ប្រជាពលរដ្ឋ​នៅ​ភូមិ​ទួល​នាងសាវ​ ឃុំ​ផាត់​សណ្តាយ​ ស្រុក​កំពង់​ស្វាយ​ ខេត្ត​កំពង់ធំ​ អបអរសាទរ​ផល​ត្រី​សំបូរ​ឡើង​វិញ​ ដោយ​សារ​កងទ័ព​

0

ខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃ​ទី​២៧​ ខែ​មីនា​ ឆ្នាំ​២០២៦​ ឧត្ដមសេនីយ៍​ទោ​ សោម​ ស៊ុន​ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ អនុប្រធាន​អចិន្ដ្រៃយ៍​នៃ​គណៈកម្មការ​គ្រប់គ្រង​ ការ​ពារ​ ទប់ស្កាត់​ និង​បង្ក្រាប​បទ​ល្មើស​ធនធាន​ធម្មជាតិ​ បាន​ដឹកនាំ​សហការី​ និង​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​ ទៅ​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ ដែល​ប្រកប​របរ​នេសាទ​ ធ្វើ​ត្រី​ឆ្អើរ​ និង​ត្រី​ប្រហុក​សម្រាប់​ដោះស្រាយ​ជីវភាព​គ្រួសារ​ និង​ការ​លក់​ដូរ​បន្តិច​បន្តួច​ នៅក្នុង​រដូវ​ប្រាំង​ ក្រោយ​ពី​សម្រាក​ពី​ការងារ​ច្រូត​កាត់​ប្រមូល​ផលស្រូវ​ នៅ​ភូមិ​ទួល​នាងសាវ​ ឃុំ​ផាត់​សណ្តាយ​ ស្រុក​កំពង់​ស្វាយ​ ខេត្ត​កំពង់ធំ​ ។

លោក​ ហ៊ន​ ប៊ុនលី​ អនុ​ប្រធាន​ភូមិ​ទួល​នាង​សាវ​ ឃុំ​ផាត់​សណ្តាយ​ បានបញ្ជាក់ថា៖​ ឆ្នាំ​នេះ​ ផលត្រី​មាន​ការ​សំបូរ​ឡើង​វិញ​ជាង​ឆ្នាំ​មុន​ ហើយ​បង​ប្អូន​ប្រជា​ពលរដ្ឋ​ និង​អ្នក​ចំណូល​ស្រុក​មក​ពី​ឃុំកំពង់គោ​ និង​តំបន់​នានា​នៅ​ក្នុង​ខេត្ត​កំពង់​ធំ​ បាន​មកប្រកប​របរ​នេសាទ​ធ្វើ​ត្រី​ឆ្អើរ​ និង​ត្រី​ប្រហុក​ផ្អក​មានការ​សប្បាយ​ចិត្ត​ ។ ហើយ​ប្រជាពលរដ្ឋ ​សូម​ថ្លែង​អំណរគុណ​ដ៍​ជ្រាលជ្រៅ​ចំពោះ​កងទ័ព​ ដែល​បាន​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី​ និង​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​ ក្នុង​ការ​បង្ក្រាប​បទ​ល្មើស​នេសាទ​ នៅ​ក្នុង​រដូវ​ហាម​ឃាត់​នាពេលកន្លងទៅ​ ។

ឧត្ដមសេនីយ៍​ សោម​ ស៊ុន​ បាន​សំណូមពរ​ដល់​អាជ្ញាធរ​ដែនដី​ និង​ប្រជាពលរដ្ឋ​ទាំង​អស់​គ្នា​ ត្រូវ​ចូល​រួម​គោរព​ច្បាប់​ស្ដីពី​ជល​ផល​ឲ្យបាន​គ្រប់​ៗគ្នា​ ហើយ​ខិតខំ​រួម​គ្នា​ថែរក្សាធនធាន​មច្ឆជាតិ​របស់​យើង​ឲ្យ​សំបូរ​ឡើង​វិញ​ ។ ដូច្នេះ​យើង​ទាំង​អស់​គ្នា​ មិន​ត្រូវ​ប្រើ​ប្រាស់​ឧបករណ៍​នេសាទ​ល្មើស​ច្បាប់​ជល​ផល​ជា​ដាច់ខាត​ ។

នៅ​ក្នុង​ឱកាស​នេះ​ដែរ​ ឧត្ដមសេនីយ៍​ទោ​ សោម​ ស៊ុន​ ក៍បាន​ធ្វើ​ដំណើរ​ត្រួតពិនិត្យ​ភូមិ​សាស្ត្រ​ក្នុង​តំបន់​បឹង​ធំ​ ហើយ​នឹងបាន​ណែនាំ​ដល់​អាជ្ញាធរ​ដែនដី​ នៅ​ភូមិ​ទួល​នាង​សាវ​ ឃុំ​ផាត់​សណ្តាយ​ ត្រូវ​ក្តាប់​ពត៌មាន​ឲ្យបាន​ច្បាស់លាស់​ អំពី​ជន​ល្មើស​មួយ​ចំនួន​ ដែលមក​ពី​តំបន់​ផ្សេង​ៗ​ តែ​ងតែ​ឆក់​ឱកាស​មក​លួច​ឆក់​ត្រី​នៅ​ពេល​យប់​ នៅ​ក្នុង​តំបន់​បឹង​ធំ​ ស្ថិត​នៅ​ក្នុង​ភូមិ​ទួល​នាង​សាវនេះ​ ដេីម្បី​កងកម្លំាង​ពួន​ស្ទាក់​ចាប់​ខ្លួន​ជន​ប្រព្រឹត្ត​បទល្មើស​ឲ្យបាន​ យក​ទៅ​ផ្តន្ទា​ទោស​តាម​ច្បាប់​ឲ្យ​បាន​ធ្ងន់ធ្ងរ​បំផុត​ ។