កំពង់ធំ÷ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត និងជាអនុប្រធានសមាគមអតីតយុទ្ធ និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ តំណាងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត និងជាប្រធានសមាគមអតីតយុទ្ធ និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ បានដឹកនាំកម្លាំងចុះសាកសួរសុខទុក្ខ ដល់ខ្នងផ្ទះ
អតីតយុទ្ធជន កំពុងរស់នៅក្នុងមណ្ឌលអភិវឌ្ឍន៍ អតីតយុទ្ធជន មរតកតេជោធិបតី ថ្លុកព្រីង ស្ថិតនៅក្នុងឃុំ ក្រយា ស្រុក សន្ទុក ខេត្តកំពង់ធំ រសៀលថ្ងៃ ២៥ ខែ មីនា ឆ្នាំ២០២៦ មុនឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់នៅពេលខាងមុខនេះ ។
ជាកិច្ចចាប់ផ្តើម លោកឧត្តមសេនីយ៍ទោ ហេង សុផលស្នងការនគរបាលខេត្ត បានថ្លែងថា ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពងខ្ពស់ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បន្តមកដល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ចំពោះស្នាដៃ គុណបំណាច់ ពលិកម្ម របស់អតីតយុទ្ធជន ក្នុងបុព្វហេតុ ការពារជាតិមាតុភូមិ
នាពេលកន្លងមក រហូតប្រទេសជាតិ ទទួលបានសុខសន្តិភាព នាពេលបច្ចុប្បន្ន ជារៀងដរាបថ្នាក់ដឹកនាំ តែងតែគិតគូរអំពី សុខទុក្ខ សុខុមាលភាព ការប្រកបមុខរបរចិញ្ចឹមជីវិត របស់សមាជិក គ្រួសារសមាជិក គឺមិនបោះបង់ចោលបងប្អូន ទោះបីជាស្ថិតក្នុងស្ថានភាពណាមួយឡើយ ហើយមិនត្រូវតែប៉ុណ្ណោះ ថ្នាក់ដឹកនាំ បានចាត់តំណាង ចុះដល់លំនៅឋាន ព្រមទាំងនាំយកស្បៀងអាហារ សម្ភារ ថវិកា ឧបត្ថម្ភជូនបងប្អូនជាបន្តបន្ទាប់ ។
លោកស្នងការ បានផ្ដាំផ្ញើ ដល់សូមបងប្អូនសូមបន្ត បង្ករបង្កើនផល ដាំដំណាំ បន្លែ ផ្លែឈើ ចិញ្ចឹមសត្វ តាមក្រុមគ្រួសារនីមួយៗ ដើម្បីជួយសម្រាលចំណាយដោះស្រាយជីវភាពឱ្យកាន់តែប្រសើរឡើង ព្រមទាំងថែទាំសុខភាព ឱ្យបានល្អប្រសើរ តាមរយៈ រស់នៅស្អាត បរិភោគស្អាត មានអនាម័យ ។
ទន្ទឹមនឹងប្រសាសន៍ សំណេះសំណាល លោកឧត្តមសេនីយ៍ទោ ស្នងការ បានឧបត្ថម្ភ គ្រឿងឧបភោគបរិភោគ ១.អតីតយុទ្ធជនទាំង ០៧ គ្រួសារ ក្នុង ០១ គ្រួសារទទួលបាន .អង្ករទម្ងន់ ៤០គីឡូក្រាម,.នំចំនួន ០១ ធុង,.ថវិកា ១០០,០០០រៀល ។
២.មេភូមិថវិកា១០០,០០០រៀល និងកម្លាំងប្រជាការពារ ១៥ នាក់ ទទួលបានថវិកាមួយចំនួន ។
លោក ធីវ ថាត តំណាងឱ្យអតីតយុទ្ធជនទាំង ០៧ គ្រួសារបានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះ លោកឧត្តមសេនីយ៍ទោ ស្នងការ ព្រមទាំងប្រតិភូអមដំណើរ ដែលបានចំណាយពេលវេលា ដ៏មមាញឹក ចុះសួរសុខទុក្ខ ឧបត្ថម្ភស្បៀងអាហារដល់ពួកគាត់នាពេលនេះ៕អត្ថបទស្នងការដ្ឋាននគរបាលខេត្តកំពង់ធំពិនិត្យដោយអ៊ុមញឹប






































