ភ្នំពេញ៖ បុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាកបាហ្សេរ៉ូ ហើយរវល់តែនិយាយទូរស័ព្ទមិនបានមើលមុខ ក៏បានរេចង្កូតបើកឡើងខឿនផ្លូវទៅបុកដើមឈើមួយដើម ដែលស្ថិតនៅតាមបណ្តោយផ្លូវលេខ៥៩៨ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក បណ្តាលឲ្យរថយន្តគៀបជាប់ជាមួយនឹងដើមឈើ ទៅមុខក៏មិនរួច ទៅក្រោយក៏មិនរួច។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២២និង០០នាទីយប់ថ្ងៃទី១០ កុម្ភះ ឆ្នាំ២០១៤។ យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា បុរសដែលជាម្ចាស់រថយន្តប៉ាហ្សេរ៉ូ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2F-1787
ខាងលើ មុនដំបូងឡើយគឺរូបគាត់បានបើកបររថយន្តតាមបណ្តោយផ្លូវលេខ៥៩៨ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនល្មម លុះមកដល់ចំណុចកើតហេតុខាងលើរូបគាត់រវល់តែលើកទូរស័ព្ទនិយាយមិនបានមើលមុខ ក៏បានជ្រុលល្បឿនបើកឡើងខឿនផ្លូវ ហើយរេចង្កូតទៅបុក
ដើមឈើដែលនៅលើដងផ្លូវបាក់រាបដល់ដីអស់ចំនួន១ដើម រីឯរថយន្តត្រូវគៀបជាប់ជាមួយដើមឈើ បណ្តាលឲ្យរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ទៅមុខក៏មិនរួចទៅក្រោយក៏មិនរួច។ ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញចុះធ្វើការអន្តរាគមន៍ស្ទូចយករថយន្តខាងលើទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោករងចាំដោះស្រាយនាពេលក្រោយ៕