ខេត្តសៀមរាប: សហការជាមួយរដ្ឋបាលក្រុងរុនតាឯក បើកវគ្គផ្សព្វផ្សាយស្តីពីតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់ការិយាល័យ ប្រជាពលរដ្ឋរាជធានី ខេត្ត និង របៀបប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ (មតិយើង) ដល់មន្ត្រីការិយាល័យជុំវិញក្រុង ក្រុមប្រឹក្សាក្រុង សង្កាត់ មេ
ភូមិ សហភាពសហពន្ធ័យុវជនកម្ពុជា អាជីវករក្នុងក្រុងរុនតាឯកតេជោសែន ប្រមាណជាង១០០នាក់ នៅថ្ងៃទី០៨ ខែ តុលា ឆ្នាំ២០២៥ ដើម្បីលើកកម្ពស់អភិបាលកិច្ចក្នុងការផ្តល់សេវា និង ការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលធ្វើនៅបរិវេណវត្ត រុន សង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប ។
បន្ទាប់ពីកិច្ចស្វាគមន៍របស់លោកប្រធានក្រុមប្រឹក្សាក្រុង និងការធ្វើបទបង្ហាញរបស់វាគ្មិនពីអនុក្រិត្យលេខ ១៩ អនក្រ និង ពីរបៀបរបបធ្វើការងាររបស់ការិយាល័យប្រជាពលរដ្ឋ និង ការប្រើប្រាស់កម្មវិធីទូរសព្ទ័ “មតិយើង” រួចមក លោក នេត ផល្គុណ ប្រធានការិយាល័យប្រជាពលរដ្ឋខេត្តសៀមរាប បញ្ជាក់ថា ការចុះផ្សព្វផ្សាយនេះ ក៏បានបង្ហាញពីការប្រើប្រាស់កម្មវិធីទូរសព្ទ័ “មតិយើង” ដើម្បីផ្ដល់លទ្ធភាពដល់ប្រជាពលរដ្ឋ ផ្ញើព័ត៌មាន មតិយោបល់ និង រាយការណ៍ពីបញ្ហាផ្សេងៗ ដែលពាក់ព័ន្ធនឹងការគ្រប់គ្រងរដ្ឋបាល និង ការផ្តល់សេវាសាធារណៈនៅថ្នាក់មូលដ្ឋាន ដែលពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់ការិយាល័យប្រជាពលរដ្ឋនៅតាមបណ្ដាក្រុង ស្រុកនីមួយៗ ។
លោកគូសបញ្ជាក់ទៀតថា ការិយាល័យប្រជាពលរដ្ឋ ជាដៃគូនឹងអង្គភាពច្រកចេញចូលតែមួយ គឺដើមី្បបង្កលក្ខណៈងាយស្រួល និងឆ្លើយតបទាន់ពេលវេលាទៅនឹងតម្រូវការ និង សំណូមពររបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសចូលរួមចំណែកក្នុងការទប់ស្កាត់នូវអំពើពុករលួយ។ លោកបន្ថែមថា ការិយាល័យប្រជាពលរដ្ឋ ជាយន្តការអព្យាក្រឹត្យមួយ ដែលត្រូវបង្កើតឡើងនៅរដ្ឋបាលខេត្ត មានតួនាទីជាអ្នកសម្រុះសម្រួល ដោះស្រាយបណ្ដឹងក្រៅប្រព័ន្ធតុលាការ ពាក់ព័ន្ធ នឹងការផ្តល់សេវាសាធារណៈ និងការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ សំដៅដល់ការលើកកម្ពស់អភិបាលកិច្ចល្អ គណនេយ្យភាព និងបង្កើនជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋាន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ៕






































