រដ្ឋបាលខេត្ដសៀមរាប ណែនាំដល់ប្រជាពលរដ្ឋធ្វើដំណើរតាមរថយន្តក្រុងដោយមិនគិតថ្លៃ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រយៈពេល៦ថ្ងៃ

0

សៀមរាប៖ រដ្ឋបាលខេត្ដសៀមរាប បានអំពាវដល់ប្រជាពលរដ្ឋ ឱ្យធ្វើដំណើរតាមរថយន្តក្រុងដោយមិនគិតថ្លៃ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១៣ខែមេសា ឆ្នាំ២០២៦ខាងមុខ ខណៈដែល រថយន្ដក្រុងចេញដំណើរពីភ្នំពេញ រយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ មកកាន់ទីតាំងនៅមណ្ឌលរដ្ឋបាល ខេត្ដសៀមរាប ។
សេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្ដសៀមរាប បានបង្ហាញថា ក្នុងឱកាសពិធី បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ កម្មការិនី សិស្ស និស្សិត និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលធ្វើដំណើរទៅលេងស្រុកកំណើតជួបជុំបងប្អូន ក្រុមគ្រួសារពីរាជធានីភ្នំពេញ ទៅតាមបណ្តាខេត្ត និងពីបណ្តាខេត្តត្រឡប់ទៅរាជធានីភ្នំពេញ រយៈពេល០៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦នេះ។
ការឈប់សម្រាកក្នុងពិធីបុណ្យជាតិនេះ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ បានរៀបចំរថយន្តចំនួន១១៥គ្រឿង សម្រាប់បម្រើដល់ការដឹកជញ្ជូនពីរាជធានីភ្នំពេញ មកកាន់ខេត្តសៀមរាប និងការដឹកជញ្ជូន ពីខេត្តសៀមរាប ត្រឡប់ទៅរាជធានីភ្នំពេញវិញ ទៅតាមពេលវេលា និងទីតាំងចំណតដូចជា ចេញដំណើរពីរាជធានីភ្នំពេញ មកខេត្តសៀមរាប ទីតាំងចំណតដីឡូតិ៍តំបន់ OCICជ្រោយចង្វារ (រង្វង់មូលទេពមច្ឆា) រៀងរាល់ម៉ោង០៦៖៣០នាទី ដល់ម៉ោង១១៖៣០នាទី ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ មកទីតាំងចំណតមណ្ឌលរដ្ឋបាលមន្ទីរ ខេត្តសៀមរាប វិថីសម្តេចវិបុលបញ្ញា សុខ អាន (ផ្លូវ៦០ម៉ែត្រ)។
ដោយឡែកខេត្ដសៀមរាប ចេញដំណើរពីខេត្តសៀមរាប ទៅរាជធានីភ្នំពេញ តាមពេលវេលា និងទីកន្លែង ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ ចេញដំណើររៀងរាល់ម៉ោង០៦៖៣០នាទី ដល់ម៉ោង១១៖៣០នាទី ។ទីតាំង ចេញដំណើរ មណ្ឌលរដ្ឋបាលមន្ទីរខេត្តសៀមរាប៕