(កំពង់ធំ)÷ ដោយអនុវត្តតាមការចង្អុលដឹកនាំដ៏ខ្ពង់ខ្ពស់ពីឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែ មីនា និងលើកទិសដៅបន្ត សម្រាប់ខែ មេសា ដល់កងកម្លាំង
ចូលរួមប្រមាណ ២៨០នាក់ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត។
លោកឧត្តមសេនីយ៍ទោ ហេង សុផល
ស្នងការនគរបាលខេត្ត បានថ្លែងបើកកិច្ចប្រជុំ សូមឱ្យបណ្ដាអង្គភាពចំណុះស្នងការដ្ឋាននគរបាលខេត្ត ពង្រឹងរបៀបរបបកិច្ចប្រជុំជាប្រចាំ ដោយប្រមូលយកបញ្ហាប្រឈម រួមគ្នាគិត រួមគ្នាដោះស្រាយ ដើម្បីឈានទៅសម្រេចបាន តាមគោលនយោបាយរបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាន
នគរបាលជាតិ។
បន្ទាប់ពីលោកស្រីអនុសេនីយ៍ទោ សាំង សូនីតា នាយផ្នែកការិយាល័យសរុបផែនការ អានរបាយការណ៍ បូកសរុបលទ្ធផលការងារប្រចាំខែមីនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហេង សុផល មានប្រសាសន៍បូកសរុប និងដាក់ចេញជាទិសដៅលើការងារ៥ចំណុច ដល់ថ្នាក់ដឹកនាំ ផែនការងារជំនាញ និងលោកអធិការដ្ឋាននគរបាលទាំង០៩ក្រុង-ស្រុក យកទៅអនុវត្តឱ្យទទួលបានប្រសិទ្ធភាពខ្ពស់÷ ១-បង្កើនការផ្សព្វផ្សាយ គោលនយោបាយនានា របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសការអនុវត្គោលនយោបាយ”ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ដែលមានលក្ខណៈសម្បត្តិ ៧យ៉ាង ដល់តាមរយៈការធ្វើវេទិកាសាធារណៈ ដល់មហាជន គ្រប់ស្រទាប់វណ្ណៈ ដើម្បីលើកកម្ពស់ ការយល់ដឹង និងចូលរួមអនុវត្ត ឱ្យមានលទ្ធផលល្អប្រសើរ ដើម្បីចូលរួមសហការ បង្ការ ទប់ស្កាត់បទល្មើសគ្រប់ប្រភេទ តាមផែនការយុទ្ធសាស្ត្រ ដែលបានកំណត់ របស់រាជរដ្ឋាភិបាលនីតិកាលទី៧។ ២- ផែនព្រហ្មទណ្ឌ ទោះបីជាសភាពការណ៍ បទល្មើសកើនឡើង តែបងប្អូនកងកម្លាំងយើងបង្ក្រាបបានទាន់ពេលវេលា ដើម្បីផ្ដន្ទាទោសតាមនីតិវិធីច្បាប់។ ៣-ផែនការងារសណ្តាប់ធ្នាប់សាធារណៈ គ្រោះថ្នាក់ចរាចរណ៍ នៅតែជាបញ្ហាប្រឈម ដោយសារកត្តាមនុស្ស កត្តាយានយន្ត និងកត្តាផ្លូវថ្នល់ សូមឱ្យមន្ត្រីជំនាញ សហការជាមួយអាជ្ញាធរដែនដី លោកគ្រូ-អ្នកគ្រូ បង្កើនការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងគ្រោះថ្នាក់ផ្សេងៗ (ករណីមនុស្សលង់ទឹក) ដល់ជនគោលដៅងាយរងគ្រោះ និងសិស្សានុសិស្ស ដើម្បីបញ្រ្ជាបការយល់ដឹង នឹងមានការប្រុងប្រយ័ត្ន ឱ្យបានគ្រប់ៗគ្នា ចៀសផុតពីហានិភ័យនានា ដែលអាចកើតមានឡើងជាយថាហេតុ ។ដោយឡែកប៉ុស្តិ៍នគរបាលរដ្ឋបាល ដែលនៅជិតសាលារៀន ត្រូវបែងចែកកងកម្លាំងផ្លាស់ប្តូរវេន ជួយសម្រួលចរាចរណ៍ ជូនសិស្សានុសិស្ស ដែលឆ្លងកាត់ផ្លូវថ្នល់ ឬទីកន្លែងដែលមានប្រឈម។ ៤- ការងារអត្តសញ្ញាណកម្ម : សូមបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ចំពោះការងារផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ ប្រកបដោយទំនុកចិត្ត ការផ្តល់សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។ ៥-ការងារគ្រប់គ្រងជនបរទេស : រយៈពេលកន្លងមកបងប្អូនកងកម្លាំងយើង អនុវត្តតួនាទី ភារកិច្ច បានល្អប្រសើរ លើការងារគ្រប់គ្រងវត្តមានជនបរទេស ដែលមកស្នាក់នៅ ក្នុងមូលដ្ឋានខេត្តយើង បានត្រឹមត្រូវ ច្បាស់លាស់ ចៀសផុតពីបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ព្រមទាំងប្ដេជ្ញាចិត្តមិនអនុញ្ញាតឱ្យមានវត្តមាន(Online Scams) ជាដាច់ខាត លើទឹកដីខេត្តកំពង់ធំ យើងឡើយ ។
លោកឧត្តមសេនីយ៍ទោ ស្នងការ បានថ្លែងកោតសរសើរ ដល់មន្ត្រីគ្រប់លំដាប់ថ្នាក់ទូទាំងខេត្ត ដោយឡែកកងកម្លាំងនគរបាលព្រហ្មទណ្ឌ និងអត្តសញ្ញាណកម្ម ដែលមានស្នាដៃ គុណបំណាច់ ក្នុងការអនុវត្តតួនាទី ភារកិច្ច បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ធានាសេចក្តីសុខក្សេមក្សាន្ត ជូនជាតិមាតុភូមិ។





































