កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានណែនាំឱ្យមន្ត្រី ពាក់ព័ន្ធ ធ្វើរបាយការណ៍ឱ្យបានច្បាស់លាស់ ដើម្បីស្នើសុំអន្តរាគមន៍ពីថ្នាក់ជាតិ បន្ទាប់ពីគ្រោះ ទឹកជំនន់បណ្តាលឱ្យប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋ ជិត៥០០០គ្រួសារ ថ្លែងបែបនេះក្នុង កិច្ចប្រជុំ
ត្រួតពិនិត្យស្ថានភាពផលប៉ះពាល់ទឹកជំនន់ទន្លេមេគង្គ នាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ ។
បើតាមលោក គន់ សុភា អភិបាលរងខេត្តកំពង់ចាម បានឱ្យដឹងថា រហូតមកដល់ថ្ងៃទី៨ តុលា ២០២៥នេះ គ្រោះទឹកជំនន់ទន្លេមេគង្គ និងទឹកភ្លៀងនៅក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ផល ប៉ះពាល់មានចំនួន ៨ស្រុក (លើកលែងតែក្រុងកំពង់ចាម-ស្រុកចំការលើ) បណ្តាលឱ្យប៉ះពាល់ ដល់ប្រជាពលរដ្ឋ ៤,៨៨៤គ្រួសារ ស្មើនឹង ៣,១៤០ខ្នងផ្ទះ ក្នុងនោះប្រជាពលរដ្ឋដែលបានជម្លៀស ទៅកាន់ទីទួលសុវត្ថិភាពចំនួន ៦២គ្រួសារ ។
ជាមួយគ្នានោះដែរ បានធ្វើឱ្យបាក់ច្រាំងទន្លេ ១៧លើក ស្មើនឹង ៥,៩៧៥ម៉ែត្រ ត្រូវបង្ខំចិត្តរុះរើផ្ទះ ១២ខ្នង និងត្រៀមរុះរើ ៣ខ្នង និងប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់កៅស៊ូ ផ្លូវបេតុង និងផ្លូវដី សរុប ១៣០,៥៩៨ ម៉ែត្រ និងស្ពាន ២១កន្លែង ជាមួយគ្នានោះប៉ះពាល់ដំណាំស្រូវ ៥,២៩៣ហិកតា និងដំណាំរួមផ្សំ ៦៧៣ ហិកតាផងដែរ ។
បន្ទាប់ពីបានស្តាប់ស្ថានភាព អំពីផលប៉ះពាល់ នៃគ្រោះទឹកជំនន់នេះ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានណែនាំដល់មន្ត្រីជំនាញ នៃមន្ទីរអង្គភាពពាក់ព័ន្ធ ក៏ដូចជាអភិបាលស្រុក ដែលរងផលប៉ះពាល់នៃទឹកជំនន់នោះ ត្រូវរៀបចំឯកសារឱ្យបានច្បាស់លាស់ និងឆាប់រហ័ស ដើម្បីស្នើសុំទៅគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយ សម្រាប់ធ្វើការស្តារឡើងវិញ ៕






































