រដ្ឋលេខាធិការក្រសួងបរិស្ថាន បានឧបត្ថម្ភវិទ្យុទាក់ទង ៤០គ្រឿង ជូនមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តកំពត សម្រាប់បម្រើការងារក្នុងពេលចុះល្បាត ដើម្បីគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិ

0

ខេត្តកំពត៖ រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន ទទួលបន្ទុកខេត្តកំពត និងខេត្តកែប លោក នេត្រ ភក្ត្រា បានអញ្ជើញប្រគល់វិទ្យុទាក់ទង ៤០គ្រឿង ជូនដល់មន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តកំពត ដែលកំពុងបំពេញភារកិច្ចការពារ និងអភិរក្សឧទ្យានជាតិព្រះមុនីវង្សបូកគោ កាលពីថ្ងៃទី១៣កញ្ញាឆ្នាំ២០២១។

លោក នេត្រ ភក្ត្រា​ បានមានប្រសាសន៍ថា «បច្ចេកវិទ្យាព័ត៌មាន និងឧបករណ៍សម្រាប់ទំនាក់ទំនងនានា បានដើរតួនាទីសំខាន់ ជាជំនួយដល់មន្ត្រីឧទ្យានុរក្ស ក្នុងការងារគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិ» ដូចជា ការទំនាក់ទំនងគ្នាក្នុងពេលចុះល្បាតព្រៃបានលឿន ដើម្បីស្នើសុំរកអន្តរាគមន៍ សម្រាប់ការទប់ស្កាត់បទល្មើសជាដើម។ លោកថា បច្ចុប្បន្ននេះ កម្ពុជាមានមន្ត្រីឧទ្យានុរក្សចំនួន ១២០០ នាក់ ដែលបាននិងកំពុងការពារ និងអភិរក្សទៅលើផ្ទៃដីប្រមាណ ៧,៣ លានហិកតា ស្មើប្រមាណ ៤១ភាគរយ នៃផ្ទៃដីប្រទេសកម្ពុជា ដែលក្នុងមន្ត្រីឧទ្យានុរក្ស ១ នាក់ ជាមធ្យមត្រូវការពារ និងអភិរក្សផ្ទៃដីជិត ៦ពាន់ហិកតា។

លោក នេត្រ ភក្ត្រា​ បានថ្លែង ចាត់ទុកការប្រើប្រាស់បច្ចេកវិទ្យាទំនើប នឹងអាចឱ្យមន្ត្រីឧទ្យានុរក្សប្រតិបត្តិការការងារបានឆាប់រហ័ស និងកាន់តែមានប្រសិទ្ធភាពខ្ពស់។ លោកបានបញ្ជាក់ថា «កិច្ចការនេះ គឺជាកិច្ចការងារចាំបាច់បំផុតសម្រាប់យើង ពីព្រោះថា ប្រសិនបើយើងមិនមានបច្ចេកវិទ្យាទំនើប ស្របទៅនឹងការរីកចម្រើនបច្ចេកវិទ្យារបស់ពិភពលោកទេនោះ យើងប្រាកដជាមិនអាចដើរតាមទាន់ជនល្មើសនោះទេ ពីព្រោះជនល្មើសក៏បានប្រើប្រាស់បច្ចេកវិទ្យាទំនើប ក្នុងការផ្តល់ព័ត៌មានទៅវិញទៅមក ដើម្បីគេចចេញពីសំណាញ់ច្បាប់។

រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា​  បានថ្លែងអំណរគុណ ចំពោះមន្ត្រីឧទ្យានុរក្សទាំងអស់ ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត តស៊ូជម្នះរាល់ឧបសគ្គទាំងឡាយ និងបំពេញការងារដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់ ដើម្បីបុព្វហេតុបរិស្ថាន និងធានធានធម្មជាតិ។

គួរបញ្ជាក់ថា វិទ្យុទាក់ទង ៤០ គ្រឿងនេះ ត្រូវបានផ្តល់ជូនមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តកំពត បន្ថែមលើសម្ភារមួយចំនួន ដែលបានប្រគល់កាលពីចុងខែសីហាកន្លងទៅ ដែលក្នុងនោះមានឧបករណ៍ដ្រូន និងសម្ភារផ្សេងទៀត ដែលជាតម្រូវការចាំបាច់របស់មន្ត្រីឧទ្យានុរក្ស។

លោករដ្ឋលេខាធិការ បានជំរុញ និងលើកទឹកចិត្តបន្ថែមទៀត ដល់មន្ត្រីឧទ្យានុរក្ស បន្តសិក្សារៀនសូត្របន្ថែមទៀត នូវបច្ចេកវិទ្យាថ្មីៗ ដើម្បីធ្វើទំនើបកម្មខ្លួនឯង និងធ្វើបច្ចុប្បន្នភាពខ្លួនឯង ស្របតាមដំណើរការវិវឌ្ឍ នៃបច្ចេកវិទ្យាព័ត៌មាន៕