កិច្ចប្រជុំប្រចាំត្រីមាសទី១ និង ទិសដៅត្រីមាសទី២ ឆ្នាំ២០២៦ របស់កងរាជអាវុធហត្ថខេត្តសៀមរាប

0

សៀមរាប: កាលពីថ្ងៃទី ២៧ ខែ មីនា ឆ្នាំ២០២៦ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប មានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តន៍តួនាទី ភារកិច្ច និងវឌ្ឍនភាពការងារ កងរាជអាវុធហត្ថខេត្តសៀមរាប ត្រីមាសទី១ និងលើកទិសដៅសកម្មភាពការងារត្រីមាសទី២ ឆ្នាំ២០២៦ ក្រោមការដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប ដោយមានការចូលរួមពីលោកមេបញ្ជាការរង ជានាយសេនាធិការ លោកមេបញ្ជាការរង ទទួលការងារជំនាញ លោក លោកស្រី នាយសេនាធិការរង ប្រធានមន្ទីរ ប្រធានអង្គភាព លោក លោកស្រីនាយការិយាល័យ មេបញ្ជាការ កងអនុសេនាធំចល័ត មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក និងនាយអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូប។
ថ្លែងក្នុងកិច្ចប្រជុំនោះ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានធ្វើការណែនាំដល់ លោកមេបញ្ជាការរង ទទួលជំនាញ ប្រធានអង្គភាពចំណុះកងរាជអាវុធហត្ថខេត្តទាំងអស់ និងលោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក ត្រូវតែធានាឲ្យបានដាច់ខាត ទាំងមធ្យោបាយ សម្ភារគ្រឿងបំពាក់ និងកម្លាំងប្រតិបត្តិការ ដើម្បីសម្រេចបាននូវកាតព្វកិច្ចចូលរួម ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងសង្រ្គោះឧបទ្ទវហេតុផ្សេងៗ ជូនដល់ ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ ក៏ដូចជាប្រជាពលរដ្ឋ និង ភ្ញៀវទេសចរណ៍ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាពេលខាងមុខឲ្យដំណើរការទៅបានដោយរលូន ជាពិសេសចូលរួមបង្ការទប់ស្កាត់ និងបង្ក្រាប ក្មេងទំនើង គ្រឿងញៀន ល្បែងស៊ីសង ការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា (online scam) ព្រមទាំងបទល្មើសៗផ្សេងៗ ស្របតាមបទបញ្ជា របស់ប្រមុខរាជរដ្ឋាភិបាល ដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងការណែនាំរបស់ឯកឧត្តមនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ។ ក្នុងនោះលោកមេបញ្ជាការ បានលើកនូវផែនការ ការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សំខាន់ក្តាប់ឲ្យបាន និង កំណត់មុខសញ្ញាជនបង្ក ក្នុងពេលដែលប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ បានអញ្ជើញចូលរួមកម្សាន្តសប្បាយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ នៅលើទឹកដីប្រវត្តិសាស្ត្រសៀមរាប ៕