សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញចែកអំណោយសម្រាលការលំបាកដល់ប្រជាជនរងគ្រោះដោយទឹកជំនន់ ១,៨០០គ្រួសារ នៅខេត្ដត្បូងឃ្មុំ

0

ត្បូងឃ្មុំ: សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញចែកអំណោយមនុស្សធម៌ ជួយសម្រាលការលំបាក ដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ចំនួន ១,៨០០ គ្រួសារ មកពីភូមិចំនួន ១៤ នៃឃុំជីរោទិ៍ទី១ ឃុំទន្លេបិទ និងឃុំបឹងព្រួល ក្នុងស្រុកត្បូងឃ្មុំ ដែលបានធ្វើឡើងនាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥ នៅបរិវេណដីទួលសុវត្ថិភាព ឧកញ៉ា វ័ន ប៊ុនថៃ ស្ថិតនៅភូមិ ព្រែកតូច ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

ស្ថិតក្នុងឱកាសនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្ញើសារព្រះរាជបន្ទូល និងព្រះសវណីយ៍ របស់ព្រះ មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតា ជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ដែលបានផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកដល់ជ្រាលជ្រៅ ចំពោះប្រជារាស្ត្រ ជាកូន ជាចៅ ចៅទួត របស់ព្រះអង្គ រួមជាមួយការសោកស្តាយ ដែលគ្រោះធម្មជាតិទឹកជំនន់ បានប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន។

ជាមួយគ្នានោះដែរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់ថែទាំសុខភាពឲ្យបានល្អ ដោយត្រូវ ផ្លាស់ប្តូរឥរិយាបថក្នុងការរស់នៅ និងការហូបចុកដោយ ត្រូវមានអនាម័យជានិច្ច។ ក្នុងនោះដែរ សូមប្រុងប្រយ័ត្ន ចំពោះកុមារតូចៗ ដែលប្រឈមនឹងគ្រោះថ្នាក់ដោយការ លង់ទឹកជាយថាហេតុ និងប្រុងប្រយ័ត្នចំពោះសត្វ អសិរពិសផងដែរ។

គួរបញ្ជាក់ថា អំណោយសម្រាលការលំបាកដល់ប្រជាជនរងគ្រោះដោយទឹកជំនន់ទាំង ១,៨០០គ្រួសារ ដោយក្នុងគ្រួសារៗ ទទួលបានរួមមាន៖ អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង ទឹកស៊ីអ៊ីវ ១យួរ ទឹកត្រី ១យួរ ប្រេងឆា ១ដប សាប៊ូដុសខ្លួន ១ដប ម្សៅសាប៊ូ ២កញ្ចប់ ឃីត ១កញ្ចប់ និងថវិកាចំនួន ៥ម៉ឺនរៀល ៕