ដោយ៖ភ្នំដងរ៉ែក
ឧត្តរមានជ័យ៖ យន្តការប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា គឺជាវេទិកាដ៏សំខាន់ក្នុងការត្រួតពិនិត្យប្រសិទ្ធភាពការងារ និងលើកទិសដៅអភិវឌ្ឍន៍មូលដ្ឋានឱ្យចំគោលដៅ។ នាព្រឹកថ្ងៃចន្ទ ១៣កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ នេះ នៅសាលប្រជុំរដ្ឋបាលក្រុងសំរោង
បានរៀបចំកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាក្រុងសំរោង លើកទី២២ អាណត្តិទី៤។ កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកស្រី អាត ស្រីមុំ ប្រធានក្រុមប្រឹក្សាក្រុង និងមានការចូលរួមផ្ទាល់ពី លោក ផុន ចាន់និល អភិបាល នៃគណៈអភិបាលក្រុងសំរោង ព្រមទាំងសមាជិកក្រុមប្រឹក្សាក្រុង មន្ត្រីរាជការ អាជ្ញាធរសង្កាត់ទាំងប្រាំ និងតំណាងអង្គការសង្គមស៊ីវិលផងដែរ។
អង្គប្រជុំបានពិភាក្សា និងផ្ទៀងផ្ទាត់យ៉ាងហ្មត់ចត់លើរបាយការណ៍សកម្មភាពការងារ ដែលរដ្ឋបាលក្រុងសម្រេចបានក្នុងខែមីនា ឆ្នាំ២០២៦ ជាពិសេសវឌ្ឍនភាពនៃការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ និងការផ្ដល់សេវាសាធារណៈ។ ការពង្រឹងសន្តិសុខ និងសណ្ដាប់ធ្នាប់ ដោយពិភាក្សាលើវិធានការការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងឱកាសត្រៀមរៀបចំសង្ក្រាន្តខាងមុខនេះ និងការគ្រប់គ្រងសណ្ដាប់ធ្នាប់តាមដងផ្លូវសាធារណៈ។ ការដោះស្រាយបញ្ហាប្រឈម ដោយលើកយកបញ្ហាដែលនៅសេសសល់ក្នុងមូលដ្ឋានមកជជែកពិភាក្សាដើម្បីស្វែងរកដំណោះស្រាយរួម ឆ្លើយតបទៅនឹងសំណូមពររបស់បងប្អូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។
ក្នុងឱកាសនោះ ថ្នាក់ដឹកនាំអង្គប្រជុំបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីរាជការ និងកងកម្លាំងទាំងអស់ ដែលបានសហការគ្នាបំពេញភារកិច្ចយ៉ាងសកម្ម នាំមកនូវសមិទ្ធផលរីកចម្រើនជាបន្តបន្ទាប់សម្រាប់ក្រុងសំរោងយើង៕






































