ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ចុះផ្សព្វផ្សាយសភាពការណ៍កម្ពុជា និងសមិទ្ធផលនានា ជូនដល់ក្រុមប្រឹក្សាឃុំ សង្កាត់ មន្ត្រីរាជការ និងប្រជាពលរដ្ឋ នៅក្នុងខេត្តកំពង់ចាម

0

កំពង់ចាម: ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំ ភូមិភាគទី២ បានអំពាវនាវសូមឱ្យប្រជាពលរដ្ឋ បន្តរួបរួមសាមគ្គី ឯកភាពជាតិជាធ្លុងមួយ និង មានការជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ក្នុងការចាត់វិធានការការពារបូរណភាពទឹកដី សុខ សន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ ថ្លែងបែបនេះក្នុងកិច្ចប្រជុំផ្សព្វផ្សាយសភាពការណ៍កម្ពុជា និង សមិទ្ធផលនានា ជូនដល់ក្រុមប្រឹក្សាឃុំ សង្កាត់ មន្ត្រីរាជការ និងប្រជាពលរដ្ឋនៅក្នុងស្រុកកំពង់សៀម និងក្រុងកំពង់ចាម នារសៀលថ្ងៃទី១៧ ខែមិនា ឆ្នាំ២០២៦ ក្រោមវត្តមានឯកឧត្តម អ៊ុន ចាន់ ដា អភិបាលខេត្តកំពង់ចាម ។

ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បាន រំលិចអំពីល្បិចកលដ៏ខ្មៅងងឹតរបស់ប្រទេសថៃ នៅក្នុងការបង្កអស្ថិរភាពនៅតាមបណ្តោយ ព្រំប្រទល់រវាងប្រទេសទាំងពីរ និងសុច្ឆន្ទៈរបស់កម្ពុជាក្នុងការរិះរកដំណោះស្រាយតាមរយៈការចរ ចារដោយសន្តិវិធី ជៀសវាងការប្រើកម្លាំង ដើម្បីសុខុមាលភាព និងសន្តិភាពសម្រាប់ប្រជាជន ទាំងពីរកម្ពុជា -ថៃ ។

ឯកឧត្តមប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានផ្តាំផ្ញើដល់អាជ្ញាធរ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យ មានការប្រុងប្រយ័ត្នខ្ពស់ចំពោះវោហារសាស្ត្រអុជអាលបំបែកបំបាក់សង្គមជាតិរបស់ជនអគតិ មួយចំនួន ជាពិសេសសកម្មភាពរបស់ជនក្បត់ជាតិតជំនាន់ ព្រមទាំងពង្រឹងមហាសាមគ្គីជាតិកាន់តែ រឹងមាំថែមទៀត នៅក្នុងកាលៈទេសៈដែលប្រទសជាតិមាតុភូមិ កំពុងប្រឈមនឹងហានិភ័យនៃ អំពើឈ្លានពានរបស់ប្រទេសថៃ​ ។

ជាមួយគ្នានោះឯកឧត្តម អ៊ុច បូររិទ្ធ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ឱ្យបន្តរួបរួមសាមគ្គី ឯកភាពជាតិជាធ្លុងមួយ និងមានជំនឿជឿជាក់លើការដឹកនាំប្រកបដោយ គតិបណ្ឌិតរបស់ សម្តេចតេជោ ប្រធានព្រឹទ្ធសភា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការចាត់វិធានការការពារបូរណភាពទឹកដី សុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ​ផងដែរ​ ៕