ខេត្តរតនគិរីត្រៀម “សង្ក្រាន្តឆ្នាំថ្មី ២០២៦” អភិបាលខេត្តដាក់បទបញ្ជាក្តៅ រឹតបន្តឹងសន្តិសុខ ២៤ម៉ោង និងបម្រាមល្បែងស៊ីសង!

0

ខេត្តរតនគិរី៖ ដើម្បីធានាបាននូវភាពសប្បាយរីករាយ និងសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ២០២៦ ខាងមុខនេះ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានដាក់ចេញនូវវិធានការសន្តិសុខយ៉ាងតឹងរ៉ឹងបំផុត ដោយតម្រូវឱ្យកងកម្លាំងប្រចាំការការពារ ២៤ម៉ោងលើ២៤ម៉ោង និងហាមដាច់ខាតនូវរាល់ល្បែងស៊ីសង និងការកម្សាន្តដែលបង្កហានិភ័យ។

ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦  លោក ញ៉ែម សំអឿន អភិបាលខេត្តបានសង្កត់ធ្ងន់លើចំណុចសំខាន់ៗចំនួន ៣ ដើម្បីរៀបចំ “សង្ក្រាន្តរតនគិរី” ឱ្យប្រកបដោយជោគជ័យ គឺ ១. វិន័យ និងសណ្តាប់ធ្នាប់ ,២. សុវត្ថិភាព និងការបង្ការគ្រោះអគ្គិភ័យ និង ៣. ការរៀបចំសោភ័ណភាព និងបរិស្ថានទេសចរណ៍ ឲ្យបានល្អប្រសើរ។

លោកអភិបាលខេត្តរតនគិរី បានប្រកាសបម្រាមយ៉ាងដាច់អហង្ការ ចំពោះការលេងល្បែងស៊ីសងគ្រប់ប្រភេទ។ ទន្ទឹមនឹងនេះ ការលេងបាញ់ទឹក ជះទឹក ប៉ាតម្សៅ ប៉ាតធ្យូង និងការដុតផាវ ដែលធ្លាប់តែបង្កភាពរំខាន និងគ្រោះថ្នាក់ ក៏ត្រូវបានហាមឃាត់ផងដែរ។ លោកបានបញ្ជាឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវចុះរៀបចំសណ្ដាប់ធ្នាប់ជាប្រចាំចាប់ពីថ្ងៃនេះតទៅ។

លោក ញ៉ែម សំអឿន បានណែនាំឱ្យម្ចាស់ស្តង់ និងអាជីវករទាំងអស់ ត្រូវត្រៀមបំពង់ពន្លត់អគ្គិភ័យ និងចេះប្រើប្រាស់ឱ្យបានស្ទាត់ជំនាញ។ រាល់ការដុតទៀន ធូប ត្រូវដាក់ឱ្យឆ្ងាយពីទំនិញ ហើយត្រូវបិទប៉ារ៉ែតភ្លើងឱ្យបានត្រឹមត្រូវមុនចាកចេញពីទីតាំង ដើម្បីបង្ការគ្រោះអគ្គិភ័យជាយថាហេតុ ខណៈអាកាសធាតុមានការកើនឡើងនូវកម្ដៅខ្លាំង នារដូវរាំងស្ងួតនេះ។ ហើយរដ្ឋបាលខេត្តរតនគិរីនឹងរៀបចំសង្ក្រាន្តឆ្នាំថ្មី នៅក្នុងបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត រយៈពេល ៣ថ្ងៃ (១៤-១៦ មេសា២០២៦)។

លោកញ៉ែម សំអឿន ​អភិបាលខេត្ត បានជំរុញឱ្យគ្រប់មន្ទីរ-អង្គភាព រៀបចំរោងកញ្ចុះតាមអត្តសញ្ញាណរៀងៗខ្លួន ដើម្បីលើកសម្រស់ខេត្ត និងអំពាវនាវដល់ភ្ញៀវទេសចរឱ្យចូលរួមថែរក្សាអនាម័យ បែងចែកសំរាមឱ្យបានល្អ ដើម្បីរក្សាកិត្តិយស និងសោភ័ណភាពខេត្តរតនគិរី។ លោកបានបញ្ជាក់ថា “យើងត្រូវការពារ ២៤ម៉ោងលើ២៤ម៉ោង ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋបានចូលរួមលេងកម្សាន្តសប្បាយដោយក្តីសន្តិសុខ” ។

សូមបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍ “សង្ក្រាន្តរតនគិរី ២០២៦” នឹងមានកម្មវិធីប្លែកៗជាច្រើនដូចជា ល្បែងប្រជាប្រិយខ្មែរគ្រប់ទម្រង់ ការប្រគំតន្ត្រីដ៏អស្ចារ្យ និងការដាក់តាំងបង្ហាញផលិតផលក្នុងស្រុក ដែលរំពឹងថា នឹងទាក់ទាញភ្ញៀវទេសចរយ៉ាងកុះករ មកកាន់ទឹកដីភូមិភាគឦសានមួយនេះ៕ដោយ៖ឡុង សំបូរ