសិទ្ធិសម្រេចចិត្តក្នុងកិច្ចការគ្រួសារ និងសង្គម។ ការផ្ដល់តម្លៃ ការគោរព និងផ្ដល់តម្លៃដល់ភរិយា គឺជាគំរូដ៏ល្អសម្រាប់កូនៗ និងជាកម្លាំងចិត្តជុះរុញឱ្យស្ត្រីហ៊ានបញ្ចេញសមត្ថភាព។

លោក ឃីម សុខឃាងបានបន្ថែមថា៖: “សន្តិសុខគ្រួសារ គឺជាខែលការពារដ៏រឹងមាំបំផុតសម្រាប់ស្ត្រី និងកុមារ។ បើគ្រួសារនីមួយៗក្នុងស្រុកប្រាសាទសំបូរយើងរឹងមាំ សង្គមជាតិយើងក៏រឹងមាំដូចគ្នា”។

ជាចុងបញ្ចប់លោក ឃីម សុខឃាង អភិបាលស្រុកបានជូនពរដល់បងប្អូនស្ត្រីទាំងអស់ សូមឱ្យទទួលបាននូវសិទ្ធិសេរីភាព ភាពជោគជ័យក្នុងភារកិច្ច និងបន្តជាកោសិកានៃសន្តិភាពក្នុងគ្រួសារជារៀងរហូតតទៅ។