បន្ទាយមានជ័យ៖ អង្គការ ហាន់ឆាន់ខាំ បាននាំយកអំណោយមានអង្ករ នំ សម្ភារៈ មួយចំនួន ប្រគល់ជូនដល់ កុមារៗដែលស្នាក់នៅមណ្ឌលសង្គ្រោះជនអស់សង្ឃឹមទី២ ស្រុកមង្គលបូរី សម្រាប់ចាត់ចែងប្រេីប្រាស់តាមតម្រូវការក្នុងមណ្ឌល។
ពិធីនេះក៏មានអញ្ជេីញចូលរួមជាអធិបតីភាព ឯកឧត្ដម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត ដោយមានការចូលរួមពីលោក គីម យ៉ុងអ៊ុក ប្រធានអង្គការហាឆាន់ខាំ និងភរិយា ព្រមទាំង ក្រុមការងារ នាថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០២៦។
លោក គីម យ៉ុងអ៊ុក ក៏បានបង្ហាញអំពីក្តីសប្បាយរីករាយនៅពេលដែលឃើញកុមារៗ មានភាពរួសរាយរាក់ទាក់ បង្ហាញអំពីក្ដីស្រឡាញ់ចំពោះរូបលោក ក៏ដូចជាក្រុមការងារ ។ ហេីយលោកក៏បានអរគុណចំពោះរដ្ឋបាលខេត្ត ដែលតែងជួយសម្របសម្រួល បង្កភាពងាយស្រួលដល់ក្រុមការងាររបស់លោក ដើម្បីចូលរួមចំណែកលើកកម្ពស់ធនធានមនុស្ស ក៏ដូចជាជួយដល់កុមារនៅក្នុងខេត្តបន្ទាយមានជ័យមានឱកាសក្នុងការសិក្សារៀនសូត្រ ក្រេបយកចំណេះដឹង។
នាឱកាសនោះឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក៏បានថ្លែងអំណរគុណចំពោះលោក គីម យ៉ុងអ៊ុក ប្រធានអង្គការហាឆាន់ខាំ និងភរិយា ដែលបាននាំយកនូវអំណោយមានអង្ករ និងសម្ភារៈផ្តល់ ជូនដល់មណ្ឌលសម្រាប់ប្រើប្រាស់ ដេីម្បីចូលរួមចំណែកជាមួយរដ្ឋបាលខេត្តក្នុងកិច្ចការងារសង្គម។ ឯកឧត្ដម ក៏ បានបញ្ជាក់ថា ជានិច្ចកាលអង្គការ តែងតែចូលរួមចំណែកគ្រប់សម្មភាព ជាមួយរដ្ឋបាលខេត្ត ក៏ដូចជាចូលរួមក្នុងការអភិវឌ្ឍធនធានមនុស្ស តាមរយៈ វិស័យអប់រំនៅក្នុងខេត្តបន្ទាយមានជ័យ ជាដេីម។
ក្នុងនោះដែរឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការណែនាំទៅដល់ក្មួយៗ កុមារៗ ដែលកំពុងស្នាក់នៅមណ្ឌល ត្រូវខិតខំរៀនសូត្រ ក្រេបយកចំណេះ ដឹង ដេីម្បីក្លាយជាធនធានដ៏សំខាន់សម្រាប់ប្រទេសជាតិ និងត្រូវស្ដាប់ដំបូន្មានចាស់ទុំ លោកគ្រូ-អ្នកគ្រូ ក៏ដូចជារាមច្បងនៅក្នុងមណ្ឌល មួយវិញទៀត ត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀន។
ចំពោះអំណោយដែលផ្តល់ជូន រួមមាន អង្ករ១តោន, នំកញ្ចប់៣០០កញ្ចប់ , នំប៉ុង២០០នំ សម្លៀកបំពាក់៤កេសធំ រួមនឹងថវិកាមួយចំនួន៕ដោយ៖ឃិន គន្ធា






































