ក្រុមគ្រួសារអតីតយុទ្ធជនពលី ដែល​មាន​ជីវភាព​លំបាក​ខ្វះខាត​ នៅស្រុកបារាយណ៍ ខេត្ត​កំពង់​ធំ​ ទទួល​បាន​ផ្ទះថ្មី អំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

0

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ តំណាងឯកឧត្ដម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ អមដំណើរដោយលោក ជួន សិលាវិត ប្រធានសាខាមូលនិធិជាតិជំនួយសង្គមខេត្ត អនុប្រធាន​ សមាគមអតីតយុទ្ធជន និងវត្តជនកម្ពុជា​ ខេត្ត​ និងលោក ឃន ចាន់ថៃ​ អភិបាលស្រុក និងជាប្រធាន​អ​ ន​ ក​ ស្រុកបារាយណ៍​ ខេត្ត​កំពង់ធំ​ បានបន្តដឹកនាំសហការី ទៅប្រគល់ផ្ទះមួយខ្នងថ្មីទៀត​ ដែលជាខ្នងផ្ទះទី៤៣ ក្នុងស្រុកបារាយណ៍ អំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង​ជាប្រធានសមាគមអតីតយុទ្ធជន និងវត្តជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនគ្រួសារអតីតយុទ្ធជនពលី ដែលមានដី តែមានជម្រកស្នាក់នៅមិនសមរម្យ នៅភូមិត្រស់ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

លោកយាយ មុំ ខន មានអាយុ ៧៨ឆ្នាំ បានរៀបរាប់ថា៖ ប្ដីរបស់លោកយាយឈ្មោះ ឡុង ហ៊ាង ធ្លាប់បានចូលបម្រើការក្នុងជួរនគរបាលនៅអង្គភាព នគរបាលស្រុកបារាយណ៏ ខេត្តកំពង់ធំ​នៅ​ឆ្នាំ​ ១៩៨០ មានឋានន្តរសក្ដិ វរសេនីយ៍ត្រី ដោយ​ធ្លាប់​បាន​ឆ្លង​កាត់​ការ​សហការ​ប្រយុទ្ធ​ជាច្រើន​លើក​ជាមួយ​កងទ័ព​ និង​កងសេនាជន​ក្នុង​សម័យ​សង្គ្រាម​ស៊ីវិល​ ដេីម្បី​ ការ​ពារ​ទប់ស្កាត់​មិន​ឲ្យ​របប​ប្រល័យ​ពូជសាសន៍​វឹល​ត្រឡប់​មក​វិញ​បាន​ ហើយត្រូវបានទទួលមរណភាពដោយរោគាពាធនៅឆ្នាំ២០១២ ។ លោកយាយ មុំ ខន មានជីវភាពលំបាកខ្វះខាត យ៉ាង​ខ្លាំង​ ហើយមានជម្រកស្នាក់នៅមិនសមរម្យ ដោយមានសមាជិកគ្រួសារចំនួន ៥នាក់ នៅក្នុងបន្ទុក ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា៖ ផ្ទះថ្មី ដែលទើបសាងសង់រួចនេះ មានទំហំ ៥ម៉ែត្រ គុណនិង ៧ម៉ែត្រ សាងសង់ពីសសរបេតុង ឆ្អឹងដែក ដំបូលប្រក់ស័ង្កសីកិនភ្លី ជញ្ជាំងស្មាតប៊ត រនាបក្រាលក្តារ ដោយមានតសំយ៉ាបផ្ទះបាយទៅក្រោយប្រវែង ៣ម៉ែត្រ ព្រមទាំងមានបង្គន់អនាម័យសម្រាប់ប្រើប្រាស់ផងដែរ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត តាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តម សេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ។

នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន និងលោក ឃន ចាន់ថៃ បាន​នាំយកនូវស្បៀងអាហារ គ្រឿង ឧបភោគបរិភោគ សម្ភារប្រើប្រាស់ មានមុង ភួយ កន្ទេល ខ្នើយ ចាន ឆ្នាំង និងថវិកា​មួយ​ចំនួន​ ព្រមទាំងសម្ភារប្រើប្រាស់ផ្សេងៗ ដែលជាអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនដល់លោកយាយ មុំ ខន សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ និងសម្រាប់ប្រើប្រាស់ក្នុងឱកាសទទួលបានផ្ទះថ្មីនៅពេលនេះ ផង​ដែរ​ ។

លោក ឃន​ ចាន់ថៃ អភិបាលស្រុក ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ស្រុកបារាយណ៍ តំណាងឲ្យក្រុមគ្រួសារ អតីតយុទ្ធជនពលី  បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានផ្ដល់ផ្ទះថ្មីចំនួន ១ខ្នង ទៀត​ ដែលជាខ្នងផ្ទះទី៤៣ នៅស្រុកបារាយណ៍ និងស្បៀងអាហារ គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកាមួយចំនួន សម្រាប់ឡើងផ្ទះថ្មី ជូនដល់ក្រុមគ្រួសារគាត់ នាពេលនេះ និងសូមគោរពជូនពរសម្ដេច ឯកឧត្តម លោកជំទាវ និងថ្នាក់ដឹកនាំគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅគ្រប់ថ្នាក់ សូមទទួលបាននូវពុទ្ធពរទាំង ៤ប្រការ កុំបីឃ្លៀងឃ្លាតឡើយ ។