ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនស្រុកស្ទោង បានលើកឡើងថា ការផ្ដល់ថវិកាបេឡាមរណៈសង្គ្រោះ គឺការគិតគូរយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលដល់គ្រួសារពលី និងអតីតយុទ្ធជន

0

កំពង់ធំ÷ លោក សាយ គឹមឡម ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនស្រុកស្ទោង បានលើកឡើងដូច្នេះនៅក្នុងឱកាសដែលលោក និងសហការីបានអញ្ជើញ សំណេះសំណាល សួរសុខទុក្ខ រំលែកទុក្ខ និងប្រគល់ថវិកា បេឡាមរណសង្គ្រោះជូនដល់គ្រួសារពលី នៅភូមិលាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥។

ឆ្លៀតក្នុងឱកាសនេះ លោកបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ជាប្រធានសមាគមអីតយុទ្ធជនកម្ពុជា ដែលសម្ដេចមានការគិតគូរយកចិត្តទុកដាក់ខ្ពស់បំផុតដល់សុខទុក្ខ សុខុមាលភាពជីវភាពពុកម៉ែបងប្អូនប្រជាពលរដ្ឋទូទៅ ជាពិសេសគ្រួសារអតីតយុទ្ធជន គ្រួសារពលីដែលបានពលីនូវសាច់ស្រស់ ឈាមស្រស់ដើម្បីបុព្វហេតុជាតិមាតុភូមិ ក្នុងកាលៈទេសៈដែលប្រទេសជាតិជួបនូវសង្គ្រាម ឆ្លៀតពានពីបច្ចាមិត្ត។

ជាមួយគ្នានេះលោកបានសម្ដែងនៅសមានចិត្តចូលរួមរំលែកទុក្ខជាមួយគ្រួសារសពដែលបានបាត់បង់នូវសាច់ញាតិជាទីស្រឡាញ់ដែលមិនអាចវិលត្រឡប់ជួបមុខគ្នាតទៅទៀត និងបានណែនាំដល់អាជ្ញាធរភូមិ/ឃុំ ត្រូវបង្កើនការយល់ចិត្តទុកដាក់ថែមទៀតដល់គ្រួសារពលីឬគ្រួសារអតីតយុទ្ធជន ដើម្បីមានការចូលរួមជួយសង្គ្រោះ និងការផ្ដល់នូវសេវាផ្សេងៗផងដែរ។

សូមបញ្ជាក់ថា ថវិកាដែលប្រគល់ជូននៅពេលនេះមានចំនួន៤លានរៀល ជូនដល់ម្ដាយគ្រួសារអ្នកស្រី ចុត ឡប
ដែលត្រូវជាម្តាយរបស់ជនពលី ឈ្មោះ អ៊ាន ជា ដែលបានទទួលមរណៈភាពកាលពីថ្ងៃទី០ ៤ ខែតុលាឆ្នាំ ២០២៥៕