សៀមរាប៖មន្ត្រីដែលប្រឡងប្រជែងចូលក្របខណ្ឌជាភ្នាក់ងារគយនិងរដ្ឋាករព្រំដែនចំនួន៣០នាក់ត្រូវបានទទួលការបណ្តុះបណ្តាលបច្ចេកទេសគយនិងរដ្ឋករបឋមជំនាន់ទី១៧ក្រោមអធិបតីភាពលោកឃឹមប៊ុនសុងអភិបាលនៃគណៈភិបាល ខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី១១ ខែ កុម្ភះ ឆ្នាំ២០១៤ នៅសណ្ឋាគារ បូរីអង្គរ.រីស្ប៍ត ខេត្តសៀមរាប ។ លោកសុខសុដារ៉ាប្រធានស្តីទីសាខាគយនិងរដ្ឋាករខេត្តសៀមរាបបានឲ្យដឹងថាសិក្ខាកាមដែលត្រូវទទួលការបណ្តុះបណ្តាល ក្នុងវគ្គបច្ចេកទេសគយនិងរដ្ឋាករបឋមជំនាន់ទី១៧នេះ នៅទូទាំងប្រទេស សរុប ៥០០នាក់ ក្នុងនោះខេត្តសៀមរាប និង ព្រះវិហារ ចំនួន៣០នាក់មានស្រី០៨នាក់។ក្នុងវគ្គបណ្តុះបណ្តាលបច្ចេកទេសគយនិងរដ្ឋាករនេះក៏មានការបំប៉នបច្ចេកទេសយោធាប្រតិព័ទ្ធបន្ថែមជំនាញពាក់កណ្តាលប្រដាប់អាវុធ គឺ ជាមន្ត្រីនគរបាលយុត្តិធម៌ដែលទទួលការបណ្តុះបណ្តាលរយៈពេល០៣ខែ ។
លោកឃឹម ប៊ុនសុងក៏បញ្ជាក់ពីការយកចិត្តទុក ដាក់ខ្ពស់របស់ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាថ្នាក់ដឹកនាំអគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា ក្នុងការប្រឡងជ្រើសរើសភ្នាក់ងារគយ និងរដ្ឋាករ ទូទាំងប្រទេស ដោយឡែកសម្រាប់កូតាខេត្តសៀមរាប-ព្រះវិហារ ។
ម្យ៉ាង ទៀតការបណ្តុះបណ្តាលបច្ចេកទេសគយ និងរដ្ឋាករបឋមជំនាន់ទី១៧នេះ គឺជាការជម្រុញឲ្យមាននូវធនធានមនុស្សលើជំនាញបច្ចេកទេសទាំងនេះ។ លោកអភិបាលខេត្តបានបញ្ជាក់ថា នេះជាការចូលរួមចំណែកបើកទំព័រពុទ្ធិទ្រឹស្តីថ្មីៗដល់ក្មួយៗ ពាក់ព័ន្ធនឹងវិជ្ជាជីវៈហើយក្មួយៗ នឹងទទួលបានផងដែរនូវមូលដ្ឋានចំណេះដឹងបទពិសោធន៍ល្អៗពីបណ្តាគ្រូឧទ្ទេសនាម របស់យើងដែលជាមន្ត្រីជាន់ខ្ពស់ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលមានជំនាញគយ ក៏ដូចជាបានចូលរួមចំណែកកសាងនូវច្បាប់ និងបទបញ្ញត្តិគយកន្លងមក ដែលជាមន្ត្រីរៀមច្បងដែលមានចំណេះដឹង ចំណេះធ្វើ ព្រមទាំងបទពិសោធន៍ការងារខ្ពស់ផងដែរ ។
លោកឃឹមប៊ុនសុងក៏បានលើកឡើងថាដើម្បីឆ្លើយតបតាមតម្រូវការនៃការកសាងសមត្ថភាពការងាររបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ការកសាងធនធានមនុស្សដែលមានសមត្ថភាព និងសីលធម៌វិជ្ជាជីវៈល្អ គឺមានសារសំខាន់ ស្របតាមគោលនយោបាយនៃយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ របស់ រាជរដ្ឋាភិបាល នីតិកាលទី៥ ដែលបានចាត់ទុកការកសាងសមត្ថភាពនិងការអភិវឌ្ឍធនធានមនុស្សជាមុខព្រួញអាទិភាពសំខាន់នៅគ្រប់ដំណាក់កាលនៃផែនការអភិវឌ្ឍជាតិ។តាមរយៈយុទ្ធសាស្ត្រនិងកម្មវិធីអាចអភិវឌ្ឍន៍និងកំណែទម្រង់ទំនើបកម្មរដ្ឋបាលគយ ឲ្យកាន់តែល្អប្រសើរ ឆ្លើយតបទៅនឹងកំណើនជាលំដាប់នៃពាណិជ្ជកម្មអន្តរជាតិ និង ភាពចាំបាច់នៃការជំនួសមន្ត្រីភ្នាក់ងារគយ និងរដ្ឋាករដែលបានចូលនិវត្តន៍ ឬ ទទួលមរណៈភាពផងដែរ ។
លោកបានបន្ថែមថា ការបណ្តុះបណ្តាលមន្ត្រីគយ និងរដ្ឋាករជំនាន់ថ្មីនេះ ធ្វើឡើងស្របនឹងបច្ចុប្បន្នភាពនៃបរិស្ថាន ការងារទំនើបកម្មនៃបច្ចេកវិទ្យាទូរគមនាគមន៍ និងព័ត៌មាន និន្នាការសមាហរណកម្មសេដ្ឋកិច្ច និងសកលភាវូបនីយកម្មផងដែរ ។ ក្រៅពីមានកាយសម្បទាមាំមួន បញ្ញាស្មារតី និងសីលធម៌ វិជ្ជាជីវៈ សមស្របនោះ ត្រូវយល់ដឹងច្បាស់លាស់ពីបញ្ញត្តិទាំងនោះ សម្រាប់ជាតម្រូវការ ក្នុងការបំពេញមុខងារ និង ភារកិច្ចជាប្រចាំរបស់ខ្លួន ។
បន្ថែមពីការងារបណ្តុះបណ្តាលជំនាញ រួមទាំងការហ្វឹកហាត់យោធាប្រតិព័ទ្ធ និង ចំណេះដឹងជាមូលដ្ឋានបឋមនៃវគ្គនេះ ក្មួយៗនឹងទទួលបានឱកាសបន្ថែមទៀត ចូលរួមវគ្គសិក្សាអំពីជំនាញផ្សេងៗ តាមរយៈការចូលរួមក្នុងសិក្ខាសាលាជាតិ និងអន្តរជាតិ វគ្គវិក្រឹតការគយ ។ លោកឃឹមប៊ុនសុង ក៏បានធ្វើការផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ ត្រងត្រាប់ស្តាប់របស់គ្រូឧទ្ទេសរបស់ខ្លួន ដែលបានផ្តល់ចំណេះ ជំនាញ សម្រាប់ការប្រកបវិជ្ជាជីវៈរបស់ខ្លួន ហើយក៏ជាដំណើរលើផ្លូវដ៏វែងឆ្ងាយតទៅមុខទៀត ។
ដើម្បីត្រៀមខ្លួនទទួលនូវបេសកកម្ម ឬ ភារកិច្ចនានា ដោយប្រកាន់ខ្ជាប់ខ្ជួននូវរដ្ឋធម្មនុញ្ញ ច្បាប់ លិខិតបទដ្ឋាន តម្កល់ ផលប្រយោជន៍ជាតិជាធំ មានការសាមគ្គីភាពផ្ទៃក្នុងឲ្យល្អ ផ្លាស់ប្តូរឥរិយាបថការងារ ពីអ្នកគ្រប់គ្រងទៅជាអ្នកផ្តល់សេវាដ៏សក្កិសិទ្ធិ ព្រមទាំងយកចិត្តទុកដាក់បំពេញបេសកកម្មនៅប៉ុស្តិ៍ជួរមុខតាមព្រំដែន គ្រប់គ្រងប្រមូលចំណូលពន្ធ អាករ និងកំរៃគយផ្សេងៗ តាមបទបញ្ញត្តិច្បាប់និងប្រកបដោយនិរន្តភាព
តម្លាភាព និង ប្រសិទ្ធភាព និង បំពេញបេសកកម្មអង្គេតស្រាវជ្រាវបង្ក្រាបបទល្មើសគយ ព្រមទាំងបង្កការងាយស្រួលដល់ពាណិជ្ជកម្មអន្តរជាតិចេញចូលនិងផ្តល់សេវាកម្មប្រកបដោយគុណភាពដល់ធុរជនពាក់ព័ន្ធទៅតាមបទបញ្ញត្តិច្បាប់ ក៏ដូចជាកំអនុលោមភាពផងដែរ ៕