(កំពង់ធំ)÷ ឯកឧត្តម ហាន កុសល អភិបាលរងខេត្តកំពង់ធំ បានដាក់គោលការណ៍៣ចំណុច ដល់នាយកសាលាលោកគ្រូអ្នកគ្រូវិទ្យាល័យ ដើម្បីយកទៅអនុវត្តតាមសាលារៀន ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ ឱ្យវិស័យអប់រំមានការរីកចម្រើន។
ឯកឧត្តម ហាន កុសល បានថ្លែងនៅក្នុងកម្មវិធីសំណេះសំណាលជាមួយលោកប្រធានការិយាល័យអប់រំស្រុក លោកនាយកសាលា លោកគ្រូអ្នកគ្រូវិទ្យាល័យ និងដឹកនាំកិច្វប្រជុំប្រចាំត្រីមាសទី១ និងលើកទិសដៅការងារត្រីមាសទី២ ឆ្នាំ២០២៦ របស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ នៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦។
ជាមួយគ្នានេះផងដែរលោក តាន់ ប៊ុនហុង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ បានមានប្រសាសន៍ថា លោកគ្រូអ្នកគ្រូត្រូវតែពង្រឹងការដាំដើមឈើ និងកែលម្អបរិស្ថានសាលារៀនឱ្យមានភាពស្រស់បំព្រង។ យកចិត្តទុកដាក់ក្នុងការបង្រៀន និងរៀន អភិបាលកិច្ចល្អនៅតាមសាលារៀន ដើម្បីឱ្យមានគុណភាពក្នុងការអប់រំ។ យកចិត្តដាក់ទៅនិងគ្រោះថ្នាក់សង្គមពាក់ព័ន្ធទៅនឹងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លោកគ្រូអ្នកគ្រូ ត្រូវតែអប់រំឱ្យសិស្សានុសិស្សចូលរួមគោរពច្បាប់ចរាចរណ៍បានគ្រប់ៗគ្នា។ ផ្សព្វផ្សាយ និងការកាត់បន្ថយពីការគ្រោះថ្នាក់នៃការលង់ទឹកនៅតាមសាលារៀន នៅតាមមូលដ្ឋាន។ តាមដានរាល់សកម្មភាពរបស់លោកគ្រូអ្នកគ្រូ ក្នុងការបង្រៀននិងរៀន ដើម្បីជ្រើសរើសយកគ្រូល្អ ក្នុងការប្រកួតទូទាំងប្រទេស។
ឯកឧ្តត្តមអភិបាលរងខេត្ត បានលើកឡើងថាដើម្បីការលើកកម្ពស់ប្រសិទ្ធភាពក្នុងវិស័យអប់រំទទួលបានជោគជ័យត្រូវឆ្លងកាត់នៅគោលការណ៍៣ចំណុចគី÷ ១.ការគ្រប់គ្រងកម្មវិធីមាន(កម្មវិធីអាហារតាមសាលារៀន កម្មវិធីការអប់រំកុមារតូច កម្មវិធីបំណឹងជីវិត និងកម្មវិធីផ្សេងៗទៀត) លោកគ្រូអ្នកគ្រូត្រូវតែការអភិវឌ្ឍធនធានមនុស្ស ការគ្រប់គ្រងធនធាន និងហេដ្ឋារចនាសម្ព័ន្ធ តាមសាលារៀន ត្រូវតែមានបរិយាកាសសុខភាព និងអនាម័យ មានការចូលរួម និងសហការ ពីនាក់ពាក់ព័ន្ធ។ ២.ការលើកកម្ពស់សមត្ថភាពខ្លួនឯង សូមឱ្យលោកគ្រូអ្នកគ្រូទាំងអស់យកចិត្តទុកដាក់ក្នុងការអានសៀវភៅឱ្យបានច្រើន ស្រាវជ្រាវទាក់ទងទៅនឹងមេរៀនដែលត្រូវបង្រៀនសិស្ស។ ចូលរួមវគ្គបណ្ដុះបណ្ដាលឱ្យត្រូវជំនាញរបស់ខ្លួន។ ៣.ថ្នាក់ដឹកនាំខេត្តកំពង់ធំ ខិតខំស្វែងរកសប្បុរសជន អង្គការដៃគូ ដើម្បីមកអភិវឌ្ឍនៅតាមសាលារៀនឱ្យមានលក្ខណៈល្អប្រសើរ។
ជាចុងក្រោយឯកឧត្តម ហាន កុសល អភិបាលរងខេត្ត បានលើកទឹកចិត្តដល់លោកគ្រូអ្នកគ្រូទាំងអស់គឺ រដ្ឋបាលខេត្តកំពង់ធំផ្ដល់ឱកាសឱ្យមន្ទីរអប់រំ យុវជន និងកីឡា ការិយាល័យអប់រំស្រុក ប្រសិនបើមានគំនិតច្នៃប្រឌិតក្នុងការអប់រំនៅតាមសាលារៀន ដើម្បីឱ្យតាមសាលារៀនក្លាយទៅជាសាលាមានការរីកចម្រើន។ សូមលោកនាយកសាលា លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សត្រូវតែទៅសិក្សាស្រាវជ្រាវពីប្រវត្តិសាស្ត្រ និងរមណីយដ្ឋានតំបន់ទេសចរណ៍នានាក្នុងខេត្តកំពង់ធំ ក្នុងការផ្សារភ្ជាប់ទ្រឹស្ដី និងការអនុវត្តជាក់ស្ដែង។ ផ្ដល់ឱកាសឱ្យសិស្សានុសិស្សបានស្គាល់ និងជួបជាមួយថ្នាក់ដឹកនាំ។ រដ្ឋបាលខេត្តកំពង់ធំ សហការជាមួយសាលាភូមិន្ទភ្នំពេញ ដើម្បីឱ្យសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូមានឱកាសក្នុងការសិក្សារៀនសូត្រ។ អត្ថបទលោក ធូ កែវមុន្នី






































