បន្ទាយមានជ័យ៖ អភិបាលខេត្តបន្ទាយមាជ័យ ឯកឧត្ដម អ៊ុ រាត្រី អះអាងថាការរៀបចំដីផ្ទះជូនបងប្អូនបណ្តោះអាសន្នមិនមែនជាថ្នូរនៃការដោះដូរដីរបស់បងប្អូនដែលបានបាត់បង់ដោយសារទាហានថៃហ៊ុព័ទ្ធយកនោះទេ មានប្រសាសន៌ថ្លែងបែបនេះខណះឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបាន
បន្តធ្វើការចាប់ឆ្នោតជ្រើសរេីសក្បាលដីនិងផ្ទះជូនដល់ពលរដ្ឋភៀសសឹកជំហានទី២មានចំនួន៧៨៨គ្រួសារ នាព្រឹកថ្ងៃទី២៦មីនាឆ្នាំ២០២៦។
ហើយការចាប់ឆ្នោតជ្រើសរើសក្បាលដីនិងផ្ទះនេះមិនមែនជាថ្នូរនៃការដោះដូរជាមួយដីរបស់បងប្អូន ដែលបានបាត់បង់ដោយសារទាហានថៃហ៊ុព័ទ្ធយកនោះទេ គឺជាការរៀបចំឱ្យរស់នៅជាបណ្តោះអាសន្នតែប៉ុណ្ណោះ ដោយរង់ចាំរាជរដ្ឋាភិបាលដោះស្រាយបញ្ហាព្រំដែនកំណត់ការវាស់វែងជាមួយភាគីថៃចប់ រួចរាល់ទើបអនុញ្ញាតិឲ្យបងប្អូនវិលត្រឡប់ទៅរស់នៅលើទីតាំងលំនៅឋានរបស់ខ្លួនវិញ។
ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានបន្តថា បងប្អូនដែលរងផលប៉ះពាល់ដោយសារយោធាថៃហ៊ុព័ទ្ធដីផ្ទះសម្បែង ដែលមិនអាចចូលទៅរស់នៅក្នុង ទីតាំងភូមិទាំង៦ខាងលើ រាជរដ្ឋាភិបាលដែលមានសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី តែងតែគិតគូរ និង យកចិត្តទុកដាក់ខ្ពស់ទាំងការរស់នៅ និងជីវភាពរបស់បងប្អូននិងកំពុងរៀបចំដីធ្លីជាគម្រោងរបស់សមាគមអតីតយុទ្ធជន ដើម្បីសាងសង់ផ្ទះសម្រាប់ផ្តល់ជូនបងប្អូនដែលមានលំនៅដ្ឋានអចិន្ត្រៃយ៍ក្នុងតំបន់ហ៊ុព័ទ្ធ បានរស់នៅជាបណ្តោះអាសន្ន ដែលមានទីតាំងនៅភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ លើផ្ទៃដីទំហំ៤០០ហិកតា និងមានហេដ្ឋារចនាសម្ព័ន្ធនានាគ្រប់គ្រាន់ ហើយបច្ចុប្បន្ន ក្រុមការងារបាននឹងកំពុងដំណើរការសាងសង់ផ្ទះបានមួយចំនួន និងបានផ្តល់ជូនសម្រាប់បងប្អូនភៀសសឹក ដែលមានលំនៅដ្ឋានអចិន្ត្រៃយ៍ក្នុង តំបន់ហ៊ុព័ទ្ធចូលទៅរស់នៅជាបណ្តោះអាសន្នផងដែរ ។
ឯកឧត្ដម បានបញ្ជាក់ថា ការចាប់ផ្តេីមធ្វើការចាប់ឆ្នោតនេះជាជំហានទី២ មាន ភូមិផ្លូវបំបែក ៣៨៦គ្រួសារ និងភូមិត្រពាំងសំរោង ៤០២គ្រួសារ ស្ថិតនៅឃុំគោករមៀត ស្រុកថ្មពួក។
សូមបញ្ជាក់ថា សម្រាប់ជំហានដំបូងនៃការចាប់ឆ្នោតជ្រេីសរេីសក្បាលដីនិងផ្ទះនេះត្រូវបានជ្រើសរើសយកពីរភូមិ ដោយក្នុងនោះរួមមានភូមិបន្ទាយមានរិទ្ធ ចំនួន៥០៤គ្រួសារ និងភូមិសាមគ្គី៣១៨គ្រួសារផងដែរ៕ដោយ៖ឃិន គន្ធា






































