អភិបាលខេត្តស្ទឹងត្រែង៖ «វត្តមានសត្វផ្សោត គឺជាសូចនាករនៃសុខភាពទន្លេមេគង្គ» ខណៈកិច្ចអភិរក្សកំពុងរឹតបន្តឹងខ្លាំង!

0

ខេត្តស្ទឹងត្រែង៖ ថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង បានបង្ហាញនូវមោទនភាព ចំពោះលទ្ធផលនៃកិច្ចសហការអភិរក្សសត្វផ្សោតទន្លេមេគង្គ ដោយអះអាងថា ទោះបីជាចំនួនសត្វផ្សោតក្នុងឆ្នាំ២០២៦នេះ មិនមានការកើនឡើងគួរឱ្យកត់សម្គាល់ ប៉ុន្តែការទប់ស្កាត់ការបាត់បង់ គឺជាជោគជ័យដ៏ធំធេងមួយ ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីមន្ត្រីជំនាញ និងក្រុមឆ្មាំទន្លេ។

ក្នុងកិច្ចសម្ភាសន៍ពិសេសស្តីពី «សក្ដានុពល និងការអភិវឌ្ឍខេត្តស្ទឹងត្រែង» ជាមួយក្លឹបអ្នកកាសែតកម្ពុជា នៅដើមសប្តាហ៍នេះ លោក សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានសង្កត់ធ្ងន់ពីទំនាក់ទំនងរវាងសត្វផ្សោត និងគុណភាពទឹកទន្លេ។ លោកបានលើកឡើងថា «ទីតាំងណាដែលមានវត្តមានសត្វផ្សោតរស់នៅ វាគឺជាសញ្ញាបញ្ជាក់ថា ទឹកទន្លេនៅទីនោះមានសុខភាពល្អ។ ដូច្នេះសត្វផ្សោតមិនអាចរស់នៅក្រៅទឹកបានឡើយ ហើយពួកគេក៏មិនអាចរស់ក្នុងមជ្ឈដ្ឋានដែលមានមេរោគ ឬការបំពុលបានដែរ»។

​          លោកអភិបាលខេត្តបានបញ្ជាក់ថា ទោះបីជាស្ថានភាពប្រឈមមានច្រើន ប៉ុន្តែក្រោមការតាមដានយ៉ាងស្អិតរមួតពីក្រុមឆ្មាំទន្លេ ខេត្តស្ទឹងត្រែងអាចរក្សាបាននូវស្ថិរភាពចំនួនសត្វផ្សោត ដោយមិនមានការបាត់បង់ក្នុងឆ្នាំនេះនោះទេ។ លោកអភិបាលខេត្ត បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា តាមរយៈយុទ្ធសាស្ត្រការពារបច្ចុប្បន្ន ចំនួនសត្វផ្សោតនឹងមានការកើនឡើងជាបន្តបន្ទាប់នៅឆ្នាំក្រោយៗទៀត។

ទន្ទឹមនេះ ដើម្បីលើកកម្ពស់ការយល់ដឹងដល់សាធារណជន រដ្ឋបាលខេត្តស្ទឹងត្រែងក៏បានសាងសង់ «រូបសំណាកគ្រួសារផ្សោត» នៅលើសួនបវរធិបតី ដែលតំណាងឱ្យសុភមង្គល សិរីសួស្ដី និងភាពសុខដុមរមនារបស់ប្រជាជនក្នុងខេត្ត។

គិតត្រឹមឆ្នាំ២០២៦ ចំនួនសត្វផ្សោតសរុបក្នុងប្រទេសកម្ពុជា មានចំនួន ១១៣ ក្បាល ,ក្រុមឆ្មាំទន្លេមានចំនួន ៧២ រូប ធ្វើការយាមល្បាត ២៤/៧ នៅតំបន់អភិរក្ស ក្រោមកិច្ចសហការរបស់អន្តរស្ថាប័ន រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, រដ្ឋបាលខេត្តក្រចេះ-ស្ទឹងត្រែង រដ្ឋបាលជលផលក្រចេះ-ស្ទឹងត្រែង និងអង្គការ WWF។ កិច្ចខិតខំប្រឹងប្រែងនេះ មិនត្រឹមតែជាការការពារប្រភេទសត្វ ដែលជិតផុតពូជប៉ុណ្ណោះទេ ប៉ុន្តែ វាគឺជាការការពារនិរន្តរភាពនៃធនធានធម្មជាតិ និងវិស័យទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិ ។

ដូច្នេះ សូមចូលរួមទាំងអស់គ្នា ដើម្បីការពារ “រតនសម្បត្តិរស់” នៃទន្លេមេគង្គឱ្យនៅគង់វង្ស សម្រាប់កូនចៅជំនាន់ក្រោយៗទៀត៕ដោយ៖ឡុង សំបូរ