(កំពង់ធំ)÷ ឯកឧត្តម ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកប្រាសាទបល្ល័ង្ក និង ឯកឧត្តម ហ៉ីវ បញ្ញាវុឌ្ឍ រដ្ឋលេខាធិការ ទីស្ដីការគណៈរដ្ឋមន្ត្រី និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកប្រាសាទបល្ល័ង្ក បានអញ្ជើញក្នុងកិច្ច
ប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាស្រកប្រាសាទបល្ល័ង្ក
នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ នៅសាលាស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។
លោក គង់ សំអាត អភិបាលស្រុកប្រាសាទបល្ល័ង្ក ធ្វើរបាយការណ៍សង្ខេបជូនដល់អង្គប្រជុំ លោកបន្ដមានមតិថា កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន គឺជាយន្តការសំខាន់ដើម្បីត្រួតពិនិត្យវឌ្ឍនភាព នៃការអនុវត្តគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ វាយតម្លៃសមិទ្ធផល (ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ សេវាសាធារណៈ) ដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋ និងកំណត់ទិសដៅការងារបន្ត ដើម្បីពង្រឹងកិច្ចសហការរវាងមន្ត្រីថ្នាក់ជាតិ និងអាជ្ញាធរមូលដ្ឋានដោយផ្ទាល់។
ឯកឧត្តម ហ៊ុយ វណ្ណៈ បានលើកឡើងថា ផ្អែកតាមកម្មវិធីនយោបាយនីតិកាលទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ និងបានបន្តរៀបចំយន្តការក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គមឆ្ពោះទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់ នៅឆ្នាំ២០៥០ រួមទាំងជំរុញការអនុវត្តកម្មវិធីកំណែទម្រង់ និងវិធានការនានារបស់រាជរដ្ឋាភិបាលឱ្យមានសកម្មផុលផុសតាមមូលដ្ឋាន។
ឯកឧត្ដមបន្ថែមថាក្នុងឆ្នាំ២០២៥ ក្រុមការងារបានខិតខំជំរុញលើកទឹកចិត្តនិងគាំទ្រទាំងស្មារតី និងធនធានដល់រដ្ឋបាលស្រុក/ឃុំ ក្នុងគោលដៅរួមគ្នាធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ល្អលើកកម្ពស់សុខុមាលភាព លើកកម្ពស់ការអប់រំ រក្សាបាននូវលំនឹងសេដ្ឋកិច្ចសង្គម ជីវភាពរស់នៅប្រចាំ ថ្ងៃរបស់ប្រជាពលរដ្ឋ និងធានាបាននូវប្រសិទ្ធភាព នៃការអនុវត្តភារកិច្ចរបស់រដ្ឋបាលមូលដ្ឋាន។ ទន្ទឹមនេះក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក/ឃុំនីមួយៗ បានរៀបចំវេទិកាសាធារណៈ និងជួបប្រាស្រ័យផ្ទាល់ជាមួយប្រជាពលរដ្ឋតាមខ្នងផ្ទះសំដៅទទួលយកបញ្ហាប្រឈម សំណើ សំណូមពរ ដើម្បីរួមគ្នាដោះស្រាយឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។
ឯកឧត្តម ហ៉ីវ បញ្ញាវុឌ្ឍ រដ្ឋលេខាធិការ ទីស្ដីការគណៈរដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ក្រុមការងារពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ក៏ដូចជាការអនុវត្តគោលនយោបាយឈ្នះ-ឈ្នះ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលយ៉ាងសកម្ម ព្រមទាំងបានរំលេចនូវសមិទ្ធផលសំខាន់ៗដែលសម្រេចបានក្នុងឆ្នាំ២០២៥ លើការដោះស្រាយបញ្ហាប្រឈម សំណូមពរ និងបញ្ហាប្រឈម របស់ប្រជាពលរដ្ឋបានជាច្រើនករណី។ ឯកឧត្តមបានបន្តថា ក្នុងឆ្នាំ២០២៥ ដែលទើបតែកន្លងផុតទៅនេះរាជរដ្ឋាភិបាលបានសម្រេចសមិទ្ធផលជាច្រើន លើគ្រប់វិស័យក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ ឆ្នាំ២០២៦សម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀត ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមោះមុតក្នុងការការពារ ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ការពារប្រជាជន និងបូរណភាពទឹកដី។ ទន្ទឹមនឹងការសម្រេចបានជោគជ័យនានា ប្រទេសជាតិយើងនៅតែត្រូវប្រឈមនឹងការវិវត្ត ដ៏ស្មុគ្រស្មាញនៃសភាពការណ៍អន្តរជាតិ ភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចសកល និងការចុះខ្សោយនៃសណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់ ដែលបាននឹងកំពុងជះឥទ្ធិពលមកលើដំណើរ វិវឌ្ឍន៍របស់ជាតិយើង។
ឯកឧត្ដមបានជំរុញដល់គ្រប់មន្ទីរ អង្គភាពពាក់ព័ន្ធ និងរដ្ឋបាលស្រុក/ឃុំ អង្គភាពសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ត្រូវបន្តអនុវត្តនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលដែលមានបាវវចនាចំនួន៥ គឺមនុស្ស, ផ្លូវ, ទឹក, ភ្លើង និងបច្ចេកវិទ្យា។ ត្រូវយកចិត្តទុកដាក់ចំពោះយោធិនពលី យោធិនពិការ និងជួយគ្រួសារគាត់ឱ្យបានល្អ។ ពង្រឹងអនុវត្តគោលនយោបាយភូមិ/ឃុំមានសុវត្ថិភាពឱ្យ បានល្អប្រសើរ, ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាពនិងប្រសិទ្ធភាព។
ឯកឧត្តមប្រធានណែនាំដល់ក្រុមការងារពាក់ព័ន្ធឱ្យ បន្តពង្រឹង ការចុះមូលដ្ឋានតាម រយៈការរៀបចំវេទិកាសាធារណៈឱ្យបានកាន់តែញឹកញាប់ និងដិតដល់បំផុត ដើម្បីស្វែងយល់ពីសុខទុក្ខ និងបញ្ហាប្រឈមជាក់ស្តែងរបស់ប្រជាពលរដ្ឋសំដៅស្វែងរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាព និង ភាពសមស្របជូនពួកគាត់ ជាពិសេសលុបបំបាត់ល្បែងស៊ីសងគ្រប់ប្រភេទរួមទាំង SCAMS ONLINE៕ ( អត្ថបទនិងរូបភាព ឆាត វ៉ិត)






































