សៀមរាប៖ ការិយាល័យប្រជាពលរដ្ឋខេត្តសៀមរាប បានសហការជាមួយរដ្ឋបាលស្រុកអង្គរជុំ ដើម្បីធ្វើការផ្សព្វផ្សាយពីការលើកកម្ពស់អភិបាលកិច្ច ក្នុងការផ្តល់សេវា និង ការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការពង្រឹងតួនាទី ភាកិច្ច និង សម្របសម្រួលដោះស្រាយបណ្តឹង ក្រៅប្រព័ន្ធតុលា ការ
។ ការចុះផ្សព្វផ្សាយនេះ ក៏បានបង្ហាញពីការប្រើប្រាស់កម្មវិធីទូរសព្ទ័ “មតិយើង” ដើម្បីផ្ដល់លទ្ធភាពដល់ប្រជាពល រដ្ឋ ផ្ញើព័ត៌មាន មតិយោបល់ និង រាយការណ៍ពីបញ្ហាផ្សេងៗ ដែលពាក់ព័ន្ធនឹងការគ្រប់គ្រងរដ្ឋបាល និង ការផ្តល់សេវាសាធារណៈនៅថ្នាក់មូលដ្ឋាន ដែលពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់ការិយាល័យប្រជាពលរដ្ឋនៅតាមបណ្ដាក្រុង ស្រុក ។ ដោយមានការចូលរួមពីក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រីរាជការ ក្រុមប្រឹក្សាឃុំ មេភូមិ អាជីវករ ប្រជាពលរដ្ឋ ប្រមាណជា២០០នាក់ ចូលរួម នៅបរិវេណវត្ត ចារឈូក នៅព្រឹកថ្ងៃទី ០២ ខែ តុលា ឆ្នាំ២០២៥នេះ។
លោក នេត ផល្គុណ ប្រធានការិយាល័យប្រជាពលរដ្ឋខេត្តសៀមរាប បញ្ជាក់ថា ការិយាល័យប្រជាពលរដ្ឋ ជាដៃគូនឹងអង្គភាពច្រកចេញចូលតែមួយ គឺដើមី្បបង្កលក្ខណៈងាយស្រួល និងឆ្លើយតបទាន់ពេលវេលាទៅនឹងតម្រូវការ និង សំណូមពររបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសចូលរួមចំណែកក្នុងការទប់ស្កាត់នូវអំពើពុករលួយ។ លោកបន្ថែមថា ការិយាល័យប្រជាពលរដ្ឋ ជាយន្តការអព្យាក្រឹត្យមួយ ដែលត្រូវបង្កើតឡើងនៅរដ្ឋបាលខេត្ត មានតួនាទីជាអ្នកសម្រុះ សម្រួល ដោះស្រាយបណ្ដឹងក្រៅប្រព័ន្ធតុលាការ ពាក់ព័ន្ធ នឹងការផ្តល់សេវាសាធារណៈ និងការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ សំដៅដល់ការលើកកម្ពស់អភិបាលកិច្ចល្អ គណនេយ្យភាព និងបង្កើនជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋាន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ជាមួយគ្នានោះ លោក នេត ផល្គុន បានបង្ហាត់បង្ហាញ អំពីរបៀបប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ (មតិយើង) ដើមី្បមានភាពងាយស្រួលដល់បងប្អូនដែលមានបញ្ហាកើតឡើងនៅក្នុងមូលដ្ឋានខ្លួន ឬ ក៏ភាពមិនពេញចិត្តនិងមិនស្របតាមតម្រូវការរបស់ប្រជាពលរដ្ឋ លើការងារបម្រើសេវាសាធារណៈ និង ការគ្រប់គ្រង ដឹកនាំរបស់បុគ្គលណាម្នាក់ ដោយមានល័ក្ខការណ៍ជាសម្ងាត់ជូនបងប្អូនទៀតផង ពិសេសការប្រើប្រាស់តាមប្រព័ន្ធទូរស័ព្ទ ក៏ជាការកាត់បន្ថយនូវពេលវេលារបស់បងប្អូន ទៅធ្វើការដាក់ពាក្យបណ្តឹងនៅការិយាល័យប្រជាពល រដ្ឋ។
លោកបញ្ជាក់ថា ការិយាល័យប្រជាពលរដ្ឋ គឺស្ថិតនៅជាប់ជាមួយអង្គភាពច្រកចេញចូលតែមួយ ព្រមទាំងមានតុពិសេសជាអចិន្ត្រៃយ៍នៅទីនោះ ព្រមទាំងបានដាក់ប្រអប់សំបុត្រសម្រាប់បញ្ចេញមតិ និង បណ្តឹង នៅតាមទីប្រជុំជន តាមបណ្តាក្រុង ស្រុកផងដែរ ៕






































