យុវជន ខ២៦.១ ខេត្តកំពង់ធំ ប្តេជ្ញាចិត្តអនុវត្តគ្រប់ភារកិច្ចតាមបទបញ្ជារបស់សម្តេចប្រធាន ដេីម្បីដណ្តេីមយកជ័យជម្នះជូនគណបក្សប្រជាជនកម្ពុជា

0

កំពង់ធំ: នៅព្រឹកថ្ងៃអាទិត្យ ទី៥ ខែតុលា ឆ្នាំ២០២៥ គណៈកម្មការខ២៦.១ ខេត្តកំពង់ធំ បានរៀបចំពិធីជួបជុំសំណេះសំណាល និងប្រគល់ភារកិច្ច ជូនយុវជនរបស់គណៈកម្មការខ២៦.១ ដែលពិធីនេះប្រារព្ធធ្វើឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ ស្ថិតក្រោមអធិបតីភាពឯកឧត្តម សោម ស៊ុន សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត និងជាប្រធានគណៈកម្មការខ២៦.១ ខេត្តកំពង់ធំ ។

លោក សោម សុភាវុធ ប្រធានយុវជនខ២៦.១ ខេត្តកំពង់ធំ បានឡើងធ្វើរបាយការណ៍ស្ដីអំពី បច្ចុប្បន្នភាព និងការកសាងពង្រីកសមាជិកយុវជន ក្នុងជួរគណៈកម្មការខ២៦.១ ខេត្តកំពង់ធំ និងបានបញ្ជាក់ជូនអំពីរចនាសម្ព័ន្ធចាត់តាំង របស់គណៈកម្មការយុវជនខ២៦.១ ក្នុងការបំពេញភារកិច្ច តាមការណែនាំរបស់ថ្នាក់ដឹកនាំយុវជនថ្នាក់កណ្ដាល ។

ឯកឧត្តម សោម ស៊ុន សមាជិកអចិន្ត្រៃយ៍គណៈបក្សខេត្ត ប្រធានគណៈកម្មការខ២៦.១ ខេត្តកំពង់ធំ បានថ្លែងអំណរគុណចំពោះ ការរៀបចំរចនាសម្ព័ន្ធចាត់តាំងក្រុមយុវជន គណៈកម្មការខ២៦.១ ដែលបច្ចុប្បន្នមានការរីកចម្រេីនទាំងបរិមាណ និងគុណភាពគួរជាទីមោទនៈ ដោយអនុវត្តតាមលក្ខន្តិកៈរបស់គណបក្ស តាមរយៈការប្រជុំជីវភាពបក្ស និងការជួបសំណេះសំណាល និងប្រគល់ភារកិច្ចតាមក្រុមបក្សនិមួយៗ ប្រកបដោយគុណភាព និងការទទួលខុសត្រូវខ្ពស់ ។

ឯកឧត្តម សោម ស៊ុន បានប្រគល់ភារកិច្ចជូនថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងយុវជន នៃគណៈកម្មការខ២៦.១ ត្រូវបន្តយកចិត្តទុកដាក់លើភារកិច្ចសំខាន់ៗមួយចំនួនដូចខាងក្រោម៖
ទី១ ត្រូវស្មោះត្រង់ចំពោះជាតិ សាសនា និងព្រះមហាក្សត្រ។
ទី២ យុវជននៃគណៈកម្មការខ២៦.១របស់យើង ទាំងអស់គ្នា ត្រូវស្មោះត្រង់ដាច់ខាត ចំពោះគណបក្សប្រជាជនកម្ពុជា និងគោរពយ៉ាងម៉ឺងម៉ាត់ តាមលក្ខន្តិកៈរបស់គណបក្ស និងការដឹកនាំដ៍ត្រឹមត្រូវរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជា ។
ទី៣ ត្រូវបន្តបំពេញតួនាទី ភារកិច្ច ដែលថ្នាក់ដឹកនាំគណបក្សខេត្ត និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃគណបក្សប្រជាជនកម្ពុជា បានប្រគល់ជូន និងត្រូវត្រៀមខ្លួនគ្រប់កាលៈទេសៈ ក្នុងការអនុវត្តតាមបទបញ្ជារបស់សម្ដេចប្រធានគណបក្ស ដើម្បីដណ្ដើមយកជ័យជំនះជូនគណបក្សប្រជាជនកម្ពុជា នៅគ្រប់ដំណាក់កាល និងគ្រប់ពេលវេលា ។
ទី៤ ត្រូវគោរពវិន័យ និងអនុវត្តន៍ របៀបរបបការងាររបស់គណបក្ស ឲ្យបានមុឺងម៉ាត់ ។ ភាគតិចគោរពភាគច្រើន និងបុគ្គលជាអ្នកទទួលខុសត្រូវ ។
និងទី៥ត្រូវសាមគ្គីភាព ឯកភាពផ្ទៃក្នុង ឱ្យកាន់តែល្អប្រសេីរឡេីងថែមទៀត ។

លោក សោមស៊ុន ធារ៉ា អនុប្រធានអចិន្ត្រៃយ៍យុវជនគណៈកម្មការខ២៦.១ ខេត្តកំពង់ធំ បានឡើងប្ដេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ក្នុងការគោរពប្រតិបត្តិតាមលក្ខន្តិកៈរបស់គណបក្សប្រជាជនកម្ពុជា ហើយប្ដេជ្ញាចិត្តក្នុងការដឹកនាំពង្រីក សមាជិក សមាជិការយុវជនខ២៦.១ ឱ្យមានការរីកចម្រើន មានទាំងបរិមាណ និងគុណភាព ព្រមទាំងធ្វើសកម្មភាពនៅតាមមូលដ្ឋាននានា តាមការចាត់តាំង និងប្រគល់ភារកិច្ចរបស់ថ្នាក់ដឹកនាំ ដើម្បីចលនាយុវជន និងប្រជាជន ចូលរួមគាំទ្រគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ឱ្យទទួលបានជោគជ័យក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំ២០២៧ និងការបោះឆ្នោតសកលនៅឆ្នាំ២០២៨ ៕