ការការពារបូរណភាពទឹកដីរបស់កងទ័ព និងប្រជាជនកម្ពុជា គឺជាកតញ្ញូដ៏ប្រសេីរណាស់សម្រាប់ជាតិ

0

សៀមរាប៖ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ ព្រះប្រធានថេរសភាព្រះពុទ្ធសាសនានៃព្រះរាជាណាចក្រកម្ពុជា និងជាសម្តេចព្រះចៅអធិការវត្តរាជបូណ៌ នៅខេត្តសៀមរាប នៅរសៀលថ្ងៃទី១ខែតុលា ឆ្នាំ២០២៥នេះ និមន្ត ដឹកនាំព្រះមន្រ្តីសង្ឃ ព្រះគ្រូចៅអធិការវត្តក្នុងក្រុងសៀមរាបនិងពុទ្ធបរិស័ទ នៅក្នុងខេត្តសៀមរាប បាននិមន្តទៅសួរសុខទុក្ខ និងនាំំយកសម្ភារៈប្រើប្រាស់មាន ម៉ាស់ អាវភ្លៀង នំ ទៅជូនដល់កងទ័ពជួរមុខ នៅទីបញ្ជាការស្រាល ការពារគីមីសាស្រ្ត ស្ថិតនៅស្រុកស្រអែម ខេត្តព្រះវិហារ និងនៅតំបន់ប្រាសាទតាមាន់ និងបាននិមន្តទៅពិនិត្យមើលវត្តតាមាន់សែនជ័យ ស្ថិតនៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។
សម្តេចព្រះព្រហ្មរតនមុនី ពិន សែម មានព្រះថេរដីការ អរគុណដល់កងកម្លាំងជួរមុខដែលបានខិតខំប្រឹងប្រែងការពារបូរណភាពទឹកដី និងរក្សាសន្តិសុខជូនជាតិមាតុភូមិ។ សម្តេចផ្ទាល់មានព្រះទ័យស្រណោះកងកម្លាំងដែលត្រូវប្រឈមនឹងការលំបាកសព្វបែបយ៉ាង ឆ្ងាយកូន ប្រពន្ធ គ្រួសារសាច់ញាតិ និង ឪពុកម្តាយ ហាលភ្លៀងហាលខ្យល់ ដេីម្បីទឹកដីខ្មែរ និង ប្រជារាស្រ្តខ្មែរបានសុខសាន្ត ។ សម្តេចមានថេរដីកាបន្តថា ការការពារខ្លួន និងការពារទ្រព្យសម្បត្តិ ទឹកដី ព្រមទាំងអាយុជីវិត គឺយេីងត្រូវតែការពារក្នុងករណីមានគេមកបំពាន់ ឬមកឆក់ប្លន់ វាមិនខុសឆ្គងទាំងច្បាប់រដ្ឋ និងច្បាប់សាសនា ។ លេីសពីនេះសម្តេចបន្ថែមថា ការពារទឹកដីនេះ ជាការបំពេញកតញ្ញូដ៏ប្រសេីរណាស់ ហេីយផលនៃកតញ្ញូនេះនឹងនាំឱ្យកងកម្លាំងប្រកបតែនឹងសុខចម្រេីនជានិច្ច។ សម្តេចបានបួងសួងដល់វត្ថុស័ក្តសិទ្ធិទាំងអស់នៅលើលោកសូមជួយថែរក្សាកងកម្លាំងប្រដាប់អាវុធទាំងអស់ឲ្យទទួលបានជោគជ័យលើសត្រូវដែលឈ្លានពាន យកទឹកដីរបស់យើង និងដើម្បីថែរក្សាការពារសុខសន្តិភាព។ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម មានថេរដីកាបញ្ជាក់ថា យើងទាំងអស់គ្នាជាមិត្តរួមគ្នា៣យ៉ាងទាំងព្រះសង្ឃ ពុទ្ធបរិស័ទ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ទី១ គឺរួមជាតិ ទី២ គឺរួមសាសនា ទី៣ គឺរួមទុក្ខ ។ដូចនេះថ្ងៃនេះ ព្រះសង្ឃ និងពុទ្ធបរិស័ទ បានមកសួរសុខទុក្ខកងទ័ពជួរមុខដែលឈរជើងតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ បានខិតខំប្រឹងប្រែងការពារបូរណភាពទឹកដី ដូចនេះយើងត្រូវតែរួមសុខរួមទុក្ខជាមួយគ្នា ដើម្បីការពារបូរណភាពទឹកដីរបស់យើង ដោយអ្នកខាងក្រោយជួយជ្រុមជ្រេងអ្នកខាងមុខ៕