សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ទទួលស្វាគមន៍ប្រតិភូនិស្សិតគិលានុបដ្ឋាយិកាមកពីប្រទេសជប៉ុន ដើម្បីផ្លាស់ប្តូរបទពិសោធន៍ការងារមនុស្សធម៌

0

សៀមរាប: សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានរៀបចំពិធីទទួលស្វាគមន៍ ចំពោះប្រតិភូយុវជនជានិស្សិតគិលានុបដ្ឋាយិកា ចំនួន ១៣នាក់ នៃមហាវិទ្យាល័យគិលានុបដ្ឋាយិកាតូយូតា កាកបាទក្រហមជប៉ុន ក្នុងគោលបំណងទស្សនកិច្ចសិក្សា និងផ្លាស់ប្តូរបទពិសោធន៍ការងារមនុស្សធម៌ ក្រោមអធិបតីភាព ឯកឧត្ដម ក្រុស សារ៉ាត់ សមាជិកគណៈកម្មាធិការសាខា ដោយមានការអមដំណើរពីសំណាក់មន្ត្រីប្រតិបត្តិសាខាជាច្រើនរូប នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ។

ឯកឧត្ដម ក្រុស សារ៉ាត់ បានថ្លែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅបំផុតចំពោះប្រតិភូនិស្សិតជប៉ុន ដែលបានជ្រើសរើសយកខេត្តសៀមរាប ជាគោលដៅក្នុងការសិក្សាស្វែងយល់ពីសកម្មភាពមនុស្សធម៌។ ឯកឧត្ដមក៏បានគូសបញ្ជាក់ពីបេសកកម្មដ៏ឧត្តុង្គឧត្តមរបស់កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន។

ឯកឧត្ដម ក្រុស សារ៉ាត់ បានបញ្ជាក់ថា យោងតាមយុទ្ធសាស្ត្រ ២០២១-២០៣០ កាកបាទក្រហមកម្ពុជាបាននិងកំពុងផ្ដោតលើវិស័យអាទិភាពចំនួន ៤ រួមមាន៖ ការគ្រប់គ្រងគ្រោះមហន្តរាយ វិបត្តិភ័យ និងការប្រែប្រួលអាកាសធាតុ, សុខភាព និងការថែទាំសុខភាពសហគមន៍, ការលើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌ និងការអភិវឌ្ឍស្ថាប័ន។

បន្ទាប់ពីកិច្ចពិភាក្សានៅទីស្នាក់ការសាខា មន្ត្រីប្រតិបត្តិបានដឹកនាំប្រតិភូនិស្សិតជប៉ុនចុះផ្ទាល់ទៅកាន់សហគមន៍ នៅភូមិស្ពានក្អែក ឃុំកណ្ដែក ស្រុកប្រាសាទបាគង ដើម្បីផ្លាស់ប្តូរបទពិសោធន៍លើផ្នែក «វិជ្ជាសង្គ្រោះបឋម» ជាមួយអ្នកស្ម័គ្រចិត្តមូលដ្ឋាន។ ក្នុងនោះ ក្រុមអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា បានបង្ហាញពីបច្ចេកទេសសង្គ្រោះក្នុងករណី៖ ការលង់ទឹក, ការហូរឈាម និងការបាក់ឆ្អឹង។ ដោយឡែក និស្សិតជប៉ុនក៏បានចែករំលែកនូវវិធីសាស្ត្រមួយចំនួនដូចជា៖ ការចងការ៉ូឃាត់ឈាម, របួសក្បាល និងបច្ចេកទេសចងចំណងងាយស្រួលស្រាយ។

ជាលទ្ធផលនៃទស្សនកិច្ចនេះ ប្រតិភូនិស្សិតកាកបាទក្រហមជប៉ុន បានសម្ដែងនូវក្តីរំភើបរីករាយ និងវាយតម្លៃខ្ពស់ចំពោះបដិសណ្ឋារកិច្ច ក៏ដូចជាបទពិសោធន៍ថ្មីៗដែលទទួលបានពីការចុះអនុវត្តផ្ទាល់ជាមួយសហគមន៍កម្ពុជា។ និស្សិតទាំងអស់បានប្ដេជ្ញានឹងនាំយកនូវចំណេះដឹង និងចំណាប់អារម្មណ៍ល្អៗទាំងនេះ ទៅផ្សព្វផ្សាយបន្តនៅក្នុងប្រទេសជប៉ុន ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការមនុស្សធម៌រវាងសមាគមជាតិទាំងពីរឱ្យកាន់តែស្អិតរមួតបន្ថែមទៀត៕