កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្ដម អ៊ុន ចាន់ដា បានស្នេីដល់មន្ត្រីពាក់ព័ន្ធ ត្រូវបន្តរួមគ្នាធ្វើបញ្ជីសារពើភណ្ឌគ្រប់ទីតាំងនៃបេតិកភណ្ឌរូបីទាំងអស់ ដើម្បីចៀសវាងការរំលោភបំពាន ទន្ទ្រានទីទួល និងទីតាំងប្រវត្តិសាស្ត្រ ពោលគឺត្រូវបំផុសស្មារតីប្រជាពលរដ្ឋគ្រប់រូប ពិសេសយុវជន
ចូលរួមជាកម្លាំងចលករក្នុងកិច្ចអភិរក្ស លើកស្ទួយ និងអភិវឌ្ឍវប្បធម៌ជាតិឱ្យបានស្ថិតស្ថេរ គង់វង្ស និងរីកចម្រើនផងដែរ ។ ថ្លែងបែបនេះក្នុងពិធីអបអរសាទរទិវាវប្បធម៌ជាតិ នាព្រឹកថ្ងៃទី២៥ ខែមិនា ឆ្នាំ២០២៦ នៅសាលាខេត្តកំពង់ចាម ។
ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា បានណែនាំឱ្យមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ រួមជាមួយមន្ទីរពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ត្រូវបន្តយកចិត្តទុកដាក់ថែរក្សាការពារ និងបង្ក្រាបរាល់បទល្មើសឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពនៅតាមទីតាំងតំបន់ប្រាសាទ រមណីយដ្ឋាន ប្រវត្តិសាស្ត្រ វត្តអារាម សំណង់ប្រវត្តិសាស្ត្រ និងសំណង់ ដែលមានអាយុកាលរាប់រយឆ្នាំនៅតាមមូលដ្ឋាន។
ឯកឧត្តមអភិបាលខេត្ត បានស្នេីដល់អ្នកពាក់ព័ន្ធ ត្រូវរួមគ្នាបន្តការងារអភិរក្សបេតិកភណ្ឌវប្បធម៌អរូបីទាំងឡាយរបស់ជាតិ ដែលបានបាត់បង់ និងត្រូវយកចិត្តទុកដាក់ស្រាវជ្រាវ ដើម្បីយកមកបង្ហាត់បង្ហាញផ្ទេរចំណេះដឹងទៅឱ្យយុវជនបន្តវេនជំនាន់ក្រោយ។ និងធ្វើការផ្សព្វផ្សាយនូវសក្តានុពល ទេសចរណ៍វប្បធម៌ជាតិក្នុងខេត្ត ឱ្យបានកាន់តែទូលំទូលាយជូនទេសចរជាតិ និងអន្តរជាតិ ដើម្បីលើកតម្លៃវប្បធម៌ជាតិ រួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រ។
ជាមួយគ្នានោះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានជំរុញឱ្យបន្តគាំទ្រ និងបង្កលក្ខណៈវិជ្ជមានដល់យុវជន ដែលមានលទ្ធភាពបង្កើតស្នាដៃ សិល្បៈវប្បធម៌ថ្មីៗរបស់ខ្លួន តាមរយៈការលើកកម្ពស់ភាពច្នៃប្រឌិត និងនវានុវត្តន៍នៅក្នុង វិស័យសិល្បៈវប្បធម៌ ដោយប្រើបច្ចេកវិទ្យាឌីជីថល ព្រមជាមួយនឹងគំនិតផ្តួចផ្តើមថ្មីៗ ឈរលើមូលដ្ឋានអត្តសញ្ញាណជាតិផងដែរ ៕






































