រដ្ឋបាលខេត្ដសៀមរាប បើកលំហាត់សមយុទ្ធជាក់ស្ដែងស្ដីពីការឆ្លើយតបគ្រោះទឹកជំនន់ ក្នុងក្រុងសៀមរាប

0

សៀមរាប: នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ រដ្ឋបាលខេត្ដសៀមរាប សហការជាមួយ សង្កាត់គោកចក បានរៀបចំបើកលំហាបើកលំហាត់សមយុទ្ធជាក់ស្ដែងស្ដីពីការឆ្លើយតបគ្រោះទឹកជំនន់ ក្នុងក្រុងសៀមរាប ដើម្បីបណ្ដុះបណ្ដាលអំពីការជម្លៀសពេលមានទឹកជំនន់ ព្រមទាំងបង្កើនកម្រិតយល់ដឹងទៅនឹងគោលការណ៍ស្ដីពីការជម្លៀសប្រជាជនពីទឹកជំនន់ និងការមើលប្រសិទ្ធភាពការគ្រប់គ្រងគ្រោះមហន្ដរាយរបស់អាជ្ញាធរពាក់ព័ន្ធ ដែលធ្វើឡើងក្រោមអធិបតីភាព លោក លន់ ទ្រព្យ ប្រធាននាយកដ្ឋានប្រតិបត្ដិការឆ្លើយតប សង្រ្គោះបន្ទាន់ និងស្ដារឡើងវិញនៃគណកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ លោក អ៊ឹង គឹមលាង អភិបាលរងខេត្ដ និងមានការចូលរួមពីអ្នកពាក់ព័ន្ធជាច្រើនរូប។
លោក អ៊ឹង គឹមលាង មានប្រសាសន៍ គ្រោះមហន្ដរាយយើងមិនអាចដឹងមុនបាននោះទេ ដូច្នេះយើងទាំងអស់ត្រូវរៀបចំឱ្យបានរួចរាល់ និងត្រៀមបង្ការ និងបម្រុងទុកជាមុន ដើម្បីអាចដោះស្រាយបញ្ហាបានទាន់ពេលវេលា។ ជាក់ស្ដែងនៅក្នុងថ្ងៃនេះ រដ្ឋបាលខេត្ដសៀមរាបសហការជាមួយ សង្កាត់គោកចកបានរៀបចំបើកលំហាបើកលំហាត់សមយុទ្ធជាក់ស្ដែងស្ដីពីការឆ្លើយតបគ្រោះទឹកជំនន់ ក្នុងក្រុងសៀមរាបក្នុងគោលបំណងពង្រឹងសមត្ថភាពសង្រ្គោះលើភាពជាអ្នកដឹកនាំ គ្រប់គ្រង ការឆ្លើយតបគ្រោះអាសន្ន ផ្ដល់ជាគម្រោងផែនការ និងវិធីសាស្រ្ដក្នុងការអនុវត្ដសាកល្បង និងសមយុទ្ធជាក់ស្ដែង ។ សាកល្បងសមត្ថភាពរបស់មន្រ្ដីថ្នាក់ខេត្ដដល់ថ្នាក់មូលដ្ឋានក្នុងការពង្រឹងសមត្ថភាព ដើម្បីលើកស្ទួយជំនាញ ចំណេះដឹង និងអាកប្បកិរិយាដែលសមស្របទៅនឹងស្ថានភាពពេលមានគ្រោះអាសន្ន រួមទាំងកាត់បន្ថយហានិភ័យ និងខូចខាតពីគ្រោះមហន្ដរាយ។ លោកអភិបាលរងខេត្ដបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកប្រធាននាយកដ្ឋានប្រតិបត្ដិការឆ្លើយតប សង្រ្គោះបន្ទាន់ និងស្ដារឡើងវិញនៃគណកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ និងក្រុមការងារទាំងអស់ដែលតែងតែយកចិត្ដទុកដាក់ ក្នុងការគាំទ្រ និងជំរុញការអនុវត្ដការងារកន្លងមក ជាពិសេសតាមរយៈកម្មវិធីសមយុទ្ធជាក់ស្ដែងនាពេលនេះ។
លោក លន់ ទ្រព្យ ប្រធាននាយកដ្ឋានប្រតិបត្ដិការឆ្លើយតប សង្រ្គោះបន្ទាន់ និងស្ដារឡើងវិញនៃគណកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ បានឱ្យដឹងថាការគ្រប់គ្រងគ្រោះមហន្តរាយបានទាន់ពេលវេលា គឺជាវិធានការសង្គ្រោះបន្ទាន់ដោយផ្ទាល់របស់អាជ្ញាធរ និងកម្លាំងជំនាញ ដើម្បីកាត់បន្ថយអាយុជីវិត ទ្រព្យសម្បត្តិ និងផលដំណាំរបស់ប្រជាពលរដ្ឋ។ វាផ្តោតលើការរៀបចំផែនការត្រៀមបម្រុងទុក ការប្រមូល និងផ្សព្វផ្សាយព័ត៌មានពីហានិភ័យមុនពេលកើតហេតុដើម្បីឆ្លើយតបឲ្យមានប្រសិទ្ធភាព។ លោកបន្ដថា ចំណុចគន្លឹះនៃការគ្រប់គ្រងគ្រោះមហន្តរាយទាន់ពេលវេលាទី១ ការត្រៀមបង្ការជាមុន រៀបចំកម្លាំងជំនាញ សម្ភារៈ និងផែនការសកម្មភាពទុកជាមុន ទី២ ប្រព័ន្ធប្រកាសឱ្យដឹងមុន ប្រមូល និងផ្សព្វផ្សាយព័ត៌មានអំពីហានិភ័យទៅដល់ប្រជាសហគមន៍ ដើម្បីត្រៀមខ្លួន។ ទី៣ ការឆ្លើយតបសង្គ្រោះបន្ទាន់ ចុះអន្តរាគមន៍ភ្លាមៗនៅពេលមានព្រឹត្តិការណ៍ ដើម្បីកាត់បន្ថយការខូចខាត៕