កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្ដម អ៊ុន ចាន់ដា បានថ្លែងថា ព្រឹត្តិការណ៍ដើរដើម្បីសន្តិភាព បានបង្ហាញនូវស្មារតីរួបរួមកម្លាំងសាមគ្គី ប្រឆាំងតទល់នឹងការឈ្លានពានបូរណភាពទឹកដីកម្ពុជា ការថ្លែងបែបនេះក្នុងព្រឹត្តិការណ៍«ដើរពិភពលោក World
Walking Day» ក្រោមប្រធានបទ៖ «ដើរដើម្បីសន្តិភាព Walk For Peace» នៅក្រុងកំពង់ចាម នាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥ ក្រោមវត្តមាន ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងថ្នាក់ដឹកនាំ ព្រះមន្ត្រីសង្ឃ រួមទាំងមហាជនប្រមាណជា៦០០០អង្គ/នាក់ ។
ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ព្រឹត្តិការណ៍ថ្ងៃនេះ បានបង្ហាញនូវស្មារតីរួបរួមកម្លាំងសាមគ្គីជាមួយវីរៈកងទ័ពកម្ពុជា ដែលបាននឹងកំពុងប្រយុទ្ធយ៉ាងស្វិតស្វាញ អង់អាចមោះមុត ប្រឆាំងតទល់នឹងការឈ្លានពានបូរណភាពទឹកដីកម្ពុជា និងជាសម្លេងប្រាប់ពិភពលោក ថាប្រទេសកម្ពុជា កំពុងទទួលរងការគំរាមកំហែងដល់អធិបតេយ្យរបស់ការឈ្លានពាន វាយប្រហារឥតញញើត មួយលើក ជាពីរលើករបស់ថៃ មកលើកម្ពុជា។
ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានសង្កត់ធ្ងន់ថា តាមរយៈស្មារតីនៃការនិមន្ត និងអញ្ជើញចូលរួមរបស់ព្រះករុណាគ្រប់ព្រះអង្គ លោក ឯកឧត្តម លោកឧកញ៉ា លោកស្រី បងប្អូនប្រជាពលរដ្ឋនាថ្ងៃនេះ ពិតជាបាន បង្ហាញអំពីស្មារតីស្រលាញ់សន្តិភាព ត្រូវការសន្តិភាពជាចាំបាច់ មិនតែប៉ុណ្ណោះព្រឹត្តិការណ៍ថ្ងៃនេះនឹង បង្ហាញឱ្យពិភពលោកឃើញច្បាស់ថា ប្រជាជនកម្ពុជាស្រលាញ់សន្តិភាព កម្ពុជាត្រូវការសន្តិភាព។ កម្ពុជាបានឆ្លងកាត់សង្គ្រាមជាច្រើនទសវត្សរ៍ ប្រជាជនកម្ពុជាស្គាល់ច្បាស់តម្លៃសន្តិភាព សន្តិភាព និងស្ថិរភាពជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍន៍ប្រទេសប្រកបដោយចីរភាព ៕






































