រដ្ឋបាលខេត្តស្ទឹងត្រែង ប្រកាសសង្គ្រាមលើបទល្មើសបច្ចេកវិទ្យា និងល្បែងអនឡាញ ខណៈត្រៀមរៀបចំ «ស្ទឹងត្រែងសង្ក្រាន្ត ២០២៦» យ៉ាងអធិកអធម!

0

ខេត្តស្ទឹងត្រែង៖ ក្នុងស្មារតីពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ និងបង្កើនភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងល្បែងស៊ីសងអនឡាញឱ្យអស់ពីមូលដ្ឋាន ស្របពេលដែលខេត្តកំពុងត្រៀមរៀបចំព្រឹត្តិការណ៍ «ស្ទឹងត្រែងសង្ក្រាន្ត ឆ្នាំ២០២៦»ខាងមុខនេះ។

ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្តស្ទឹងត្រែង នៅដើមសប្តាហ៍នេះ លោកអភិបាលខេត្ត បានសង្កត់ធ្ងន់ថា ការលុបបំបាត់បទល្មើសឆបោកតាមអនឡាញ គឺជា «កិច្ចការអាទិភាពខ្ពស់បំផុត»។ លោកបានជំរុញឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តតាមដានឲ្យដូចភ្លៀងរលឹម កងកម្លាំង និងអាជ្ញាធរត្រូវចុះត្រួតពិនិត្យទីតាំងសង្ស័យជាប្រចាំ មិនត្រូវឱ្យបទល្មើសទាំងនេះមានឱកាសងើបឡើងវិញក្នុងមូលដ្ឋានឡើយ ត្រូវអនុវត្តការងារដោយភាពទទួលខុសត្រូវខ្ពស់ ស្របតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល។

ក្រៅពីកិច្ចការសន្តិសុខ រដ្ឋបាលខេត្តក៏បានបង្ហាញពីការត្រៀមខ្លួនយ៉ាងសកម្ម ក្នុងការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំនេះ ដើម្បីទទួលស្វាគមន៍បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។ គណៈកម្មការរៀបចំព្រឹត្តិការណ៍ត្រូវបានបង្កើតឡើង ដើម្បីធានាថា ការអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នឹងប្រព្រឹត្តទៅដោយភាពសប្បាយរីករាយ និងមានសណ្តាប់ធ្នាប់ល្អ។

លោក សរ សុពុត្រា អភិបាលខេត្ត ក៏បានវាយតម្លៃខ្ពស់ចំពោះសភាពការណ៍សន្តិសុខទូទៅក្នុងខេត្ត ដែលរក្សាបាននូវស្ថិរភាពរឹងមាំ។ តែទោះជាយ៉ាងនេះក្តី លោកអភិបាលខេត្ត ក៏នៅតែបន្តជំរុញឱ្យបន្តបង្រ្កាបគ្រឿងញៀន និងក្មេងទំនើង រួមគ្នាអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីធានាឱ្យបាននូវសុវត្ថិភាពទាំងស្រុង ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

ស្របពេលជាមួយគ្នានោះ លោកអភិបាលខេត្តស្ទឹងត្រែង បានសង្កត់ធ្ងន់ថា “យើងត្រូវស្រុះដៃគ្នាអនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាល ដើម្បីធានាថាស្ទឹងត្រែង ជាខេត្តដែលមានសន្តិសុខល្អ និងផ្តល់ភាពកក់ក្តៅបំផុតដល់ប្រជាពលរដ្ឋ”៕ដោយ៖ឡុង សំបូរ