អាជ្ញាធរជាតិព្រះវិហារ បានធ្វើពិធីអបអរសាទរខួប១ឆ្នាំ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

0

ខេត្តព្រះវិហារ៖ រដ្ឋលេខាធិការ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោក ហាប់ ទូច បានអញ្ជើញធ្វើជាគណៈអធិបតី ក្នុងពិធីអបអរសាទរខួប១ឆ្នាំ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤​ ដែលបានរៀបចំឡើងដោយអាជ្ញាធរជាតិព្រះវិហារ និងដោយមាន លោក គង់ ពុទ្ធិការ ជាអគ្គនាយកអាជ្ញាធរជាតិព្រះវិហារ ​និងមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ កងកម្លាំងទាំង៣ និងប្រជាពលរដ្ឋប្រមាណ ៥០០នាក់។

រមណីយដ្ឋានប្រាសាទកោះកេរ ស្ថិតក្នុងឃុំស្រយង់ខាងជើង ស្រុកគូលែន ខេត្តព្រះវិហារ ត្រូវបានចុះបញ្ជីជា បេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ (១៧កញ្ញា២០២៣-១៧កញ្ញា២០២៤) តាមរយៈសេចក្តីសម្រេចលេខ 45 COM 8B.8 នៅក្នុងសម័យប្រជុំលើកទី៤៥ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នាទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត។

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ គឺជាខួប១ឆ្នាំ ដែលមហាសមិទ្ធផលដ៏ប្រសើរថ្លៃថ្លានេះ បានបង្ហាញពីកិត្យានុភាពវប្បធម៌ដ៏ខ្ពស់ត្រដែតរបស់កម្ពុជា ក្នុងឆាកអន្តរជាតិ ដែលកើតចេញពីការខិតខំប្រឹងប្រែង ប្រកបដោយវីរភាពជាប់មិនដាច់ និងឥតរាថយរបស់ រាជរដ្ឋាភិបាលកម្ពុជា។

ស្របពេលជាមួយគ្នានេះ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ លោក គង់ ពុទ្ធិការ បានថ្លែងថា ក្នុងរយៈពេល១ឆ្នាំនេះ អាជ្ញាធរបានការពារ ថែរក្សា និងបានអភិវឌ្ឍបន្ថែមជាច្រើន នៅក្នុងរមណីយដ្ឋានប្រាសាទកោះកេរនេះ។ លោកបន្តថា គិតត្រឹមឆ្នាំ២០២៤នេះ កោះកេរ គឺមានអាយុកាល១០៩៦ឆ្នាំហើយ បន្ទាប់ពីបានប្រកាសជារាជធានី ក្នុងសម័យអង្គរដ៏រុងរឿង របស់អាណាចក្រខ្មែរ កាលពីឆ្នាំ៩២៨ ដោយព្រះបាទជ័យវរ្ម័នទី៤។

លោក គង់ ពុទ្ធិការ បានថ្លែងទៀតថា “កោះកេរ” គឺជា រាជធានីខ្មែរបុរាណតែមួយគត់ដែលមានឈ្មោះជាភាសារខ្មែរបុរាណផងហៅថា “ឆោកគ៌គ្យរ” និងឈ្មោះជាភាសាសំស្រ្កឹតផងថា “លិង្ហបុរ”។ បច្ចុប្បន្ន រមណីយដ្ឋានប្រាសាទកោះកេរ មានបុរាណដ្ឋានសរុបចំនួន ១៦៩កន្លែង ក្នុងនោះមានប្រាសាទចំនួន៧៦ និងទីតាំងបុរាណវិទ្យាជាច្រើនទៀត ដូចជា ទីតាំងមនុស្សរស់នៅ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងធារាសាស្ត្រ ពិសេសមានសិលាចារឹកបដិមាធំៗប្រកបដោយកាយវិការរស់រវើក ស្ថិតនៅក្នុងតំបន់ការពារកំណត់ដោយព្រះរាជក្រឹត្យឆ្នាំ២០០៤ និងក្រោយមកបានកែសម្រួលនៅឆ្នាំ២០២០ មានទំហំផ្ទៃដីសរុប ៨៧៩ហិកតា ៤៣អា ដោយមានបែងចែកជា ៣តំបន់ការពារ។

អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ លោក គង់ ពុទ្ធិការ បានបញ្ជាក់ថា អាជ្ញាធរជាតិព្រះវិហារ សង្ឃឹមថា នឹងទទួលបាននូវកិច្ចសហប្រតិបត្តិការបន្តទៀត ជាមួយដៃគូរដែលមានស្រាប់ ហើយទទួលបានដៃគូរថ្មីៗបន្ថែមទៀត ដើម្បីជម្រុញឲ្យសន្ទុះនៃការអភិរក្ស និងអភិវឌ្ឍនៅក្នុងកោះកេរនេះ ឲ្យកាន់តែផុសផុលមួយកម្រិតទៀត។ លោកថា អាជ្ញាធរជាតិព្រះវិហារ ក៏នឹងបន្តសហការជាមួយអាជ្ញាធរខេត្តព្រះវិហារ ដើម្បីកៀរគរការចូលរួមពីវិស័យឯកជន ដើម្បីចូលរួមអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ ក៏ដូចជាការបង្កើត នូវផលិតផលទេសចរណ៍ថ្មីៗបន្ថែមទៀត ផងដែរ។

អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានថ្លែងថា ខេត្តព្រះវិហារ មានផ្ទៃដីសរុប ១៣.៨២១,៧៦ គីឡូមែត្រការ៉េ និងមានប្រជាជនសរុប ២៣ម៉ឺននាក់ ស្ថិតនៅចម្ងាយ ២៩៨គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ និង១៦០គីឡូម៉ែត្រ ពីខេត្តសៀមរាប មានព្រំប្រទល់ជាប់ខេត្តចំនួន៤ គឺខេត្តកំពង់ធំ ខេត្តស្ទឹងត្រែង ខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ និងមានព្រំប្រទល់អន្តរជាតិភាគខាងជើងជាប់នឹងប្រទេសថៃ ប្រវែង ១២៩គីឡូម៉ែត្រ ជាប់នឹងប្រទេសឡាវប្រវែង ១៤០គីឡូម៉ែត្រ ហើយរមណីយដ្ឋានប្រាសាទកោះកេរ ស្ថិតនៅភាគពាយ័ព្យ នៃព្រះរាជាណាចក្រកម្ពុជា មានចម្ងាយប្រមាណ១០០គីឡូម៉ែត្រ ពីក្រុងសៀមរាប ខេត្តសៀមរាប និងមានចម្ងាយ ៣៧០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។

រដ្ឋលេខាធិការ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ​ លោក ហាប់ ទូច បានមានប្រសាសន៍ណែនាំឱ្យអាជ្ញាធរមូលដ្ឋាន និងអាជ្ញាធរជាតិព្រះវិហារ បន្តខិតខំប្រឹងប្រែងអភិរក្សប្រាសាទកោះកេរ នេះ និងប្រាសាទនានាទៀត ក្នុងខេត្តព្រះវិហារ ឲ្យបានល្អប្រសើរ និងត្រូវជំរុញឲ្យមានការគិតគូររកភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ឲ្យមកកំសាន្តនៅតំបន់ប្រាសាទកោះកេរ ឱ្យកាន់តែមានភាពអ៊ូអរ ប្រកបដោយផាសុខភាព និងសុវត្តិភាព ទាំងទៅ ទាំងមក។

គួរបញ្ជាក់ថា នៅក្នុងឱកាសខួប១ឆ្នាំ នៃការចុះរមណីយដ្ឋានប្រាសាទកោះកេរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នេះ ​សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានផ្ញើសារលិខិតកោតសរសើរដោយស្មោះ ជូនចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អាជ្ញាធរជាតិព្រះវិហារ អ្នកជំនាញជាតិ និងអន្តរជាតិ ដែលបានខិតខំព្យាយាមលះបង់ទាំងកម្លាំងកាយ ប្រាជ្ញានិងស្មារតី ប្រកបដោយភាពប៉ិនប្រសប់ និងវិជ្ជាជីវៈខ្ពស់ ពុះពារ ជម្នះ គ្រប់ការលំបាក រហូតសម្រេចបាន នូវសមិទ្ធផលដ៏ធំធេងនេះ៕ដោយ៖ឡុង សំបូរ