ខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ តំណាងឯកឧត្ដម នួន ផារ័ត្ន អភិបាលខេត្ត ប្រធាន
គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ អមដំណើរដោយលោក ជួន សិលាវិត ប្រធានសាខាមូលនិធិជាតិជំនួយសង្គមខេត្ត អនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ និងលោក យ៉ង់ វិសាល អភិបាលរងស្រុក បានដឹកនាំសហការី ទៅប្រគល់ផ្ទះថ្មីមួយខ្នង ដែលជាខ្នងទី២៣ ក្នុងស្រុកតាំងគោក អំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងវត្តជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនអតីតយុទ្ធជនពិការ ដែលមានដី តែមានជម្រកស្នាក់នៅមិនសមរម្យ នៅភូមិដំរីស្លាប់ ឃុំអណ្ដូងពោធិ៍ ស្រុកតាំងគោក ខេត្តកំពង់ធំ ។
លោក ឡាច វណ្ណា មានអាយុ ៦៣ឆ្នាំ បានរៀបរាប់ថា៖ លោកធ្លាប់បានចូលបម្រើការក្នុងជួរកងទ័ពនៅឆ្នាំ១៩៨៣នៅអង្គភាព វរសេនាតូចលេខ៣ ចំណុះវរសេនាធំលេខ២០ ឈរជើងនៅឃុំសាន់គរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មានឋានន្តរសក្ដិ អនុសេនីយ៍ទោ ហើយត្រូវបានរងរបួសពិការ នៅក្នុងសមរភូមិនីពេជ ក្នុងឃុំនីពេជស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅឆ្នាំ១៩៩២ ។ ក្រោយមកត្រូវបានក្រសួងការពារជាតិដាក់ចូលជាយោធិនប្រភេទពិការនៅឆ្នាំ១៩៩៨ ។ លោកអនុសេនីយ៍ទោ ឡាច វណ្ណា មានភរិយា ឈ្មោះ ឡឹង ហិន អាយុ ៦៤ឆ្នាំ មានជីវភាពលំបាកខ្វះខាត ហើយមានជម្រកស្នាក់នៅមិនសមរម្យ ដោយមានសមាជិកគ្រួសារចំនួន ៦នាក់ នៅក្នុងបន្ទុក ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា៖ ផ្ទះថ្មី ដែលទើបសាងសង់រួចនេះ មានទំហំ ៥ម៉ែត្រ គុណនិង ៧ម៉ែត្រ សាងសង់ពីសសរបេតុង ឆ្អឹងដែក ដំបូលប្រក់ស័ង្កសីកិនភ្លី ជញ្ជាំងស្មាតប៊ត រនាបក្រាលក្តារ ដោយមានតសំយ៉ាបផ្ទះបាយទៅក្រោយប្រវែង ៣ម៉ែត្រ ព្រមទាំងមានបង្គន់អនាម័យសម្រាប់ប្រើប្រាស់ផងដែរ ។ ហើយកន្លងទៅនេះ នៅស្រុកតាំងគោក ខេត្តកំពង់ធំបានសាងសង់ផ្ទះចំនួន ២៣ខ្នង ជូនក្រុមគ្រួសារអតីតយុទ្ធជនរួចមកហើយ និងកំពុងដំណើរការសាងសង់បន្តមួយចំនួនទៀត ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត តាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តម សេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ។
នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកនូវស្បៀងអាហារ គ្រឿង ឧបភោគបរិភោគ សម្ភារប្រើប្រាស់ មានមុង ភួយ កន្ទេល ខ្នើយ ចាន ឆ្នាំង និងថវិកាមួយចំនួន ព្រមទាំងសម្ភារប្រើប្រាស់ផ្សេងៗ ដែលជាអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនដល់ក្រុមគ្រួសារលោកអនុសេនីយ៍ទោ ឡាច វណ្ណា សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ និងសម្រាប់ប្រើប្រាស់ក្នុងឱកាសទទួលបានផ្ទះថ្មីនៅពេលនេះ ផងដែរ ។
លោក ឡាច វណ្ណា អតីតយុទ្ធជនពិការ និងក្រុមគ្រួសារ បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានផ្ដល់ផ្ទះថ្មីចំនួន ១ខ្នង ដែលជាខ្នងផ្ទះទី២៣ នៅស្រុកតាំងគោក និងស្បៀងអាហារ គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកាមួយចំនួន សម្រាប់ឡើងផ្ទះថ្មី ជូនដល់ក្រុមគ្រួសារគាត់ នាពេលនេះ និងសូមគោរពជូនពរសម្ដេច ឯកឧត្តម លោកជំទាវ និងថ្នាក់ដឹកនាំគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅគ្រប់ថ្នាក់ សូមទទួលបាននូវពុទ្ធពរទាំង ៤ប្រការ កុំបីឃ្លៀងឃ្លាតឡើយ ។






































