រដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំបូកសរុបការងារអនុវត្តគោលនយោបាយ (ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព) ប្រចាំត្រីមាសទី១ និង លើកទឹកដៅត្រីមាសទី២ ឆ្នាំ២០២៦

0

សៀមរាប គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាបនៅរសៀលថ្ងៃទី២៣ ខែ មីនា ឆ្នាំ២០២៦ បានរៀបចំកិច្ចប្រជុំបូកសរុបការងារអនុវត្តគោលនយោបាយ (ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព) ប្រចាំត្រីមាសទី១ និងលើកទឹសដៅត្រីមាសទី២ ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ សួស អង្គារ៍ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារទី៩ ចុះមូលដ្ឋានខេត្តសៀមរាប ឯកឧត្តម ស៊ិន រុន សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធទាំង៣ អង្គភាពពាក់ព័ន្ធ អធិការដ្ឋាននគរបាល បញ្ជាការមូលដ្ឋានកងរាជហត្ថក្រុង ស្រុក មេប៉ុស្តិ៍ មេឃុំ សង្កាត់ប្រមាណ ៣០០នាក់ចូលរួម នៅសាលប្រជុំសាលាខេត្តសៀមរាប ។
លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត បានរាយការណ៍សង្ខេបពាក់ព័ន្ធនៃការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដែលក្រុមការងារបានអនុវត្តកន្លងមក ក្នុងនោះការបង្ក្រាបបទល្មើសនានាមានការថយចុះ ប៉ុន្តែបញ្ហាគ្រោះថ្នាក់ចរាចរណ៍មានការកើនឡើង ។ ជាមួយគ្នានេះ លោកស្នងការដ្ឋាននគរបាលខេត្ត ក៏បានធ្វើបទបង្ហាញដោយផ្តោតសំខាន់លើឧបករណ៍ផ្តលព័ត៌មានសាធាណៈសម្រាប់ប្រជាពលរដ្ឋផ្តល់ព័ត៌មានដែលកើតឡើង ដើម្បីផ្តល់ដំណឹងដល់សមត្ថកិច្ចជួយអន្តរាគមន៍ ព្រមទាំងការបោសសម្អាតបទល្មើស ហ្គេមអនឡាយ មិនឲ្យកើតមាននៅខេត្ត សៀមរាប ដែលធ្វើឲ្យប៉ះពាល់វិស័យទេសចរណ៍ និង អ្នកវិនិយោគ ។
ឯកឧត្តមនាយឧត្តមសេនីយ៍ សួស អង្គារ៍ បានវាយតម្លៃខ្ពស់ទៅលើលទ្ធផលនៃការអនុវត្តគោលនយោបាយ (ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព) ប្រចាំត្រីមាសរបស់រដ្ឋបាលខេត្តសៀមរាប និង បានណែនាំទៅដល់អង្គប្រជុំ ត្រូវពង្រឹងការអនុវត្តវិធានការច្បាប់ពាក់ព័ន្ធនឹងបទល្មើសទាំងឡាយឲ្យបានម៉ឺងម៉ាត់ ប្រកបដោយវិជ្ជាជីវៈ និងទទួលខុសត្រូវខ្ពស់។ ចំពោះបញ្ហាបទល្មើសល្បែងស៊ីសង ក្មេងទំនើង ចោរកម្ម គ្រឿងញៀន កម្លាំងសមត្ថកិច្ច និង អាជ្ញាធរមូលទាំង១០០ ឃុំ សង្កាត់ ក្នុងខេត្តសៀមរាប ត្រូវអនុវត្តវិធានការច្បាប់ និង បញ្ឈប់ឲ្យខាងតែបាន ។ ឯកឧត្តមនាយឧត្តមសេនីយ៍ ក៏បានធ្វើការសាទរផងដែរ ចំពោះវិធានការរបស់គណៈបញ្ជាការឯកភាពរដ្ឋាបាលខេត្តសៀមរាប និង កម្លាំងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ បានសហការគ្នា ល្អ ជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការគ្រប់គ្រង ធានាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ និង ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ដែលបានមកធ្វើទេសចរណ៍នៅក្នុងខេត្តប្រវត្តិសាស្ត្រមួយ និង ការកសាងសមទ្ធិផលនានាទទួលបានលទ្ធផលខ្ពស់ ។ ឯកឧត្តមក៏បានផ្តោតយ៉ាងសំខាន់ទៅលើបញ្ហា ការបង្ក្រាប(ហ្គេមអនឡាញ) បានទាន់ពេលវេលា ដោយបានធ្វើការបោសសម្អាត់មិនឲ្យមាននៅក្នុងភូមិសាស្ត្រ សៀមរាបផ្ទះខ្ញុំ ។ ឯកឧត្តមនាយឧត្តមសេនីយ៍ សួស អង្គារ៍ ក៏បានឲ្យគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង ស្រុក ត្រូវបន្តជម្រុញពង្រឹងការងារប្រឡងប្រណាំង ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ឲ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពខ្ពស់ ដោយអនុវត្តទៅតាមគោលការណ៍ទាំង ៧ចំណុច ដើម្បីធានាបាននៅសន្តិសុខសណ្ដាប់ធ្នាប់ល្អ ។ ម្យ៉ាងទៀត ត្រូវពង្រឹងការគ្រប់គ្រង និង ត្រូវត្រៀមលក្ខណៈឆ្លើយតបបញ្ហាគ្រោះមហន្តរាយ គ្រោះថ្នាក់និងជម្ងឺរាតត្បាតផ្សេងៗឲ្យមានប្រសិទ្ធភាព សំខាន់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរយើង ខាងមុខនេះ ។ អាជ្ញាធរមូលដ្ឋាន និងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុកត្រូវសហការពង្រឹងការទប់ស្កាត់ និង អនុវត្តការងារបង្ក្រាបបទល្មើសនានាឲ្យបានល្អប្រសើរ និងប្រសិទ្ធភាព ។ ឯកឧត្តមបញ្ជាក់ថា គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក និង កងកម្លាំងសមត្ថកិច្ចទាំងអស់ ចូលរួមបង្រ្កាបបញ្ហាគ្រឿងញៀន ក្មេងទំនើង និងគ្រោះថ្នាក់ចរាចរណ៍ត្រូវអនុវត្តឲ្យមានប្រសិទ្ធភាព និង ទៀងទាត់ នៅតាមទីសាធារណៈសាលារៀន និងតាមទីតាំងអាជីវកម្មសប្បាយ ព្រមទាំងត្រូវពង្រឹងក្រមសីលធម៌ អង្គការវិន័យរបស់កងកម្លាំង និង អនុវត្តឲ្យបាន នូវអភិក្រមទាំង៥ របស់រាជរដ្ឋាភិបាល និង បង្កើនការយកចិត្តទុកដាក់អនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស លើគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ។
ក្នុងនោះដែរក៏មានការប្រគល់ប័ណ្ណសរសើរដល់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក និង ប៉ុស្តិនគរបាលរដ្ឋបាល ទាំង ១០០ ឃុំសង្កាត់ផងដែរ ៕