(កំពង់ធំ)÷ លោក សន វឿន អភិបាលរងស្រុកសន្ទុកបានជំរុញឱ្យសហគមន៍កសិកម្មសាមគ្គីប្រាសាទតាំងក្រសាំង ពង្រឹងតួនាទី/ភារកិច្ចបន្ថែមទៀត និងស្វែងរកទីផ្សារ ដើម្បីជួយឱ្យសហគមន៍មានជីវភាពធូរធា ទៅលើផ្នែកវិស័យកសិកម្មរួមមាន(អង្ករ បន្លែ ផ្លែកឈើ និងស្រូវប្រាំងស្រូវវស្សាគ្រប់ប្រភេទ) ដើម្បីយកទៅ
ប្រកួតលើទីផ្សារជាតិនិងអន្តរជាតិ។
លោកអភិបាលរងស្រុកសន្ទុក លើកឡើងដូច្នេះនៅក្នុងកម្មវិធីបានជួបសំណេះសំណាលជាមួយបងប្អូនសហគមន៍កសិកម្មសាមគ្គីប្រាសាទតាំងក្រសាំង ក្នុងកម្មវិធីអបអរសាទរមហាសន្តិបាតសហគមន៍កសិកម្មសាមគ្គីប្រាសាទតាំងក្រសាំង ស្ថិតនៅភូមិចំបក់ជ្រុំ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦។
លោកស្រី ស៊ន ហំ ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មសាមគ្គីប្រាសាទតាំងក្រសាំង បានលើកឡើងពីផែនការបន្តនៅឆ្នាំ២០២៦នេះគឺ សាងសង់អគារប្រមូលផ្តុំផលិតផលចម្រុះ ១ខ្នង គាំទ្រថវិកាដោយគម្រោងអេមស៍ ពង្រឹងក្រុមស្ត្រី ពាក់ព័ន្ធនិងផលិតកម្មបន្លែ ពង្រីកផលិតកម្មស្រូវផ្ការំដួលក្នុងសហគមន៍ និងធានាការផ្គត់ផ្គង់តាមរយៈការចុះកិច្ចសន្យាជាមួយសមាជិក និងបណ្តាញសហគមន៍ ទិញស្រូវផ្ការំដួល និងស្រូវចម្រុះចំនួន៥០តោន សម្រាប់កិនដើម្បីផ្គត់ផ្គង់លើទីផ្សារ និងផ្តល់សេវាកិនស្រូវចំនួន៣០០ តោន ដល់សមាជិក និងប្រជាជនក្នុងតំបន់ រៀបចំកញ្ចប់ថវិកាសហគមន៍ដើម្បីទ្រទ្រង់រចនាសម្ព័ន្ធគ្រូបង្គោលឱ្យមាននិរន្តភាព។ បង្កើនសមាជិក និងការចូលរួមរបស់ស្ត្រី និងយុវជននៅក្នុងសហគមន៍។
លោកបានបញ្ជាក់ថា ជំហានសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងលើកកម្ពស់ជីវភាពប្រជាជនគឺ បង្កើនសមត្ថភាពបច្ចេកទេស បណ្តុះបណ្តាលអំពីបច្ចេកទេសកសិកម្មទំនើប ផ្តល់ចំណេះដឹងអំពីការប្រើប្រាស់ជីសរីរាង្គ និងការគ្រប់គ្រងដីធ្លី បង្កើតក្រុមសន្សំប្រាក់ និងឥណទានក្នុងសហគមន៍ លើកទឹកចិត្តសមាជិកឱ្យចូលរួមសកម្មភាពសហគមន៍ សហការជាមួយអង្គការរដ្ឋ និងអង្គការមិនមែនរដ្ឋស្វែងរកជំនួយបច្ចេកទេស និងហិរញ្ញវត្ថុបង្កើតបណ្តាញជាមួយសហគមន៍ផ្សេងៗអនុវត្តយ៉ាងមានប្រសិទ្ធភាព ការពង្រឹងតួនាទី/ភារកិច្ចជួយឱ្យសហគមន៍មានភាពរឹងមាំ មានចីរភាព និងប្រកួតប្រជែងក្នុងទីផ្សារបានល្អ។
ជាចុងក្រោយលោក សន វឿន អភិបាលរងស្រុកសន្ទុក បានផ្ដាំផ្ញើដល់ក្រុមការងារទាំងអស់ដើម្បីឱ្យសហគមន៍មានដំណើរការទៅមុខរលូន និងមានការអភិវឌ្ឍល្អ សូមស្នើឱ្យសមាជិកសហគមន៍ទាំងអស់ ជួយផ្សព្វផ្សាយ និងប្រើប្រាស់សេវាកម្មកិនស្រូវរបស់សហគមន៍ឱ្យបានទូលំទូលាយ និងគ្រប់ៗគ្នា។ រដ្ឋបាលស្រុក មន្ទីរពាណិជ្ជកម្ម មន្ទីរកសិកម្ម ជួយស្វែងរក និងពង្រីកទីផ្សារលក់អង្ករឱ្យមានស្ថិរភាព និងមានភាពទៀងទាត់ ដើម្បីធានាតម្លៃ និងការលក់អង្ករបានល្អប្រសើរ។ រដ្ឋបាលស្រុក និងអង្គការដៃគូ ជួយគាំទ្រជាជំនួយឥតសំណង លើការសាងសង់អណ្តូងទឹកសូឡា អណ្តូងបូមទឹកប្រើម៉ូទ័រ និងផ្ទះសំណាញ់ ដើម្បីជួយដោះស្រាយបញ្ហាផលិតកម្ម កសិកម្ម។ អំពាវដល់សមាជិកសហគមន៍ទាំងអស់បង្កើនការចូលរួមទាំងកម្លាំងកាយ កម្លាំងចិត្ត និងសកម្មភាពឱ្យបានសកម្ម ដើម្បីលើកស្ទួយសហគមន៍កសិកម្ម និងកេរ្តិ៍ឈ្មោះឱ្យបានល្បីស្របតាម គោលបំណងចង់បាន និងរួមគ្នាកាត់បន្ថយភាពក្រីក្រស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។ អត្ថបទស ហគមន៍កសិកម្មសាមគ្គីប្រាសាទតាំងក្រសាំង.-ពិនិត្យដោយអ៊ុមញឹប។






































