ប្រធានគណបញ្ជាការឯកភាពខេត្តកំពង់ធំជម្រុញឲ្យមន្រ្តីកងរាជ អាវុធហត្ថទើបជាប់ថ្មីខិតខំរៀនសូត្រហ្វឹកហាត់ឲ្យបានខ្ជាប់ខ្ជួន

0

(កំពង់ធំ) ÷ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងជាប្រធានគណបញ្ជាការឯកភាពខេត្ត បានជំរុញឲ្យយោធិនកងរាជអាវុធហត្ថដែលទើបជាប់ថ្មីខិតខំប្រឹងប្រែង សិក្សារៀនសូត្រ ហ្វឹកហាត់ឲ្យអស់ពីសមត្ថភាពដើម្បីសម្រេចគោលដៅរបស់ខ្លួន។

ឯកឧត្តមថ្លែងដូចនេះក្នុងវិធីសំណេះសំណាល នឹងជូនដំណើរយោធិន នៃកងរាជអាវុធ ហត្ថដែលទើបជ្រើសរើសថ្មី (ជាប់ស្ថាពរ) ទៅហ្វឹកហាត់នៅវិទ្យាស្ថានកងរាជអាវុធ ហត្ថ ( កំបូល) នៅព្រឹកថ្ងៃទី 23 ខែមីនាឆ្នាំ 2026 នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ។

ឯកឧត្តមលើកឡើងថាក្នុងស្ថានភាពបច្ចុប្បន្នដែលពិភពលោកបាត់បង់សណ្តាប់ធ្នាប់ ហើយជាពេលដែលប្រទេសកម្ពុជាកំពុងមានជម្លោះជាមួយប្រទេសថៃដែលបង្កឱ្យមានផលប៉ះពាល់ យ៉ាងខ្លាំងដល់ប្រទេសជាតិយើង ទាំងផ្នែកសេដ្ឋកិច្ច និងការបាត់បង់អាយុជីវិតវីរៈកងទ័ពជួរមុខរបស់យើង។ ឯកឧត្តមបន្តថាប្រទេសថៃបានមើលឃើញពីឱកាសនេះហើយបានធ្វើការឈ្លានពានទាំងកំរោលមកលើព្រំដែនរបស់យើង តែយើងចាំបាច់ត្រូវតែការពារខ្លួន ហើយយើងក៏មិនឈ្លានពានគេដែ។ ដើម្បីឱ្យយើងខ្លាំងលុះត្រាតែខ្លួនយើងខ្លាំង សេដ្ឋកិច្ចយើងខ្លាំង មានសព្វាវុធគ្រប់គ្រាន់ មានសាមគ្គីភាពផ្ទៃក្នុងរឹងមាំ ហើយគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវតែខិតខំប្រឹងប្រែងអភិវឌ្ឍន៍ សហករណ៍គ្នាឲ្យបានល្អ ទើបយើងអាចសម្រេចគោលដៅបាន។

ឯកឧត្តមបានផ្តល់អនុសាសន៍សំខាន់ៗ មួយចំនួនដល់ប្អូនៗជាយោធិនកងរាជអាវុធហត្ថដែលទើបតែជាប់ថ្មីត្រូវតែចងចាំក្នុងខ្លួនជានិច្ច ÷
១. ត្រូវមានឆន្ទះមោះមុត អង់អាចក្លាហាន
២. ត្រូវខិតខំសិក្សារៀនសូត្រ
៣. ត្រូវខិតខំហ្វឹកហាត់ ហ្វឹកហ្វឺនខ្លួនបានខ្លាំង
៤. ត្រូវគោរពវិន័យឲ្យបានល្អ
កត្តាសំខាន់ទាំងនេះគឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ប្អូនៗ ក្មួយៗ ទាំងអស់ត្រូវតែអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួនដើម្បីប្រែក្លាយខ្លួនបានរឺងមាំ ក្លាយជាមនុស្សម្នាក់ដែលមានសក្តានុពលក្នុងអង្គភាពក៏ដូចជាប្រទេសជាតិទាំងមូល។

ឯកឧត្តមក៏សូមថ្លែងអំណរគុណដល់បងប្អូនពុកម៉ែទាំងអស់ដែលបានមកចូលរួមនឹងជូនដំណើរយោធិនទាំងអស់ ដែលនេះជាទឹកចិត្តដ៏ប្រពៃ នឹងជាកំលាំងចិត្តដល់ពួកគាត់ក្នុងការបន្តដំណើរលើវិថីនេះដើម្បីសម្រេចគោលដៅក្នុងការការពារប្រទេសជាតិ។

សូមបញ្ជាក់ថា យោធិននៃកងរាជអាវុធ ហត្ថដែលទើបជ្រើសរើសថ្មី ចូលរួមវគ្គបណ្តុះបណ្តាលនេះមានចំនួន ៣៤ នាក់។អត្ថបទសោមពិសី-ពិនិត្យអ៊ុមញឹប