ខេត្តព្រះវិហារ៖ ក្នុងស្មារតីសាមគ្គីភាព និងការទទួលខុសត្រូវខ្ពស់ចំពោះសង្គម រដ្ឋបាលស្រុកជ័យសែន នៃខេត្តព្រះវិហារ បានចាប់ដៃគូសហការជាមួយ «ក្លឹបនៃក្តីស្រឡាញ់» នៃសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ខេត្តព្រះវិហារ រៀបចំយុទ្ធនាការបរិច្ចាគឈាមក្រោមប្រធានបទ «ផ្តល់ឈាម ផ្តល់ក្តីស្រឡាញ់» នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ នេះ។
តាមរយៈយុទ្ធនាការនេះ មានយុវជន និងប្រជាពលរដ្ឋ ៦៦ នាក់ ស្រ្តី ១៥ នាក់ បានអញ្ជើញមកចុះឈ្មោះសុំបរិច្ចាគឈាមដោយស្ម័គ្រចិត្ត។ ជាលទ្ធផល ក្រោយការពិនិត្យលក្ខខណ្ឌសុខភាពយ៉ាងដិតដល់ មានសប្បុរសជន ៤៧នាក់ បានបរិច្ចាគឈាមដោយជោគជ័យ ដើម្បីយកទៅរក្សាទុកក្នុងឃ្លាំងឈាមសម្រាប់សង្គ្រោះបន្ទាន់។
អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី តំណាង «ក្លឹបនៃក្តីស្រឡាញ់» បានបញ្ជាក់ថា យុទ្ធនាការនេះគឺជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការជំរុញឱ្យសម្រេចបាននូវគោលដៅ «ការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ១០០%» របស់មជ្ឈមណ្ឌលជាតិផ្តល់ឈាម។ លោកថា សកម្មភាពនេះមិនត្រឹមតែជួយពង្រឹងសុវត្ថិភាព និងនិរន្តរភាពនៃតម្រូវការឈាមក្នុងមន្ទីរពេទ្យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបណ្ដុះវប្បធម៌នៃការចែករំលែក ដោយមិនគិតកម្រៃនៅក្នុងសហគមន៍ផងដែរ។
លោកអភិបាលខេត្តបានបញ្ជាក់ទៀតថា ឈាមដែលទទួលបានពីយុទ្ធនាការនេះ នឹងត្រូវប្រើប្រាស់ជាប្រយោជន៍ដ៏មហាសាល ក្នុងការសង្គ្រោះជីវិតអ្នកជំងឺ ដែលកំពុងស្ថិតក្នុងស្ថានភាពអាសន្ន ,អ្នកជំងឺដែលត្រូវការការវះកាត់ធ្ងន់ធ្ងរ ,អ្នកជំងឺមហារីក និងជំងឺឈាមផ្សេងៗ ,ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ ឬរបួសធ្ងន់ ជាពិសេស គឺស្រ្តីដែលជួបប្រទះបញ្ហាខ្វះឈាមក្នុងពេលឆ្លងទន្លេ។ លោកអភិបាលខេត្ត ក៏បានបង្ហាញនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តរៀបចំកម្មវិធីមនុស្សធម៌បែបនេះឱ្យបានជាប្រចាំ ដើម្បីធានាថា គ្មានអ្នកជំងឺណាម្នាក់ត្រូវបាត់បង់ជីវិត ដោយសារការខ្វះឈាមនោះឡើយ៕ដោយ៖ឡុង សំបូរ





































