ឯកឧត្តម នួន ផារ័ត្ន បានណែនាំដល់ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុក រួមគ្នាបង្ក្រាប និងទប់ស្កាត់បទល្មើសគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន ដើម្បីធានាបាននូវសុខសុវត្ថិភាពជូនប្រជាជន

0

កំពង់ធំ៖ ឯកឧត្តម នួន ផារ័ត្ន ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែរបស់គណៈបញ្ជាការឯកភាពនៃរដ្ឋបាលខេត្តកំពង់ធំ ដោយផ្តោតសំខាន់លើការងាររក្សាសន្តិសុខសណ្តាប់ធ្នាប់ទូទៅនៅក្នុងមូលដ្ឋាន, ការការទប់ស្កាត់វត្តមានបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, ការទប់ស្កាត់ការរំលោភបំពានដីតំបន់ ៣ ស្ថិតនៅក្នុងតំបន់បឹងទន្លេសាប ក៏ដូចជាការងារត្រៀមរៀបចំសណ្តាប់ធ្នាប់នៅក្នុងឱកាសពិធីបុណ្យសង្ក្រាន្តខេត្តកំពង់ធំ ឆ្នាំ២០២៦ ខាងមុខនេះ។ ហើយកិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ សាលប្រជុំប្រាសាទតោ សាលាខេត្តកំពង់ធំ។

ឯកឧត្តម នួន ផារ័ត្ន បានថ្លែងអំរណគុណដល់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុក និងអាជ្ញាធរពាក់ព័ន្ធ ដែលបានសហការគ្នាបានល្អចូលរួមយ៉ាងសកម្មក្នុងការបង្ក្រាប និងទប់ស្កាត់បទល្មើសគ្រប់ប្រភេទក្នុងភូមិសាស្ត្រខេត្តកំពង់ធំមានការថយចុះ។ លើសពីនេះទៀត ឯកឧត្តមបានជំរុញឱ្យអាជ្ញាធរក្រុង-ស្រុក និងគណៈបញ្ជាការឯកភាពគ្រប់ថ្នាក់ ត្រូវប្ដេជ្ញារួមគ្នាបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងល្បែងស៊ីសងខុសច្បាប់តាមអនឡាញគ្រប់ប្រភេទ មិនឱ្យមានក្នុងមូលដ្ឋាន ហើយត្រូវមានវិធានការទប់ស្កាត់ ប្រកបដោយការទទួលខុសត្រូវខ្ពស់។

ជាចុងក្រោយឯកឧត្តម នួន ផារ័ត្ន បានបន្តណែនាំដល់មន្ទីរពាណិជ្ជកម្ម រួមទាំងមន្ទីររ៉ែ និងថាមពល ត្រូវបន្តចុះតាមដាន-ត្រួតពិនិត្យនៅតាមស្ថានីយ៍ឥន្ធៈនៃការលក់ជាប្រចាំ ដើម្បីធានាការលក់ប្រេងឥន្ធនៈអនុវត្តឱ្យបានត្រឹមត្រូវតាមលក្ខណៈស្តង់ដាបច្ចេកទេស និងតាមការណែនាំរបស់ក្រសួងពាណិជ្ជកម្ម ជៀសវាងបង្ការការឆ្លៀតឱកាសដំឡើងថ្លៃប្រេងឥន្ធនៈខុសប្រក្រតីជាដើម៕