កំពង់ធំ÷លោកស្រី ឡេង សុឃីម នាយិការងសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ លោកស្រី ឡាក់ សៅចាន់ អនុប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកសណ្តាន់ ក្រុមប្រតិបត្តិសាខា មន្ត្រីអនុសាខា អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា បានចុះធ្វើការអប់រំផ្សព្វផ្សាយ ស្តីពី វិធានការការពារគ្រោះទឹកជំនន់
ទាំងបីដំណាក់កាល ដល់ប្រជាពលរដ្ឋដែលរងប៉ះពាល់ដោយទឹកជំនន់ ក្នុងភូមិរនាម ឃុំមានជ័យ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលមានប្រជាពលរដ្ឋចូលរួមសរុប៨៦នាក់ ស្រីចំនួន៥៣នាក់ នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥ នេះ។
ក្នុងពេលជាមួយនេះផងដែរការចុះអប់រំផ្សព្វផ្សាយនេះ លោកស្រី ឡេង សុឃីម ក៍បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមមានការប្រុងប្រយ័ត្នខ្ពស់ ពិសេសកូនចៅតូចៗ កុំលេងទឹកខ្លាចមានគ្រោះថ្នាក់កើតឡើងជាយថាហេតុ ព្រមទាំងជនងាយរងគ្រោះដូចជាចាស់ជរាគ្មានទីពឹង ជនមានពិការភាព និងក្មេងកំព្រា។ សូមអាជ្ញាធរភូមិ/ឃុំ អ្នកស្ម័គ្រចិត្តត្រូវយកចិត្តទុក្ខដាក់ចុះពិនិត្យផ្ទាល់ និងធ្វើការរាយការណ៍ទៅដល់ថ្នាក់ស្រុកឬផ្តល់ព័ត៌មានទៅអនុសាខាស្រុក ដើម្បីជួយសម្រួលទុក្ខលំបាក់ពិសេសស្បៀង និងជម្រកបណ្តោះអាសន្នក្នុងកំឡុងទឹកជំនន់។
លោកស្រីនាយិការងសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានលើកយកប្រធានបទដែលយកមកអប់រំផ្សព្វផ្សាយនាពេលនេះមានដូចជា÷ វិធានការការពារគ្រោះទុកជំនន់ទាំងបីដំណាក់កាល(មុនពេល កំឡុងពេល ក្រោយពេល)។ ការជួយសង្គ្រោះបឋមជនរងគ្រោះលង់ទឹកនិងវិធីជួយសង្គ្រោះជនរងគ្រោះស្លាក់។ វិធានការការពារជំងឺមិនឆ្លងទាំង៤ប្រភេទ (ជំងឺមហារីក ជំងឺទឹកនោមផ្អែម ជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃជំងឺសរសៃឈាមបេះដូង)។
វិធានការការពារជំងឺគ្រុនឈាម អនាម័យទឹកស្អាត
ជាចុងបញ្ចប់លោកស្រី ឡេង សុឃីម នាយិការងសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ សូមណែនាំបន្ថែមទៅដល់វត្តមានរបស់ប្រជាពលរដ្ឋ លោកតា លោកយាយទាំងអស់ យកចិត្តទុកដាក់គិតគូរជាប្រចាំ ពីសុខភាព និងសុវត្ថិភាពផ្ទាល់ខ្លួន ដោយត្រូវចូលរួមរក្សាអនាម័យ ” ហូបស្អាត ផឹកស្អាត រស់នៅស្អាត” ឱ្យបានខ្ជាប់ខ្ជួន ដើម្បីចៀសផុតពីជំងឺទាំងឡាយទាំងពួងក្នុងបរិបទសង្គមបច្ចុប្បន្ន។






































