ខេត្តស្វាយរៀង៖ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀងបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមីនា និងលើកទិសដៅការងារខែមេសា ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀងព្រឹកថ្ងៃទី២៤ខែមីនាឆ្នាំ២០២៦នេះ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីតំណាងឯកឧត្តមប្រធានសាលាដំបូងខេត្ត តំណាងឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកស្រីមេធាវីរដ្ឋបាលខេត្ត លោក អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង តំណាងទីស្នាក់ការត្រួតពិនិត្យច្រកទ្វាអន្តរជាតិបាវិត និងព្រៃវល្លិ៍ លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត លោកអភិបាលក្រុង/ស្រុកទាំង៨ លោក លោកស្រី នាយកទីចាត់ការ/ប្រធានអង្គភាពចំណុះសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ។
ឯកឧត្តមអភិបាលខេត្តបានថ្លែងនូវការអរគុណចំពោះកងកម្លាំង និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ដែលបានយកចិត្តសហការការការពារសន្តិសុខសណ្តាប់បានល្អជូនដល់ប្រជាពលរដ្ឋ ទន្ទឹមនេះក៏សូមអរគុណដល់ក្រុមហ៊ុនហ័រសាំង អ៊ិនធើណេសិនណាល អេសហ្សិត ឯ.ក ដែលបានផ្តល់ជំនួយឧបត្ថម្ភអំពូលភ្លើងសូឡាចំនួន ១,៨០០ដើម សម្រាប់បំភ្លឺផ្លូវសាធារណៈ នៅតាមបណ្តោផ្លូវជាតិលេខ១ ចាប់ពីក្រុងស្វាយរៀង ស្រុកស្វាយទាប និងក្រុងបាវិត ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនាពេលយប់។
ឯកឧត្តមអភិបាលខេត្តក៏បានដាក់ចេញនូវទិសដៅសំខាន់ៗមួយចំនួនដូចខាងក្រោម៖
១.អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ត្រូវពិនិត្យតាមដានរាល់កម្មភាពនៅតាមអាគារ ឬទីតាំងណាដែលការសង្ស័យថា មានករណី( អនឡាញស្គេម)ត្រូវរាយការណ៍ជូនដល់សមត្ថកិច្ចជំនាញពាក់ព័ន្ធដើម្ពីចុះពិនិត្យបោសសម្អាតឱ្យដល់ ឬសគល់ចេញពីមូលដ្ឋានដោយមិនមានការលើកលែងឡើយ។
២.ត្រូវខិតខំទប់ស្គាត់ឱ្យបានម៉ឺងម៉ាត់ រាល់សកម្មភាពរបស់ប្រជាពលរដ្ឋមួយចំនួនដែលសង់ទន្ទ្រានលើដីរបស់រដ្ឋដូចជា ដីចំណីផ្លូវ ព្រែក ប្រឡាយ ស្ទឹង បឹងបួរជាដេីម ត្រូវទប់ស្កាត់ដោះស្រាយឱ្យបានទាន់ពេលវេលា។
៣,រដ្ឋបាលក្រុងស្រុកត្រូវដាក់ផែនការសម្អាតអនាម័យបរិស្ថាននៅទីសាធារណៈនៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានស្អាតជាពិសេសនៅតាមបណ្តោយផ្លូវជាតិ ឫទីប្រជុំជននានា។
៤.បន្តពង្រឹងការបង្ក្រាបក្មេងទំនើង បញ្ហាសន្តិសុខសណ្តាប់ធ្នាប់ និងទប់ស្កាត់ការជួញដូរចែកចាយ ប្រើប្រាស់គ្រឿងញៀននៅតាមមូលដ្ឋានឲ្យបានម៉ឺងម៉ាត់។
៥.រដ្ឋបាលក្រុង/ស្រុកត្រូវ បន្តការសហការតាមដានព័ត៌មានដែលបានផ្សាយពីចំណុចអវិជ្ជមាននានាពីមូលដ្ឋានរបស់ខ្លួន និងត្រូវពិនិត្យដោះស្រាយ ឆ្លើយតបឱ្យបានត្រឹមត្រូវទាន់ពេលវេលា។
៦.ក្រុមការងារអនុគណៈកម្មការសង្ក្រាន្តស្វាយរៀងត្រូវរៀបចំការងាររបស់ខ្លួនទៅតាមតួនាទីភារកិច្ចរបស់អនុគណៈកម្មការនីមួយៗអោយបានទាន់ពេលវេលាសម្រេចតាមផែនការដែលបានគ្រោងទុក ដើម្បីចូលរួមអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតខ្មែរ ដែលនិងឈានចូលមកដល់នៅពេលខាងមុខនេះ។
នៅក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមអភិបាលខេត្តបានអនុញ្ញាតឱ្យអង្គប្រជុំ មានការលើកជាមតិយោបល់ និងបញ្ហាផ្សេងៗផងដែរ ក្នុងនោះមន្ទីរ/អង្គភាព មួយចំនួនបានលេីកពីវឌ្ឍនភាពការងារដែលមន្ទីរ/អង្គភាពរបស់ខ្លួន និងបញ្ហាប្រឈមដែលត្រូវដោះស្រាយ។





































